• 2015-04-23 18:32:41
  • ប្រវត្តិ​​

ដំណើរ​ជីវិត​​របស់​ខ្សែ​ការពារ​ សាយ ពិសិដ្ឋ ​ប្រធាន​​​ក្រុម​របស់​ក្លិប​ប៉ូលិស

  • 2015-04-23 18:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ សាយ ពិសិដ្ឋ ជា​​កម្លាំង​ការពារ​ដ៏​រឹងមាំ​​នៅ​តំបន់​ការពារ​ប្រចាំ​ក្លិប​​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) ក៏​ដូច​ជា​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នា​ពេល​​បច្ចុប្បន្ន​នេះ។ គ្រប់​គ្នា​ធ្លាប់​តែ​ឃើញ​គេ​បង្ហាញ​សមត្ថភាព​លើ​សមរភូមិ​វាល​ស្មៅ ប៉ុន្ដែ​មាន​​អ្នក​គាំទ្រ​តិច​ណាស់​បាន​ស្គាល់​ពី​ប្រវត្តិ​របស់​តារា​កម្ពុជា រូប​នេះ។​

 

 

សាយ ពិសិដ្ឋ កាល​ប្រកួត​ជម្រុះ FIFA World Cup 2018 ជាមួយ​ម៉ាកាវ នៅ​ស្ដាតចាស់

  Sabay សូម​បង្ហាញ​ពី​ដំណើរ​ជីវិត​ត្រួសៗ របស់ សាយ ពិសិដ្ឋ ដូច​ខាង​ក្រោម៖   សាយ ពិសិដ្ឋ​ កើត​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​១៩៩០ នៅ​ក្នុង​ភូមិ ​ស្វាយជ្រំ ឃុំ​ ស្វាយជ្រំ ស្រុក​ ខ្សាច់​កណ្ដាល ខេត្ត​ កណ្ដាល។ លោក​ឪពុក​ឈ្មោះ​ ទេស សាយ ជា​អ្នក​បើក​បរ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ និង​អ្នក​ម្ដាយ​ឈ្មោះ​ នាង អ៊ិន ជា​មេ​ផ្ទះ។ លោក​មាន​បង​ប្អូន​ចំនួន​៤នាក់ ប្រុស​៣ ស្រី១​ដែល​លោក​ជា​​កូន​ច្បង។ ប្អូន​ប្រុស​ទី​មួយ​ឈ្មោះ​ សាយ វិសាល ប្អូន​ប្រុស​ទី​ពីរ​ឈ្មោះ សាយ ពិសី និង​ប្អូន​ស្រី​ពៅ​ ឈ្មោះ សាយ ស្រីនី។ ប្អូន​​ប្រុស​ទី​មួយ​របស់​លោក​ក៏​ជា​កីឡាករ​បាល់​ទាត់​ផង​ដែរ​ដែលសព្វ​ថ្ងៃ​លេង​ឲ្យ​ក្រុម​បាល់ទាត់​​ប៉ូលិស ជាមួយ​គ្នា​ដែរ។   កម្រិត​វប្បធម៌  

ចន្លោះ​ឆ្នាំ​១៩៩៩-២០០៣ ​កុមារា​ សាយ ពិសិដ្ឋ បាន​ចូល​រៀន​សាលា​បឋម​សិក្សា ​ស្វាយ​ជ្រំ ឃុំ​ ស្វាយ​ជ្រំ ស្រុក ​ខ្សាច់​កណ្ដាល។ ឆ្នាំ​​២០០៤ កុមារា​រូប​នេះ​បាន​ប្ដូរ​មក​រៀន​បឋម​សិក្សា​បាក់​ទូក​ រាជ​ធានី​ភ្នំពេញ។ ចាប់​ពី​ថ្នាក់​ទី​៧​ដល់​ទី​១២ លោក​រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​រវាង​ឆ្នាំ​២០០៤-២០០៨។ បន្ទាប់​ពី​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​បាន​ដោយ​ជោគជ័យ លោក​មិន​បាន​រៀន​បន្ត​សម្រាប់​កម្រិត​ឧត្ដម​សិក្សា​ឡើយ។ លោក​បាន​ចូល​បម្រើ​ការងារ​ជា​នាយ​ទាហាន​បន្ត​ពី​លោក​ឪពុក។

