• 2015-06-16 16:10:32
  • ប្រវត្តិ​​

កម្ពុជា​ឈរ​លេខ​៨​ខ្ពស់​ជាង​ស៊ីហ្គេម​២០១៣​ តែ​បាត់​បង់​មេដាយ​ហួស​ពី​ការ​ស្មាន​

  • 2015-06-16 16:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​កម្ពុជា​ស្ថិត​​លេខ​រៀង​ទី​៨​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៨​ ឆ្នាំ​២០១៥​ នៅ​ប្រទេស​សិង្ហបុរី​ដែល​ចំណាត់​ថ្នាក់​នេះ​ខ្ពស់​ជាង​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ប៉ុន្តែ​បើ​និយាយ​ពី​មេដាយ​វិញ​ធ្លាក់​ចុះ​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក។

 

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​កាល​ពី​ល្ងាច​​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ម្សិល​មិញ​ ក្រុម​កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៥​គ្រឿង​ក្នុង​នោះ​​មេដាយ​មាស​១ ប្រាក់​៥ និង​សំរឹទ្ធ​៩​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៨​​ពោល​គឺ​នៅ​លើ​ប្រទេស​ឡាវ​ ប្រ៊ុយណេ និង​ទីម័រ​ខាង​កើត។ ការ​ឈរ​​លេខ​រៀង​ទី​៨​នេះ​ដោយ​សារ​ប្រទេស​ឡាវ​ក៏​បាត់​បង់​មេដាយ​ច្រើន​ដែរ​ សូម្បី​តែ​មេដាយ​មាស​១​គ្រឿង​ក៏​អត់​បាន​ផង។

 

 

ក្នុង​ចំណោម​កីឡា​២២​ប្រភេទ​ដែល​កម្ពុជា​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ​មាន​តែ​៥​ប្រភេទ​កីឡា​ប៉ុណ្ណោះ​ដែល​បាន​ឈ្នះ​​មេដាយ​ជូន​ជាតិ។ កីឡា​សីប៉ាក់តាក្រ​ឈ្នះ​បាន​មេដាយ​២​គ្រឿង​គឺ​​មាស​១​ និង​សំរឹទ្ធ​១​ដែល​បាន​ក្លាយ​ជា​ប្រភេទ​កីឡា​តែ​មួយ​គត់​ដែល​ឈ្នះ​មេដាយ​មាស​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​នេះ។ កីឡា​ប៉េតង់​​​ឈ្នះ​បាន​មេដាយ​ច្រើន​ជាង​គេ​គឺ​​៩​គ្រឿង​ក្នុង​នោះ​​ប្រាក់​៤​ និង​សំរឹទ្ធ​៥ ហើយ​​ប្រដាល់​សាកល​ឈ្នះ​មេដាយ​ប្រាក់​១​ កីឡា​តេក្វាន់ដូ​ឈ្នះ​មេដាយ​សំរឹទ្ធ​២​ និង​កីឡា​វាយ​កូន​បាល់​ឈ្នះ​មេដាយ​សំរឹទ្ធ​១។

 

កាល​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣​ កម្ពុជា​ឈ្នះ​បាន​មេដាយ​សរុប​ចំនួន​៤៧​គ្រឿង​​គឺ​មាស​៨​ ប្រាក់​១១​ និង​សំរឹទ្ធ​២៨​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​៩​គឺ​នៅ​លើ​ប្រទេស​ទីម័រខាងកើត​ និង​ប្រ៊ុយណេ។

 

និយាយ​ជា​រួម​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​នេះ​ មិន​មែន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ​ដែល​ធ្លាក់​ចុះ​មេដាយ​ច្រើន​ សូម្បី​តែ​ប្រទេស​មួយ​ចំនួន​​ទៀត​ក៏​ធ្លាក់​ចុះ​មេដាយ​ដែរ ប៉ុន្តែ​ម្ចាស់​ផ្ទះ​សិង្ហបុរី​កើន​មេដាយ​ច្រើន បើ​ធៀប​នឹង​ស៊ីហ្គេម​ឆ្នាំ​២០១៣៕

 

 

 

​អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់