- 2015-06-08 22:48:06
- ប្រវត្តិ
កាន់តែពិសេសហើយ ឃួន ឡាបូរ៉ាវី ក្លាយជា Brand Ambassador ឲ្យ Puma ប្រចាំនៅកម្ពុជា
- 2015-06-08 22:48:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែពិសេសហើយ ឃួន ឡាបូរ៉ាវី ក្លាយជា Brand Ambassador ឲ្យ Puma ប្រចាំនៅកម្ពុជា
ចន្លោះមិនឃើញ
កាលពីរសៀលម៉ោង១ថ្ងៃនេះ កីឡាករបាល់ទាត់កម្ពុជាដ៏ឆ្នើម ឃួន ឡាបូរ៉ាវី បានសម្រេចចុះកុងត្រារយៈពេលពីរឆ្នាំដើម្បីធ្វើជាទូតសុឆន្ទៈ (Brand Ambassador)ឲ្យក្រុមហ៊ុនសម្ភារៈកីឡា Puma ប្រចាំនៅប្រទេសកម្ពុជា។
លោក បែ មករា (ឆ្វេង) ឃួន ឡាបូរ៉ាវី (កណ្តាល) និង លោក កុក កាន់រតនា (ស្តាំ)ក្នុងពិធីចុះហត្ថលេខា កាលពីរសៀលថ្ងៃនេះ
លោក កុក កាន់រតនា ប្រធានក្រុមហ៊ុន META SPORT ជាតំណាងឲ្យ Puma ប្រចាំនៅប្រទេសកម្ពុជាបានឲ្យដឹងថា ដើម្បីជួយលើកកម្ពស់តម្លៃរបស់កីឡាករបាល់ទាត់ និងជំរុញលើការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា Puma បានសម្រេចចុះកុងត្រាជាមួយកីឡាករ ឃួន ឡាបូរ៉ាវី ដើម្បីធ្វើជាទូតសុឆន្ទៈតំណាងផលិតផលកីឡា Puma ប្រចាំនៅប្រទេសកម្ពុជា និងប្រែក្លាយកុងត្រានេះឲ្យមានប្រយោជន៍ដល់កីឡាបាល់ទាត់នៅស្រុកខ្មែរ។
លោកបានឲ្យដឹងថា ៖«ទី១ យើងចង់ជួយលើកទឹកចិត្តដល់កីឡាករបាល់ទាត់ និងលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅស្រុកខ្មែរ ស្របពេលដែលកីឡាបាល់ទាត់នៅស្រុកខ្មែរកំពុងមានការវិវត្តគួរឲ្យចាប់អារម្មណ៍។ ទី២ យើងចង់បង្ហាញពីការផ្តល់តម្លៃដល់កីឡាករបាល់ទាត់កម្ពុជាដូចជា ឃួន ឡាបូរ៉ាវីនេះដែលនឹងដើរតួនាទីជាគំរូដល់ក្មេងជំនាន់ក្រោយ និងទី៣ យើងនឹងរៀបចំសកម្មភាពផ្សេងៗដូចជា Football clinic ជាដើមដើម្បីជួយបង្ហាត់បង្ហាញ ណែនាំ និងបង្រៀនក្មេងៗជំនាន់ក្រោយពីរបៀបលេងបាល់»។
លោកបន្ថែមថា មិនត្រឹមប៉ុណ្ណោះ ផលិតផលកីឡា Puma ប្រចាំនៅប្រទេសកម្ពុជានឹងចុះកុងត្រាជាមួយកីឡាករផ្សេងបន្ថែមទៀត និងជួយឧបត្ថម្ភដល់វិស័យកីឡាផ្សេងៗឲ្យស្របតាមចក្ខុវិស័យរបស់ Puma អន្តរជាតិដែលផ្តោតលើការអភិវឌ្ឍវិស័យកីឡា។