 
 

សាយ ពិសិដ្ឋ ខាង​ឆ្វេង ជួរខាង​ក្រោយ

  ជីវិត​គ្រួសារ

 

នៅ​ខែ មិថុនា ឆ្នាំ ២០១៤ កន្លង​ទៅ ពិសិដ្ឋ បាន​ភ្ជាប់​ពាក្យ​ជាមួយ​កីឡា​ការិនី ស្រស់​ប្រិមប្រិយ​​ក្នុង​ក្រុម​ជម្រើស​ជាតិ​សីប៉ាក់តាក្រ ងួន ច័ន្ទបូរ៉ាមី។ រូប​គេ​ធ្លាប់​ប្រាប់ Sabay ថា រហូត​ដល់​ចប់​កីឡា​ស៊ីហ្គេម ឆ្នាំ ២០១៥ ទើប​គូ​ស្នេហ៍​នេះ​សម្រេច​ជ្រើស​ថ្ងៃ​​ចូល​រោងការ។

 
 

សាយ ពិសិដ្ឋ និង គូដណ្ដឹង

 

ការ​លេង​​បាល់​ទាត់

 

កាល​ពី​កុមារភាព សាយ ពិសិដ្ឋ ​មិន​បាន​លេង​បាល់ទាត់​ឡើយ។ លោក​បាន​ចាប់​ផ្ដើម​លេង​បាល់​ទាត់​លើក​ដំបូង​ពេល​លោក​ចូល​រៀន​អនុវិទ្យាល័យ​បាក់​ទូក​។ ដំបូង​ឡើយ​ក្រុម​បាល់​ទាត់​បាក់​ទូក​ដែល​មាន​រូប​លោក​ជា​កីឡាករ​មួយ​រូបនោះ​បាន​ចូល​លេង​សម្រាប់​កម្មវិធី Mello ក្នុង​ឆ្នាំ​២០០៤ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​បួន។ នៅ​ក្នុង​ឆ្នាំ​២០០៥ ក្រុម​បាល់​ទាត់​បាក់​ទូក​បាន​ចូល​រួម​លេង​ក្រប​ខណ្ឌ​បាល់​ទាត់​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​មិន​ទទួល​បាន​ចំណាត់​ថ្នាក់​ទេ។   បន្ទាប់​មក​លោក​បាន​ចូល​លេង​ឲ្យ​ក្រុម​បាល់​ទាត់ ​Phnom Penh Impier ​រយៈ​ពេល​ពី​រ​ឆ្នាំ​ ក្រោយ​ពី​ការ​ចាប់​អារម្មណ៍​ទម្រង់​លេង​ពី​លោក​គ្រូ​បង្វឹក​​កាល​នោះ សម្រាប់​ក្រុម ​B​ អាយុ​១៦​ឆ្នាំ។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​លោក​បាន​ជួ​ឲ្យ​ក្រុម​ Phnom Penh Impier ទទួល​បាន​លេខ​មួយ​សម្រាប់​ពានរង្វាន់​មេគង្គ​កម្ពុជា។

 
  ត្រៀម ខ្លួន មុន ការ ប្រកួត ពិសិដ្ឋលេខ៤

  ឆ្នាំ​២០០៧​និង​២០០៨ កីឡាករ សាយ ពិសិដ្ឋ​ មិន​បាន​លេង​បាល់​ទាត់​ឡើយ ពេល​លោក​ស្នាក់​នៅ​ជា​មួយ​អ៊ំ​ស្រី​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី​ដើម្បី​ខិត​ខំ​សិក្សា​​​សម្រាប់​ប្រឡង​​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ទើប​បាន​ជា​​ឈប់​លេង​បាល់​ទាត់​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ បើ​ទោះ​បី​ជា​លោក​មិន​បាន​លេង​បាល់​ទាត់​អាជីព​​ឲ្យ​​ក្រុម​ណា​មួយ​ក៏​ដោយ ក៏​លោក​នៅ​តែ​ឆ្លៀត​ពេល​លេង​បាល់​ទាត់​ជា​មួយ​មិត្ត​ភក្តិ​​ដើម្បី​សុខភាព​ផង​ដែរ។   បន្ទាប់​ពី​បាន​ប្រឡង​ជាប់ ​Bace II លោក​បាន​ចូល​លេង​ឲ្យ​ក្រុម​បាល់​ទាត់​ជើង​ទឹក (ឆ្លាម​សមុទ្រ) ព្រោះ​ពេល​នោះ​ក្រុម​បាល់​ទាត់​ជើង​ទឹក​បាន​ចង​មិត្ត​ភាព​ជា​មួយ​ភូមិ ​ស្រាយ​ជ្រំ ឃុំ​ ស្វាយ​ជ្រំ​ដែល​ជា​ភូមិ​កំណើត​របស់​លោក​ដើម្បី​ ស្វែង​​រក​កីឡាករ​បាល់​ទាត់​ល្អ​។ ពេល​នោះ​លោក​​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ហើយ​ហៅ​ឲ្យ​ចូល​លេង​នៅ​ក្នុង​ក្រុម​បាល់​ទាត់​ជើង​ទឹក​ចុង​ឆ្នាំ​២០០៨​។   អំឡុង​ពេល​នោះ​ក្រុម​បាល់​ទាត់​ជើង​ទឹក​បាន​ចូល​រួម​លេង​វគ្គ​ជម្រុះ​ពានរង្វាន់​សម្ដេច ហ៊ុន សែន​ លើក​ទី​២​ (Hun Sen Cup)។ ក្រុម​ជើង​ទឹក​បាន​ជាប់​លេខ​១​សម្រាប់​វគ្គ​ជម្រុះ​ពានរង្វាន់​សម្ដេច ហ៊ុន សែន សម្រាប់​​មណ្ឌល​កំពង់ចាម។ ការ​លេង​នៅ​ក្នុង​ក្រុម​បាល់​ទាត់​ជើង​ទឹក​លោក​ទទួល​បាន​ប្រាក់​ចំនួន១៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ ក្រោយ​មក​ក្រុម​បាល់​ទាត់​ជើង​ទឹក​បាន​ប្ដូរ​ឈ្មោះ​ជា​ក្រុម ភុជង្គនាគ​ សម្រាប់​លេង​ក្រម​ខណ្ឌ​បាល់​ទាត់​កំពូល​របស់​កម្ពុជា។

 
  រូប ថត អនុស្សាវរីយ៍

 

ដើម​ឆ្នាំ​២០០៩ ក្រុម​បាល់​ទាត់​ភុជង្គនាគ​​ត្រូវ​បាន​កាត់​ចេញ​ពី​​ក្រប​ខណ្ឌ​កំពូល​របស់​កម្ពុជា។ ពេល​នោះ​ក្រុម​បាល់​ទាត់​វត្ត​ភ្នំ​បាន​ខ្ចី​ជើង​លោក​ដើម្បី​លេង​ឲ្យ​ក្រុម​ពួកគេ​សម្រាប់​កម្មវិធី​មិតហ្វូត​ខេមបូឌានលិក។ បន្ទាប់​ពី​ក្រុម​វត្ត​ភ្នំ​បាន​ធ្លាក់​ពី​ក្រប​ខណ្ឌ​កំពូល​រដូវកាល ២០១០ លោក​ក៏​​នៅ​តែ​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​ជើង​ទឹក​ដដែល ប៉ុន្តែ​មិន​មាន​សកម្មភាព​ ព្រោះ​ក្រុម​នោះធ្លាក់​ចេញ​ពី​ក្រប​ខណ្ឌ​កំពូល​ហើយ។   ចុង​​ឆ្នាំ​២០១០ ក្រុម​បាល់​ទាត់​អគ្គស្នងការ​នគរ​បាល​ជាតិ​បាន​ខ្ចី​ជើង​លោក​ដើម្បី​លេង​ពាន​រង្វាន់​ក្រប​ខណ្ឌ​ ក​១ ​ទូទាំង​ប្រទេស។ ពេល​នោះ​លោក​បាន​ជួយ​ឲ្យ​ក្រុម​បាល់​ទាត់​អគ្គស្នងការ​នគរ​បាល​ជាតិ​ជាប់​លេខ​១ សម្រាប់​ខណ្ឌ​ ក១ ​ទូទាំង​ប្រទេស​ ហើយ​មាន​សិទ្ធិ​ចូល​លេង​ក្រប​ខណ្ឌ​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន​ លើក​ទី​៥។   ដោយ​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេងលោក ​ជួន ណារិន ប្រធាន​ក្លឹប​អគ្គស្នងការ​នគរ​បាល​ជាតិ​ បាន​អូស​ទាញ​ សាយ ពិសិដ្ឋ ​ឲ្យ​លេង​ពេញ​សិទ្ធិ​សម្រាប់​ក្រុម​អគ្គស្នងការ​នគរ​បាល​ជាតិ។ ចាប់​ពី​រូប​លោក​បាន​ជាប់​ពេញ​សិទ្ធិ​នៅ​ក្នុង​ក្រុម​អគ្គស្នងការ​នគរ​បាល​ជាតិមក​ លោក​បាន​ជួយ​ឲ្យ​ក្រុម​នេះ​បាន​ឡើង​ដល់​វគ្គ​១/៤​ផ្ដាច់​ព្រ័ត្រ​ហើយ​សម្រាប់​ពាន​រង្វាន់​សម្ដេច ហ៊ុន សែ​ន លើក​ទី​៥​នេះ។

 

  ជាប់​ជម្រើស​ជាតិ   អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​កីឡាករ​រូប​នេះ​បាន​ជាប់​ជា​កីឡាករ​​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់​លោក​ LEE TAE HOON ព្រោះ​តែ​ទេពកោសល្យ បច្ចេកទេស និង​ល្បឿន​រត់​។ លោក​ក៏​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​លោក​ LEE TAE HOON ពី​ព្រោះ​តែ​រូប​លោក​ឆាប់​ចាប់​បាន​ និង​យល់​ពី​អ្វី​ដែល​លោក​គ្រូ​សញ្ជាតិ​កូរ៉េ​បាន​បង្វឹក​បង្ហាត់ ក្នុង​ឆ្នាំ ២០១១។   លោក សាយ ពិសិដ្ឋ​ ពិត​ជា​មាន​អារម្មណ៍​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង​ពេល​ដែល​រូបគេ​​ទើប​តែ​ជាប់​ជម្រើស​ជាតិ​កម្ពុជា​នៅ​ដើម​ឆ្នាំ​២០១១​ ស្រាប់​តែ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ម៉ាកាវ ​សម្រាប់​វគ្គ​ជម្រុះ​កម្មវិធី AFC Challenge Cup 2012 កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១១​ ព្រម​ទាំង​បាន​ជួយ​ឲ្យក្រុម​​កម្ពុជា​ឈ្នះ​ម៉ាកាវ​៥-៤​មាន​សិទ្ធិ​ទៅ​លេង​វគ្គ​បន្ត​ទៀត​។ ក្រោយ​មក​ទៀត​គេ​ក៏​ជាប់​ក្នុង​បញ្ជី​ឈុត​ជម្រើស​ជាតិ​រហូត​ដល់​បច្ចុប្បន្ន​នេះ​តែ​ម្ដង។

