• 2015-07-14 17:53:33
  • ប្រវត្តិ​​

អស្ចារ្យ​មែន អ្នក​គាំទ្រ​៤​ម៉ឺន​នាក់​ចូល​រួម​អបអរ​ Tevez ​មក​ស្រុក​កំណើត​វិញ

  • 2015-07-14 17:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប Boca Juniors ​បាន​ធ្វើ​ពិធី​បង្ហាញ​ខ្លួន​កីឡាករ Carlos Tevez ​ហើយ​កាល​ពី​ម្សិលមិញ​នេះ​ ដែល​មាន​អ្នក​គាំទ្រ​ចូល​រួម​អបអរ​៤​ម៉ឺន​នាក់​ បូក​រួម​ទាំង​វីរបុរស​អាហ្សង់ទីន Diego Maradona ​​ផង​ដែរ។

 

 

វត្តមាន​របស់ Tevez ​ដែល​បាន​ពាក់​អាវ​លេខ​១០ ​របស់​ខ្លួន​វិញ​នៅ​ក្លិប Boca ​បាន​ធ្វើ​ឱ្យ​អ្នក​ចូល​រួម​ទស្សនា​ទាំង​អស់​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង បូក​រួម​ទាំង​អតីត​កំពូល​ខ្សែ​ប្រយុទ្ធ Maradona ​ក៏​បាន​លើក​ស្លាក​សញ្ញា​ចូល​រួម​ត្រេកអរ​ក្នុង​ការ​វិល​ត្រលប់​មក​វិញ​នេះ​ផង​ដែរ។

 

ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់ អតីត​កីឡាករ​ Man Utd ​រូប​នេះ​ ​បាន​និយាយ​ទាំង​ក្ដុកក្ដួល​ថា​រូប​គេ​មិន​ដែល​ភ្លេច​ក្លិប​មួយ​នេះ​ទេ ហើយ​ក៏​នៅ​តែ​សង្ឃឹម​ថា​នឹង​អាច​ជួយ​ក្រុម​មួយ​នេះ​ឱ្យ​ខ្លាំង​ដូច​មុន​ដែរ ទោះ​ជា​ពេល​នេះ​រូប​គេ​មាន​វ័យ​ច្រើន​បន្តិច​ហើយ​ក៏​ដោយ។ បន្ថែម​ពី​លើ​នេះ កីឡាករ​វ័យ​៣១​ឆ្នាំ​ ​បាន​ប្រាប់​ទៀត​ថា​ ក្លិប Boca ​ដូច​ជា​គ្រួសារ​របស់​គេ​អីចឹង គ្មាន​ពេល​ណា​ដែល​អាច​ភ្លេច​បាន​នោះ​ទេ ហើយ​អ្នក​គាំទ្រ​នៅ​ទី​នេះ​ទាំង​អស់​ក៏​ដូចជា​បងប្អូន​បង្កើត​របស់​គេ​ដែរ។

 

 

កាល​អាយុ​១៣​ឆ្នាំ ខ្សែ​ប្រយុទ្ធ​ខាង​លើ​បាន​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​ជាមួយ​ក្រុម All Boys ដោយ​កាល​នោះ​រូប​គេ​បាន​ប្ដូរ​ឈ្មោះ​ពី Carlos Alberto Martínez ​ទៅ​ជា​ Carlos Tevez ​។ ហាត់​នៅ​ក្លិប​នេះ​បាន​៤​ឆ្នាំ យុវជន​ឆ្នើម​រូប​នេះ​បាន​ផ្លាស់​ទៅ​ហាត់​នៅ Boca ​ម្ដង​រហូត​ដល់​ឆ្នាំ​២០០១ ​ទើប​ឈាន​ជើង​ចូល​ឈុត​ធំ។ ប្រើ​រយៈ​ពេល​៣​ឆ្នាំ Tevez ​បាន​ជួយ Boca ​ឈ្នះ​ពាន​ជា​ច្រើន​ក្នុង​ការ​បង្ហាញ​ខ្លួន​១១០​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៣៨​គ្រាប់។

 

ក្រោយ​ពី​នោះ​មក​ដល់​ឆ្នាំ​២០០៥ ​កីឡាករ​ខាង​លើ​ក៏​ចាប់​ផ្ដើម​ប្រឡូក​ជាមួយ​ក្លិប​ធំ​ៗ​នៅ​អឺរ៉ុប​ដូចជា West Ham , Manchester United, Manchester City ​និង​ Juventus  មុន​វិល​មក​កាន់​ទ្រនំ​ចាស់​នា​ពេល​នេះ៕

 

 

 

 

 

 

ចុចអាន៖ Tevez៖ អ្នក​មិន​អាច​ស្រលាញ់​បាល់ទាត់​បាន​ទេ បើ​មិន​ស្រលាញ់ Messi

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី