- 2015-08-02 16:03:04
- ប្រវត្តិ
កីឡាករល្បីៗ ដែលធ្លាក់ជើងដល់កំពូល ក្រោយជាពីរបួស
- 2015-08-02 16:03:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករល្បីៗ ដែលធ្លាក់ជើងដល់កំពូល ក្រោយជាពីរបួស
ចន្លោះមិនឃើញ
តារាបាល់ទាត់ឆ្នើមខ្លះ បានធ្លាក់ទម្រង់លេងខ្លាំង ក្រោយពេលមានបញ្ហារបួសរ៉ាំរ៉ៃ ហើយទោះជាខិតខំផ្ទេរទៅក្លិបផ្សេងៗទៀតយ៉ាងណាក៏នៅតែមិនអាច ស្វែងរកទម្រង់លេងល្អឡើងវិញបាន។ ខាងក្រោមនេះ គឺជាកីឡាករល្បីៗ៥រូប ដែលធ្លាប់ខ្លាំង ប៉ុន្តែបែរជាធ្លាក់ជើងស្ទើរមិនគួរឲ្យជឿវិញ ក្រោយពេលជាពីរបួស។
ចង់ដឹងមាននរណាខ្លះ សូមតាមដានដូចខាងក្រោម៖
១. Michael Owen
អតីតខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ឡើងជើងខ្លាំងមែនទែន កាលនៅក្រុម Liverpool ដោយចូលលេងបាន២១៦ប្រកួត និងស៊ុតបាន១១៨គ្រាប់ ដោយក្លាយជាវីរបុរសក្លិបហង្សក្រហមទៀតផង។ ក្រោយមកបានផ្ទេរទៅ Real Madrid កាលឆ្នាំ២០០៤ និងលេងបាន១ឆ្នាំគត់ ក៏ផ្ទេរមកអង់គ្លេស លេងឲ្យ Newcastle វិញ ពេលនោះហើយ ដែលកីឡាកររូបនេះ មានបញ្ហារបួសរ៉ាំរ៉ៃមិនចេះអស់ ហើយក្រោយពេលជារបួស ក៏ធ្លាក់ទម្រង់លេងខ្លាំង។
២. Robinho
ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ធ្លាប់លេងឲ្យក្រុមដូចជា Santos, Real Madrid, Manchester City និង AC Milan ប៉ុន្តែកាលឡើងជើងខ្លាំងគឺលេងឲ្យក្រុមស្តេចស Real Madrid នៅចន្លោះឆ្នាំ២០០៥-២០០៨ ក្រោយមកផ្ទេរទៅ Man City ២រដូវកាលដំបូងក៏លេងបានល្អដែរ ប៉ុន្តែក្រោយមកទៀតដោយសារបញ្ហារបួស កីឡាកររូបនេះ បានធ្លាក់ទម្រង់លេងខ្លាំងវិញ។ បច្ចុប្បន្ន Robinho កំពុងលេងឲ្យក្រុម Guangzhou Evergrande របស់ចិន។
៣. Alexandre Pato
Pato គឺជាខ្សែប្រយុទ្ធមានល្បឿនលឿន ពូកែអូស និងមានបច្ចេកទេសល្អ។ កីឡាកររូបនេះ ចាប់ផ្ដើមអាជីពជាមួយក្លិប Internacional កាលឆ្នាំ២០០៦ លេងបាន១០ប្រកួត ស៊ុតបាន៦គ្រាប់។ ក្រោយមក AC Milan ចាប់អារម្មណ៍ក៏ទិញយក ៣រដូវកាលដំបូងនៅ San Siro ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ លេងបានល្អមែនទែន ប៉ុន្តែដោយសាររបួស ទើបរូបគេធ្លាក់ពីជម្រើសដំបូង រហូតផ្ទេរចេញទៅលេង Corinthians កាលឆ្នាំ២០១៣ និងបច្ចុប្បន្នទៅលេងឲ្យ São Paulo (ខ្ចីជើង)។
៤. Fernando Torres
Torres ចាប់ផ្ដើមអាជីពជាមួយក្លិប Atletico Madrid ឈុតធំតាំងពីឆ្នាំ២០០១ ដោយសារទម្រង់លេងល្អ Liverpool ទិញយកកាលឆ្នាំ២០០៧ ហើយរយៈពេល៤រដូវកាលនៅហង្សក្រហម ខ្សែប្រយុទ្ធអេស្ប៉ាញ លេងបានដល់កម្រិតកំពូលតែម្ដង ដោយបង្ហាញខ្លួន ១៤២ប្រកួត ស៊ុតបាន៨១គ្រាប់ និងបានក្លាយជា Hero របស់អ្នកគាំទ្រ Liverpool ទៀតផង។ ប៉ុន្តែដោយសាររដូវកាលចុងក្រោយនៅ Anfield ឆ្នាំ២០១១ Torres មានបញ្ហារបួសច្រើន ស្របពេលផ្ទេរទៅ Chelsea ដែលក្រុមថ្មីផងនោះ ក៏ធ្លាក់ទម្រង់លេងខ្លាំងតែម្ដង។ បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ បានត្រឡប់ទៅក្លិបចាស់របស់ខ្លួន Atletico វិញ។
៥. Radamel Falcao
Falcao គឺជាកំពូលខ្សែប្រយុទ្ធ ដែលធ្លាប់ជាប់រហស្សនាម "Goal Machine” ទៀតផង កាលនៅក្រុម Porto និង Atletico Madrid ដោយនៅ Porto លេងបាន៥១ប្រកួត ស៊ុតបាន៤១គ្រាប់ និងនៅ Atletico លេងបាន៦៨ប្រកួត ស៊ុតបាន៥២គ្រាប់។ ក្រោយមកចុងឆ្នាំ២០១៣ ក៏មានបញ្ហារបួសរ៉ាំរ៉ៃ ហើយក្លិប Monaco របស់បារាំងបានទិញយក លុះដល់រដូវកាល២០១៤-១៥ Man Utd បានខ្ចីជើង តែខ្សែប្រយុទ្ធរូបនេះ បានធ្លាក់ទម្រង់លេងខ្លាំងមែនទែន មិនគួរឲ្យជឿ ដោយ១រដូវកាល ស៊ុតឲ្យបិសាចក្រហម បានតែ ៤គ្រាប់ប៉ុណ្ណោះ។ បច្ចុប្បន្នកីឡាករកូឡុំប៊ីរូបនេះ កំពុងលេងឲ្យក្រុម Chelsea លក្ខណៈខ្ចីជើងផងដែរ៕
-ចុចអាន៖ តើកីឡាករ៣នាក់ណាដែលគ្រូធំអាល្លឺម៉ង់សរសើរ និងចង់ដឹកនាំជាងគេ?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ sportskeeda