 

 

សាយ ពិសិដ្ឋ (លេខ៥) ក្នុង​ឈុត​ជម្រើស​ជាតិ ​នាពេល​កន្លង​ទៅ

 

សាយ ពិសិដ្ឋ ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី ៥០ នាក់​របស់​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ​ពាន​រង្វាន់​លំដាប់​ពិភពលោក 2018 FIFA World Cup Russia ជុំ​ទី២ ប្រចាំ​ទ្វីប​អាស៊ី ជាមួយ​ជប៉ុន, ស៊ីរី, អាហ្វហ្គានីស្ថាន និង ជប៉ុន ផង​ដែរ។

  គ្រូ​បង្វឹក   រហូត​មក​ដល់​ពេល​នេះ​កីឡាករ ​សាយ ពិសិដ្ឋ​ បាន​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​ជា​មួយ​លោក​គ្រូ​បង្វឹក​ចំនួន​៩ នាក់​ហើយ​គឺ៖ ១-​លោក​ ជុំ ច័ន្ទរាសី គ្រូ​បង្វឹក​ក្រុម​បាក់​ទូក ២-លោក​ នុត សូនី គ្រូបង្វឹក​ Phnom Penh Impire ៣-លោក​ ចាយ សង្ហា គ្រូ​បង្វឹក​នៅ​ក្រុម​ជើង​ទឹក ៤-លោក ចាយ សៀងធឿន គ្រូ​បង្វឹក​ក្រុម​ជើង​ទឹក ៥-លោក​ អ៊ុង កនយ៉ានិត គ្រូ​បង្វឹក​អគ្គស្នងការ​នគរ​បាល​ជាតិ ៦-លោក ពាស សុធី គ្រូ​បង្វឹក​អគ្គស្នងការ​នគរ​បាល​ជាតិ ៧-លោក​ អៀង សាក់នីដា ជំនួយ​ការ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា ៨-លោក LEE TAE HOON គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​សញ្ជាតិ​កូរ៉េខាងត្បូង ៩-ហុក សុចិត្រា គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ១០- ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

  ជា​មួយ​គ្នា​​នេះ​ផង​ដែរ លោក​បាន​ជួយ​បង្វឹក​បង្ហាត់​ក្រុម​បាល់​ទាត់​បឋម​និង​អនុវិទ្យាល័យ​ ស្វាយជ្រំ ឃុំ​ ស្វាយ​ជ្រំ​ ជា​ច្រើន​ឆ្នាំ។ លោក​បាន​ជួយ​ឲ្យ​ក្រុម​បាល់​ទាត់​បឋម​សិក្សា​ ស្វាយ​ជ្រំ​ ជាប់​លេខ​១ ​សម្រាប់​ក្រប​ខណ្ឌ​បឋម​ប្រចាំ​ខេត្ត​កណ្ដាល និង​ជួយ​ក្រុម​បាល់​ទាត់​អនុវិទ្យាល័យស្វាយ​ជ្រំ​ជាប់​លេខ​១ បាន​បី​ឆ្នាំ​ទូទាំង​ខេត្ត​កណ្ដាល។  
  ឆ្នាំ​​២០១១   សាយ ពិសិដ្ឋ​ ជួយ​​ឲ្យ​ក្រុម​ប៉ូលិស​​​ជាប់​ចំណាត់​ថ្នាក់​លេខ៧​​ ក្នុង​តារាង​​មិត្តហ្វូនខេមបូឌានលីក។ ​ពិសិដ្ឋ​ អត់​បាន​ទៅ​ចូល​រួម​ក្នុង​ក្រុម​ជម្រើស​​របស់​លោក LEE ដោយ​សារ​តែ​ជាប់​ទៅ​រៀន​នៅ​​វៀតណាម។  

