• 2015-08-24 15:38:07
  • ប្រដាល់

ម្សិល​​មិញ​​ អ៊ុំ ចំរើន​ វ៉ៃ​ឈ្នះ​​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ថ្ងៃ​​នេះ​​​ត្រូវ​ប្រឡង​បាក់​ឌុប​

  • 2015-08-24 15:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ក្លិប​តាឡីដំរីមានរិទ្ធិ​ អ៊ុំ ចំរើន​ បាន​ឡើង​​ទៅ​វគ្គផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គួប៊ូតា​នៅ​សង្វៀន​បាយ័ន​ បន្ទាប់​ពី​បាន​ប្រកួត​ឈ្នះ​ សូយ យក្សតឿ​ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ហើយ​ថ្ងៃ​​នេះ​រូប​គេ​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ (បាក់ឌុប)​ថែម​ទៀត។

 

អ៊ុំ ចំរើន ជា​កីឡាករ​ប្រដាល់​ម្នាក់​ដែល​ខិត​ខំ​ប្រឹង​ប្រែ​​តស៊ូ​ដើម្បី​ចាប់​អាជីព​ប្រដាល់​ និង​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ទាំង​វ័យ​ក្មេង។ ​ស្រប​​នឹង​ការ​ចាប់​អាជីព​ប្រដាល់​ កីឡាករ​រូប​នេះ​មិន​បោះ​បង់​ចោល​ការ​សិក្សា​ឡើយ​គឺ​នៅ​បន្ត​ការ​សិក្សា​ ទោះ​បី​ជា​ធ្លាក់​បាក់​ឌុប​ម្តង​ហើយ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ។

 

កីឡាករ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​គ្រូ​ ញ៉ូវ​ ម៉ាក់​ នៃ​ក្លិប​តាឡីមានរិទ្ធិ​រូប​នេះ​បាន​ប្រាប់​ Sabay​ ថា​ រូប​គេ​ចាប់​អាជីព​គឺ​ដើម្បី​រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ការ​សិក្សា​ ការ​ចំណាយ​ផ្ទាល់​ខ្លួន​ និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ឪពុកម្តាយ។ ទោះ​បី​ជា​រូបគេ​បាន​ប្រឡង​ធ្លាក់​បាក់​ឌុប​ម្តង​ហើយ​ក្តី​ ប៉ុន្តែ​រូប​គេ​នៅ​តែ​ព្យាយាម​ប្រឡង​ឆ្នាំ​នេះ​​​ទៀត​​ដើម្បី​យក​សញ្ញាបត្រ​បាក់​ឌុប​ឲ្យ​បាន។

 

ទន្ទឹម​នឹង​ការ​សិក្សា​ដែល​ត្រូវ​ប្រឡង​នេះ​ អ៊ុំ ចំរើន នៅ​តែ​​ខំប្រឹងហ្វឹកហាត់​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូប៊ូតា​នៅ​សង្វៀន​បាយ័ន។ ទីបំផុត​លទ្ធផល​របស់​គេ​ទទួល​បាន​គួរ​ជា​ទី​គប់​ចិត្ត​ដោយ​បាន​ឡើង​ដល់​វគ្គផ្តាច់​ព្រ័ត្រ​ហើយ​ បន្ទាប់​ពី​ឈ្នះ​ជើង​ខ្លាំង​រៀម​ច្បង​ សូយ​ យក្សតឿ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ។ តាម​ពិត​រូប​គេ​ធ្លាប់​ចាញ់​ សូយ យក្សតឿ ម្តង​ហើយ​កាល​វគ្គ​សន្សំពិន្ទុ។ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅថ្ងៃទី៦​ ខែ​កញ្ញា​ខាង​មុខ​នេះ​ អ៊ុំ ចំរើន​ ត្រូវ​ជួប​ សរ​ រាជសី ដើម្បី​ប្រជែង​យក​ខ្សែក្រវាត់៕

  វីដេអូ៖ ការ​ប្រកួត​រវាង អ៊ុំ ចំរើន និង សូយ យក្សតឿ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់