• 2015-09-25 23:22:11
  • ប្រដាល់

អ៊ុំ ចំរើន សម្រក់​ញើស​ឈាម​លើ​សង្វៀន​ទិញ​បាន​ម៉ូតូ​ធំ​តម្លៃ​ជិត៦​ពាន់​ដុល្លារ

  • 2015-09-25 23:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង អ៊ុំ ចំរើន បាន​សន្សំ​លុយ​ពី​អាជីព​ប្រដាល់ និង​ការងារ​បន្ទាប់​បន្សំ​ផ្សេង​ទៀត រហូត​អាច​ទិញ​បាន​ម៉ូតូ​ធំ​មួយ​គ្រឿង​​ម៉ាក CBR កម្លាំង ៦០០CC តម្លៃ​ជិត ៦​ពាន់​ដុល្លារ ដែល​កម្រ​មាន​កីឡាករ​ប្រដាល់​​ណា​ធ្វើ​បាន។

 

កីឡាករ​វ័យ​ក្មេង អ៊ុំ ចំរើន

 

អ៊ុំ ចំរើន ជា​កីឡាករ​ប្រដាល់​​ម្នាក់​ដែល​​តស៊ូ​ទាំង​ក្នុង​វិស័យ​កីឡា ការ​រៀន​សូត្រ ក៏​ដូច​ជា​ការងារ​បន្ទាប់​បន្សំ​ផ្សេង​ទៀត។ ប្រមាណ​​ជិត​ពីរ​ខែ​មុន រូប​គេ​បាន​​ប្រើ​លុយ​សន្សំ​ផ្ទាល់​ខ្លួន​ពី​ការ​ឡើង​ប្រកួត លុយ​លេង​តុងទីន ព្រម​ទាំង​ខ្ចី​ម្ដាយ​ខ្លះ ​បង្គ្រប់​ទិញ​បាន​ម៉ូតូ​ម៉ាក CBR កម្លាំង ៦០០CC មួយ​គ្រឿង​ដែល​មាន​តម្លៃ​ជិត ៦​ពាន់​ដុល្លារ។

 

ក្រោយ​​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គួប៊ូតា​លើ​​សង្វៀន​បាយ័ន ជាមួយ​ទឹក​ប្រាក់ ១០​លាន​រៀល​ កាល​ពី​ដើម​កញ្ញា​នេះ ចំរើន បាន​យក​លុយ​ទៅ​សង​ម្ដាយ​វិញ​ទាំង​អស់។ ចំរើន បាន​ប្រាប់ Sabay ថា ៖ "បាទ​បង... លុយ​ហ្នឹង​បាន​ពី​វ៉ៃ​ដណ្ដើម​ខ្សែ​ក្រវាត់​ខ្លះ លេង​តុងទីន លុយ​ធ្វើការ​ខ្លះ និង​យក​លុយ​​យក​ពី​ម៉ាក់​ខ្លះ ផ្សំ​គ្នា... តែ​ពេល​វ៉ៃ​ឈ្នះ​ខ្សែ​ក្រវ៉ាត់​​ហើយ ខ្ញុំ​យក​ទៅ​ឲ្យ​គាត់​វិញ​ទាំង​អស់​ហ្នឹង"។

 

ម៉ូតូ​ CBR កម្លាំង ៦០០CC របស់​អ៊ុំ ចំរើន (រូបថត៖ ចំរើន)

 

កីឡាករ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ឡើង​វ៉ៃ​តាំង​ពី​តម្លៃ​ខ្លួន១០​ម៉ឺន​រៀល​រូប​នេះ បាន​បញ្ជាក់​​ថា គេ​មាន​ជំនាញ​ច្រើន​ទៀត​ក្រៅ​ពី​អាជីព​​ប្រដាល់ ព្រោះ​ចូល​ចិត្ត​រៀន​សូត្រ​អ្វី​ដែល​ប្លែក​ៗ។ ទំនេរ​ពី​ការ​ប្រកួត ចំរើន បាន​ធ្វើការ​ជា​អ្នក​កាត់​ស្បែក​ជើង គ្រាន់​បាន​លុយ​ខ្លះ​មក​បំពេញ​ក្រពះ ហើយ​កំពុង​​សហការ​ជាមួយ​ដៃគូ​បង្កើត​កន្លែង​ចាក់​សាក់​មួយទៀត។ ​

 

​ម្ចាស់​ខ្សែ​ក្រវាត់​គូប៊ូតា បាន​ជួប​ភាព​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​ប្រដាល់ ប៉ុន្តែ​បែរ​ជា​បរាជ័យ​លើ​ការ​សិក្សា​ក្នុងនោះ​ធ្លាក់​បាក់​ឌុប​ពីរ​ឆ្នាំ​ជាប់​គ្នា ដោយសារ​​ចំណាយ​ពេល​លើ​ការ​ហ្វឹក​ហាត់​ខ្លាំង​ត្រៀម​ដណ្ដើម​ខ្សែ​ក្រវាត់ ទើប​ធ្វើ​ឲ្យ​គេ​ប្រលង​ធ្លាក់​បាក់​ឌុប​ឆ្នាំ​២០១៥។ ទោះ​បែប​នេះ​ក្ដី ចំរើន នៅ​តែ​បង្ហាញ​គោល​ចំហ​ចង់​សិក្សា​បន្ត បើ​ទោះ​បី​អាជីព​ប្រដាល់​អាច​ឲ្យ​គេ​រក​ប្រាក់​ច្រើន រហូត​ទិញ​បាន​ម៉ូតូ​ធំ​ជិះ​ក្ដី៕

 

កីឡា​ករ អ៊ុំ ចំរើន(រូប​ខាង​ស្ដាំ) ជាមួយ​សមាជិក​ក្រុម​ម៉ូតូ​ធំ (រូបថត៖ ចំរើន)

 

ចុចអាន៖ ម្ចាស់​​ខ្សែក្រវាត់​វ័យ​ក្មេង អ៊ុំ ចំរើន ធ្លាក់​បាក់​ឌុប​ពីរ​ឆ្នាំ នៅ​តែ​ស្រេកឃ្លាន​ចង់​រៀន​បន្ត

 

អត្ថបទ៖ គង់ វិសាល

មតិយោបល់