ឆ្នាំ​​២០១២ -បច្ចុប្បន្ន៖   -​ឆ្នាំ​២០១២ ជាប់​ជម្រើស​ជាតិ​​ក្រោម​ការ​​បង្វឹក​របស់​លោក ហុក សុចិត្រា និង បាន​ហ្វឹកហាត់​​​នា​ពេល​បច្ចុប្បន្ន​ក្នុង​ដំណើរ​ត្រៀម​វគ្គ​ជម្រុះ​ ​AFF Suzuki Cup 2012 ​នៅ​​មីយ៉ាន់ម៉ា។ ពិសិដ្ឋ​ ជួយ​​ឲ្យ​ក្រុម​ប៉ូលិស​ជាប់ Top 4 ដែល​មាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ ​ពាក់​កណ្ដាលផ្ដាច់​ព្រ័ត្រ​ Metfone Cambodian League 2012។

- ខែ ​សីហា ឆ្នាំ​២០១២ ជួយ​ឲ្យ​ប៉ូលិស​ លើក​ពាន​ Eximbank Cup 2012 ឬ​ ប៉ូលិស​អាស៊ាន​ បន្ទាប់​ពី​យក​ឈ្នះ ប៉ូលិស​ឡាវ​ ២-១ ឈ្នះ ប៉ូលិស​អូស្ត្រាលី ៣-១ ឈ្នះ ប៉ូលិស​ថៃ ១-០ ​និង ស្មើ​ ​​ម្ចាស់​ផ្ទះ​ប៉ូលិស​វៀតណាម ១-១។ ការ​ឈ្នះ​ពាន​នេះ​បន្ទាប់​ពី​​ ប៉ូលិស​មាន​ពិន្ទុ​លើ​គេ (10 ពិន្ទុ)។

-ខែ មីនា ឆ្នាំ ២០១៤ ធ្លាប់​ជួយ​ក្រុម​ប៉ូលិស លើក​ពាន Hun Sen Cup 2013 ក្រោយ​យក​ឈ្នះ​ក្រុម​​បៀលប្រាយ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល ២ ទល់ ០។

 

 

សាយ ពិសិដ្ឋ ទទួល​ប្រាក់​រង្វាន់​ជើង​ឯក​ពី អភិបាលរាជធានីភ្នំពេញ

  -ខែ កុម្ភៈ ឆ្នាំ ២០១៥ ធ្លាប់​ជួយ​ឱ្យ​ប៉ូលិស​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ Hun Sen Cup 2015 តែ​ចាញ់​ណាហ្គាវើល ហើយ​បន្ត​របូត​តំណែង​លេខ ៣ ក្រោយ​ចាញ់​ត្រាយអាស៊ីភ្នំពេញ (Phnom Penh Tiger) ដោយ​លទ្ធផល ៣ ទល់ ០។

 

 

បំណង​ប្រាថ្នា   ​សាយ ពិសិដ្ឋ និយាយ​ថា ខ្លួន​ពិត​ជា​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ដែល​បាន​នាំ​កិត្តិយស​សម្រាប់​ខ្លួន​ឯង គ្រួសារ និង​ប្រទេស​ជាតិ​ ចំពោះ​អ្វី​ដែល​លោក​ទទួល​បាន ជា​ពិសេស​ជាប់​​ក្នុង​ក្រុម​ជម្រើស​ជាតិ ហើយ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។ ក្នុង​នាម​ជា​កីឡាករ​​ជម្រើស​ជាតិ​​ លោក​ចង់​មាន​ឱកាស​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​រៀន​​វគ្គ​ជំនាញ​គ្រូ​បង្វឹក​បាល់​ទាត់ នានា៕

  អត្ថបទ៖ ជាន ចាន់រ៉ា
មតិយោបល់
អត្ថបទថ្មី