• 2015-09-15 17:41:49
  • ប្រដាល់

ជើង​ខ្លាំងកម្ពុជាជួរ​មុខ​ទាំង​៤​​ប្រាប់​​មូលហេតុ​ចាញ់​អ្នក​​លេង​ឆ្លង​ដែន​​ថៃ Watcharalek

  • 2015-09-15 17:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ថៃ Watcharalek Or. Kwanmueng ត្រូវ​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​​ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់ ព្រោះ​ធ្លាប់​បំបាក់​កីឡាករ​កម្ពុជា​ច្រើន​រូប ដែល​ក្នុង​នោះ​មាន​ដូច​ជា ពេជ្រ សីហា, ឡៅ ស៊ីណាត, បឺត ខាំ, និង​ចុង​ក្រោយ គឺ វង្ស ណយ ដែល​ទើប​រង​បរាជ័យ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ។ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ទាំង​បួន​រូប បាន​រៀប​រាប់​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ចាញ់​កីឡាករ​ថៃ Watcharalek ដូច​ខាង​ក្រោម។

 

 

១. ឡៅ ស៊ីណាត

 

 

ខ្លា​ចាស់ ឡៅ ស៊ីណាត បាន​ចាញ់​កីឡាករ​ឆ្លង​ដែន​ថៃ​ Watcharalek ពីរ​លើក​​ហើយ។ ចាញ់​លើ​ក​ទីមួយ​ក្នុង​ការ​ប្រកួត​មិត្តភាព ឯ​​​​បរាជ័យ​​​លើក​ទីពីរ​ក្នុង​ការ​ប្រកួត​បើក​ឆាក​សន្សំ​ពិន្ទុ​​ដណ្ដើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ទី២ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។ កីឡាករ​ពោរពេញ​ដោយ​បទ​ពិសោធន៍​រូប​នេះ បាន​ប្រាប់ Sabay ថា មូលហេតុ​ដែល​ខ្លួន​ចាញ់ គឺ​ដោយសារ​កីឡាករ​ឆ្លង​ដែន​មក​ពី​ថៃ មាន​​ភាព​ប្រុង​ប្រយ័ត្ន រាងកាយ​វិញ​ក៏​រឹង​មាំ ពិបាក​ឲ្យ​ខ្លួន​វាយ​ចូល​ដើម្បី​យក​ពិន្ទុ។

 

២. បឺត ខាំ

 

 

កីឡាករ​ដៃ​រហ័ស បឺត ខាំ បាន​ចាញ់​កីឡាករ Watcharalek Or. Kwanmueng ​ដោយ​ប្រកួត​ខុស​លក្ខន្តិកៈ​ក្នុង​​ជំនួប​មិត្តភាព​មុន​ដណ្ដើម​ខ្សែ​ក្រវាត់។ កីឡាករ​ដែល​មាន​រហ័ស​នាម​ខ្លា​ចាស់​កំពូល​ល្បិច​រូប​នេះ​បាន​បញ្ជាក់​ថា កីឡាករ Watcharalek មាន​កម្លាំង​ខ្លាំង និង​រឹង​មាំ​ជាង​គូ​ប្រកួត​ធម្មតា ចំណែក​ឯ​ការ​វាយ​ចេញ​ក៏​បាន​ច្រើន​គួរ​សម។ កីឡាករ​ជើង​ខ្លាំង​​ទាំង​ពីរ​នាក់ នឹង​ជួប​ប្រកួត​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​២៧ ខែ​កញ្ញា​ខាង​មុខ ក្នុង​កម្មវិធី​សន្សំ​ពិន្ទុ​​ដណ្ដើម​ខ្សែ​ក្រវាត់​។

 

៣. ពេជ្រ សីហា

 

 

កីឡាករ ពេជ្រ សីហា បាន​ប្រកួត​ចាញ់​កីឡាករ​ថៃ Watcharalek ដោយ​ពិន្ទុ ក្នុង​ជំនួប​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ទី២។ ពេជ្រ សីហា បាន​និយាយ​ប្រាប់ Sabay ថា ចំណុច​ខ្លាំង​របស់​កីឡាករ​ថៃ​រូប​នេះ​គឺ ជំហរ​រឹងមាំ ចូល​វាយ​បាន​កៀក ចាប់​ក្រៀក​ល្អ និង​កម្លាំង​ខ្លាំង។ ​

 

​​​​​៤. វង្ស ណយ

 

 

ផ្ទុយ​ពី​កីឡាករ​បី​រូប​ខាង​លើ ជើង​ខ្លាំង​ប្រើ​កែង វង្ស ណយ បាន​ប្រាប់​ថា កីឡាករ Watcharalek មិន​ជា​ខ្លាំង​ណាស់​ណា​នោះ​ទេ។ មូលហេតុ​ដែល​រូប​គេ​ចាញ់​កាល​ពី​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី៣ នា​ថ្ងៃ​អាទិត្យ​នោះ ក៏​ដោយសារ​មាន​ជំងឺ​ជាប់​ខ្លួន​គឺ​ដុះ​សាច់​ច្រមុះ និង​មិន​បាន​ហាត់​គ្រប់​គ្រាន់។ វង្ស ណយ បាន​បញ្ជាក់​ថា រូប​គេ​មិន​ខ្លាច​ជួប​កីឡាករ Watcharalek Or. Kwanmueng ​ម្ដង​ទៀត​ឡើយ៕

 

ចុចអាន៖ អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ម្នាក់​​ប្រាប់​ហេតុផល​ដែល​ប្រដាល់​កម្ពុជា​មិន​ល្បី​លើ​ឆាក​អន្តរជាតិ

ចុចអាន៖ បញ្ហា​​អសកម្ម​៦​យ៉ាង​​​​ក្នុង​ពិភព​ប្រដាល់​ខ្មែរសព្វ​ថ្ងៃ​នេះ​​

 

អត្ថបទ៖ គង់ វិសាល

មតិយោបល់