- 2015-06-29 13:30:59
- ប្រវត្តិ
នេន សុធារ័ត្ន ខ្សែការពារលេចធ្លោនៅជម្រើសជាតិ និងស្វាយរៀង
- 2015-06-29 13:30:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេន សុធារ័ត្ន ខ្សែការពារលេចធ្លោនៅជម្រើសជាតិ និងស្វាយរៀង
ចន្លោះមិនឃើញ
កីឡាករ នេន សុធារ័ត្ន បានក្លាយជាខ្សែការពារដ៏ឆ្នើមរបស់ក្រុមកម្ពុជាពេលកម្ពុជាប្រកួតជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាននៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ប៉ុន្តែទស្សនិកជនមួយចំនួនប្រហែលជាមិនទាន់ស្គាល់ច្បាស់ពីប្រវត្តិរបស់កីឡាកររូបនេះឡើយ។
នេន សុធារ័ត្ន ដែលមានកម្ពស់ ១.៧៥ ម៉ែត្រ និងទម្ងន់៥៩គីឡូក្រាម កើតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៥ នៅរាជធានីភ្នំពេញ។ ក្នុងចំណោមបងប្អូនពីរនាក់ រូបគេជាកូនប្រុសច្បងដែលមានប្អូនស្រីឈ្មោះ នេន សុម៉ាលី អាយុ១៥ ឆ្នាំ។ ឪពុករបស់គេឈ្មោះ ខៀវ គង់ណូរ៉ា និងម្ដាយឈ្មោះ សឿ ចាន់សុភ័ក្រ្ដ។
ឆ្នាំ ២០០៦ សុធារ័ត្ន រៀនចប់បឋមសិក្សានៅសាលាសំពៅមាស និងបានចូលរៀនអនុវិទ្យាល័យក្នុងឆ្នាំសិក្សា២០០៦- ២០០៧ និងប្រឡងជាប់បាក់ឌុបឆ្នាំ ២០១២ នៅវិទ្យាល័យព្រះយុគន្ធរ។ បច្ចុប្បន្ន កីឡាកររូបនេះជានិស្សិតនៅសាកលវិទ្យាល័យន័រតុនឆ្នាំទី១។ ជាប់បាក់ឌុបក្នុងឆ្នាំ២០១២ ប៉ុន្តែទើបតែចូលរៀនឆ្នាំទី ១ ដោយសាររូបគេមិនបានរៀនដិតដល់ ពីព្រោះប្រឹងលេងបាល់រហូតក្លាយជាកីឡាករបាល់ទាត់អាជីពដល់សព្វថ្ងៃ។
កីឡាកររូបនេះចូលចិត្តលេងបាល់ទាត់តាំងពីនៅតូចតាមរយៈការមើលលោក ប៉ា របស់គេលេងបាល់នៅស្តាតអូឡាំពិក។ យូរៗទៅ រូបគេក៏ចូលចិត្តលេងបាល់តាមចំណង់ចំណូលចិត្តលោកប៉ារបស់គេដែរ។ ថ្ងៃមួយ ក្នុងឆ្នាំ២០០៦ ជាពេលដែលទើបតែបានបញ្ចប់ថ្នាក់បឋមសិក្សាទីថ្នាក់ទី៦ អាយុ ១២ឆ្នាំ សុធារ័ត្ន បានឃើញក្រុម តារាបាល់ទាត់អូឡាំពិក ត្រូវការយុវជនចូលហ្វឹកហាត់បាល់ទាត់ ក៏សម្រេចចិត្តចូលហ្វឹកហាត់ជាមួយក្រុមនេះតែម្ដង។
កំឡុងពេលហ្វឹកហាត់បាល់ទាត់ខាងក្រុមគ្រូសាររបស់គេមិនហាមឃាត់អ្វីឡើយ ប៉ុន្តែលោកប៉ារបស់គេបាននិយាយថា «លេងៗ ចុះបាល់ទាត់ តែមិនឲ្យចោលការសិក្សាជាដាច់ខាត»។ កំពុងតែលង់ចិត្តរឿងលេងបាល់ផងនោះ សុធារ័ត្ន កាន់តែមានកម្លាំងចិត្តក្នុងការលេងបាល់កាន់តែខ្លាំងឡើង។
ដោយសាទម្រង់លេងរបស់គេបានកើនឡើងកាន់តែល្អ គេក៏បានជាប់ជម្រើសជាតិកម្ពុជា U-13 ក្នុងឆ្នាំ ២០០៧។ ដល់ឆ្នាំ២០០៨ រូបគេក៏បានចេញពីក្លិបតារាអូឡាំពិកមកលេងឲ្យយុវជនក្លិបព្រះខ័ន្ធរាជ (ក្លិបស្វាយរៀងបច្ចុប្បន្ន )។ ឆ្នាំ ២០១០ កាន់តែឡើងជើងខ្លាំងមែនទែន រូបគេបានជាប់ជាជម្រើសក្នុងក្រុមធំរបស់ក្រុមស្វាយរៀងតែម្ដង។
ក្នុងទម្រង់លេងមួយប្រកបដោយភាពប៉ិនប្រសប់ក្នុងការការពារបាល់ នេន សុធារ័ត្ន ក៏បានជាប់ជម្រើសជាតិក្រុម U-23, ក្រុមធំក្នុងឆ្នាំ២០១២ និងបន្តលេងក្នុងក្រុមស្វាយរៀងក្នុងតំណែងជាខ្សែការពារស្លាប និងកណ្ដាលរហូតដល់ពេលបច្ចុប្បន្ន។ កីឡាកររូបនេះធ្លាប់ទាត់បាល់បញ្ចូលទីឲ្យក្រុមជម្រើសជាតិបានចំនួន ២ គ្រាប់គឺទាត់ចូលពេលលេងជាមួយ Hong Kong ក្នុងឆ្នាំ២០១២ ពានរង្វាន់ AFC Champion U-22 និងមួយគ្រាប់ទៀតគឺប្រកួតមិត្តភាពជាមួយប្រទេសឡាវកាលពីឆ្នាំ២០១៣។
នេន សុធារ័ត្ន មិនបោះបង់ចោលអាជីពវិស័យកីឡាបាល់ទាត់ឡើយ។ ថ្ងៃអនាគតប្រសិនបើមានឱកាស គេនឹងបន្តអាជីពជាគ្រូបង្វឹកបន្តទៀត។ ជាចុងក្រោយកីឡាកររូបនេះ ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលតែងតែគាំទ្រក្រុមជម្រើសជាតិកម្ពុជា ហើយគេក៏សូមអំពាវនាវដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជាជួយបន្តគាំទ្រលីកបាល់ទាត់នៅកម្ពុជាឲ្យដូចគាំទ្រក្រុមជម្រើសជាតិផងដែរ៕
នេន សុធារ័ត្ន (លេខ៣) លេងឲ្យក្រុម U23 កម្ពុជា ប៉ះ ហ្វីលីពីន នៅស៊ីហ្គេម
អត្ថបទ៖ស្រី សុវណ្ណដារ៉ា