• 2015-05-22 15:22:19
  • ប្រដាល់

បាត់​មុខ​ពី​​សង្វៀន៣ឆ្នាំ បឹត ខាំ តាំងចិត្តធ្វើ​​​ឲ្យ​ល្បី​ជាង​​មុន​

  • 2015-05-22 15:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង បឹត ខាំ ខក​ខាន​ឡើង​សង្វៀន​ប្រកួត​អស់​រយៈ​ពេល​​៣​​ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​ពេលនេះ​​រូប​គេ​​នឹង​ប្រឹង​ស្តារ​​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង​មុន បន្ទាប់​ពី​បាន​ឡើង​សង្វៀន​ជា​ថ្មី​ដោយ​បាន​ផ្តួល​ជើង​ខ្លាំង​ថៃ​នៅ​ទឹក​ទី​៥​កាល​ពី​​សប្តាហ៍​មុន​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។

 កីឡាករ​ ប៉ឺត ខាំ

 

​អ្នក​ប្រដាល់​មុខ​ស្រស់ បឹត ខាំ បាន​ឲ្យ​ដឹង​ថា​ ​​ត្រឡប់​មក​កម្ពុជា​វិញ​លើក​នេះ​ ពី​ព្រោះ​ចង់​ឲ្យ​ខ្លួន​ល្បី​កាន់​តែ​ខ្លាំងជាង​មុន ​ទោះ​ជា​ពេល នេះ​មាន​អ្នក​គាំទ្រ​ខ្លះ​​ថា​កម្រិត​ក្បាច់គុន​​​របស់​ខ្លួន​​ថយ​ចុះ​យ៉ាង​ណា​ក៏​ដោយ។ ប្រសិន​បើ​​រូប​គេ​មិន​ចង់​ល្បី​ទេ​ រូប​គេ​នឹង​មិន​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​ឡើយ។

 

បឹត ខាំ បាន​និយាយ​ថា ៖«បើ​មិន​ចង់​ល្បី​ទេ​ ខ្ញុំ​មិន​មក​កម្ពុជា​វិញ​​ទេ។​​ ខ្ញុំ​នៅ​ដេក​ស៊ី​ប្រាក់​ខែ​នៅ​ជប៉ុន​វិញ​ ខ្ញុំ​មិន​មក​ប្រកួត​​ទាំង​មិន​ទាន់​ជា​ពី​របួស​ជើង ស្រួល​បួល​​ផង​។ ​ម្យ៉ាង​ទៀត​​ទោះ​​ខាន​ប្រកួត​​៣​ឆ្នាំ ​ក៏​ខ្ញុំ​​តាំង​ចិត្ត​ធ្វើ​ឲ្យ​ល្បី​​ជាង​មុន​ដែរ»។

 

អ្នក​ប្រដាល់​​ដើម​កំណើត​បាត់ដំបង​​រូប​នេះបាន​​បន្ត​ថា ពេល​នេះ​​ទាំង​ជើង​ និង​​ដៃ​នៅ​មិន​ទាន់​ប្រើ​បាន​ល្អ​ដូច​ពី​មុន​ទេ ​ព្រោះ​តែ​ខាន​ប្រកួត​យូរ។ ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា អាច​ល្បី​ដូច​ពី​​មុន​ឬ​លើស​មុន​​ អាស្រ័យ​លើ​អ្នក​គាំ​ទ្រ​លើក​​ទឹក​ចិត្ត​ ហើយ​រូប​គេ​ផ្ទាល់​​ក៏​ត្រូវ​​ប្រឹង​ប្រែង​ហ្វឹកហាត់​ដែរ។

 

កីឡាករ​ប្រដាល់​ដែល​​ផ្លាស់​មក​រស់​នៅ​កំពុង​ឆ្នាំង​រូប​នេះ​បាន​បន្ថែម​ថា ការ​ចង់​ល្បី​នេះ​​គឺ​​មិន​ចង់ល្បី​ដោយ​សា​​រ​​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​ដែរ បើ​ទោះ​​ស្ថិត​​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ​ ក៏​មិន​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​ឡើយ។ ការមិន​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​មិនមែន​​​មកពី​បញ្ហា​​​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ទេ ​ឬ​ក៏​ខ្លាច​កីឡាករ​​កម្ពុជា​ទេ​ ប៉ុន្តែ​មក​ពី​​កីឡាករ​កម្ពុជា​រូប​នេះ​​ចង់​​ឈរ​​ឈ្មោះ​ជា​កីឡាករ​ដែល​ប្រកួត​ជា​មួយ​បរទេស​​តំណាង​ឲ្យ​ខ្មែរ​ដោយ​តាំង​នាម​ជា​កីឡាករ​កម្ពុជា​យក​ក្បាច់​គុន​ខ្មែរ​បង្អួត​ឲ្យ​ពិភព​លោក​បាន​ដឹង​ពី​កម្រិត​ក្បាច់​គុន​ប្រដាល់​សេរី​ខ្មែរ។

 

បឹត​ ខាំ បន្ថែម​ថា​ កាល​ពី​ពីរ​បី​ថ្ងៃ​មុន​មាន​អ្នក​រៀប​ចំ​កម្មវិធី​ប្រដាល់​ម្នាក់​បាន​ទូរសព្ទ​មក​សួរ​ចង់​ឲ្យ​​រូប​គេ​ប្រកួត​ជាមួយ​​ វង្ស ណយ ប៉ុន្តែ​រូប​គេ​​បដិសេធ​។​

 

បឹត ខាំ បាន​​ត្រឡប់​មកពី​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី ២០ ខែ មេសា ឆ្នាំ ២០១៥ បន្ទាប់​ពី​បាន​ទៅ​​បង្ហាត់​ប្រដាល់​នៅ​ទី​នោះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ក្រោយ​មក​ដល់​កម្ពុជា​ រូប​គេ​បាន​ឡើង​ប្រកួត​ជា​មួយ​កីឡាករ​ប្រដាល់​​ថៃ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ដោយ​​វាយ​ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​៥៕​

 

វីដេអូ​កីឡាករ​ ប៉ឺត ខាំ ប្រកួត​​​​សប្តាហ៍​មុន​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី