• 2015-10-22 21:42:37
  • ប្រដាល់

ពេជ្រ សីហា ខក​ខាន​កម្មវិធី​លុយ​ធំ២ បាន​ត្រឹម​មិត្ត​ភាព​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ

  • 2015-10-22 21:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មុខ​តាន់ ពេជ្រ សីហា បាន​ខក​ខាន​កម្មវិធី​ប្រកួត​អន្តរជាតិ​ដែល​មាន​ប្រាក់​រង្វាន់​ធំ​ពីរ គឺ Thai Fight នៅ​ប្រទេស​វៀតណាម​ថ្ងៃ​ទី២៤ នេះ និង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅ​បាងកក​នា​ថ្ងៃ​ទី២៥ ដោយ​ជំនួស​មក​វិញ​បាន​ត្រឹម​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​លើ​សង្វៀន​​បាយ័ន​​នា​​ថ្ងៃ​អាទិត្យ។

 

កីឡាករ​ ពេជ្រ សីហា

 

ដំបូង​ឡើយ​ខាង​ភាគី​រៀបចំ​ការ​ប្រកួត Thai Fight បាន​ទាក់ទង ពេជ្រ សីហា ឲ្យ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​វៀតណាម​ដូច​គ្នា​នឹង​​​កីឡាករ កែវ រំចង់ នៅ​ថ្ងៃ​ទី២៤ នេះ​ដែរ ប៉ុន្តែ​ដោយសារ​គេ​ឲ្យ​ប្រកួត​​ក្នុង​​គីឡូ៦៥ ហើយ សីហា ត្រូវ​សម្រក​មក​ដល់​គីឡូ៦៧ ទើប​មិន​អាច​ចូល​រួម​បាន។ ចំណែក​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​មួយ​ទៀត​​នៅ​បាងកក​ក៏​ត្រូវ​ខក​ខាន​ដូច​គ្នា ដោយសារ​រត់​ឯកសារ​យឺត​ពេក ទើប​ត្រូវ​ប្ដូរ​កីឡាករ​ថ្មី។

 

សីហា បាន​បញ្ជាក់​ថា ​ការ​ខក​ខាន​ប្រកួត​ក្រៅ​ប្រទេស​នេះ ធ្វើ​ឲ្យ​រូប​គេ​បាត់​បង់​លុយ​ធំ​នៅ​ចំពោះ​មុខ។ អ្នក​ប្រដាល់​មក​ពី​ពី​ខេត្ត​តាកែវ​រូប​នេះ ធ្លាប់​ឡើង​សង្វៀន Thai Fight កាល​ពី​ដើម​ខែ​មេសា​ម្ដង​រួច​មក​ហើយ ដោយ​ទទួល​បាន​តម្លៃ​ខ្លួន១៥០០​ដុល្លារ ប៉ុន្តែ​លើក​នេះ​ប្រសិន​បើ​បាន​ទៅ​ប្រាកដ​ជា​អាច​ឡើង​ដល់ ២​ពាន់​ដុល្លារ​ដូច កែវ រំចង់។

 

ចំណែក​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​បាយ័ន កីឡាករ ពេជ្រ សីហា ត្រូវ​ប៉ះ​កីឡាករ​ថៃ Khom Pichit។ សីហា បាន​អះ​អាង​ថា រូប​គេ​កំពុង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង និង​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ប្រកួត​នេះ បើ​ទោះ​បី​មិន​ទាន់​ស្គាល់​ប្រវត្តិ​កីឡាករ​ថៃ​ច្បាស់​ក្ដី៕ ​ ​​​​

​អត្ថបទ៖ គង់ វិសាល

មតិយោបល់