ឃួន ឡាបូរ៉ាវី (កណ្តាល) និង លោក កុក កាន់រតនា (ស្តាំ)ក្នុងពិធីចុះហត្ថលេខា កាលពីរសៀលថ្ងៃនេះ
ចំពោះកីឡាករ ឃួន ឡាបូរ៉ាវិបានបង្ហាញអារម្មណ៍ថា លោកពិតជាសប្បាយចិត្តណាស់ដែលបានក្លាយជាតំណាងផ្សព្វផ្សាយឲ្យផលិតផល Puma ពីព្រោះការចុះកុងត្រានេះបង្ហាញឲ្យឃើញថា កីឡាករបាល់ទាត់កម្ពុជាកំពុងមានតម្លៃ និងមានការយកចិត្តទុកដាក់ពីស្ថាប័នឯកជន។
ខ្សែប្រយុទ្ធរបស់បឹងកេតរូបនេះនិយាយថា ៖«រំភើបខ្លាំង ព្រោះបានក្លាយជាមនុស្សម្នាក់ដែលបានប្រើផលិតផលម៉ាកល្បីពិតប្រាកដ ជាពិសេសជួយកាត់បន្ថយការចំណាយដល់ខ្ញុំច្រើន។ បើខ្ញុំចង់ទិញស្បែងជើងម៉ាកល្បីថ្មីមួយគូ ខ្ញុំត្រូវសន្សំប្រាក់ខែពីរទៅ៣ខែ តែពេលនេះខ្ញុំមិនចាំបាច់ចំណាយច្រើនទេ»។
ដោយឡែកលោក បែ មករា អ្នកចាត់ការរបស់ក្លិបបឹងកេតបានលើកឡើងថា នេះជាលើកទីមួយហើយដែលក្រុមហ៊ុនឯកជនចាប់អារម្មណ៍នឹងកីឡាករបាល់ទាត់ខ្មែរ ហើយចុះកុងត្រាធ្វើជាតំណាងផ្សព្វផ្សាយ។ ការចុះកុងត្រារបស់ ឃួន ឡាបូរ៉ាវីជាចំណែកមួយដ៏សំខាន់បង្ហាញថា កីឡាករបាល់ទាត់ខ្មែរមានតម្លៃដែលជួយជំរុញទឹកចិត្តកីឡាករខិតខំប្រឹងលេងបាល់ទាត់កាន់តែខ្លាំងឡើង។ ប្រសិនបើមានក្រុមហ៊ុនកាន់តែច្រើនចាប់អារម្មណ៍នឹងបាល់ទាត់នោះ វិស័យបាល់ទាត់នៅស្រុកខ្មែរកាន់តែល្បីល្បាញ។
លោកបាននិយាយថា ៖«ការចុះកុងត្រានេះជួយធ្វើឲ្យកីឡាករកាន់តែមានទឹកចិត្ត និងធ្វើឲ្យយុវជនជំនាន់ក្រោយយល់ឃើញពីតម្លៃកីឡាបាល់ទាត់ ហើយនឹងប្រឹងប្រែងលេងកីឡាដើម្បីក្លាយជាកីឡាករអាជីព»។
ផលិតផលកីឡា Puma ដែលជាប់ចំណាត់ថ្នាក់ពិភពលោកមួយក្នុងចំណោមផលិតផលកីឡាម៉ាកល្បីៗកំពុងទទួលបានការពេញនិយម។ ផលិតផលកីឡា Puma មាន៤ប្រភេទផ្សេងគ្នាគឺ សម្ភារៈសម្រាប់រត់ប្រណាំង សម្ភារៈសម្រាប់បាល់ទាត់ សម្ភារៈសម្រាប់ដើរកម្សាន្ត (Life style) និងសម្ភារៈសម្រាប់ប្រណាំងយានយន្ត។ សព្វថ្ងៃ Puma បានកំពុងឧបត្ថម្ភដល់ក្រុមបាល់ទាត់កំពូលនៅអង់គ្លេសគឺក្រុមកាំភ្លើងធំ Arsenal និងកីឡាករល្បីៗជាច្រើន។ ក្រៅពីវិស័យបាល់ទាត់ Puma ក៏ឧបត្ថម្ភដល់កំពូលអ្នករត់ប្រណាំងលេខ១លើលោកគឺ Usain Bolt៕
ស្បែកជើងថ្មីសន្លឹងដែល ឃួន ឡាបូរ៉ាវី ទទួលបាន
អត្ថបទ៖ ជាន ចាន់រ៉ា