- 2015-04-11 13:30:34
- ប្រដាល់
ជើងខ្លាំង MMA មាស ម៉ើ ជួបរឿងប្រុសប្រកាន់ស្រីប្រកែកជាមួយគ្រូបង្វឹក
- 2015-04-11 13:30:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំង MMA មាស ម៉ើ ជួបរឿងប្រុសប្រកាន់ស្រីប្រកែកជាមួយគ្រូបង្វឹក
ចន្លោះមិនឃើញ
ជើងខ្លាំងប្រដាល់ក្នុងទ្រុង (MMA) មិនដែលស្គាល់រសជាតិចាញ់ ក្នុងប្រវត្តិសាស្រ្តឡើងសង្វៀនរបស់ខ្លួន ត្រូវបានគ្រូបង្វឹកប្ដឹងទាល់មិនឱ្យឡើងសង្វៀន ៨ ខែ មកហើយដោយមូលហេតុចាកចេញពីក្លិបដោយគ្មានមូលហេតុ។
កីឡាករ មាស ម៉ើ
កីឡាករប្រដាល់យុទ្ធគុនចម្រុះ មាស ម៉ើ បានឲ្យដឹងថារូបគេបានខកខានឡើងសង្វៀនអស់ជាច្រើនខែមកហើយដោយសាលោក ឈឿន ឆៃ គ្រូបង្ហាត់ប្រដាល់សេរីរបស់ក្លិបប្រដាល់កងទ័ពជើងគោកប្ដឹងជំទាស់មិនឲ្យឡើងសង្វៀនប្រកួតពីបទមិនគោរពគ្រូបង្ហាត់និងមិនចូលរួមហាត់ក្នុងក្លិបហើយចាកចេញពីក្លិបដោយគ្មានការអនុញ្ញាត។
បើតាមសម្ដីរបស់ម្ចាស់ខ្សែក្រវាត់ក្នុងទ្រុងរបស់ស្ថានីយប៉ុស្តិ៍ My TV ខាងលើបានប្រាប់ថារូបគេបានចាកចេញពីក្លិបប្រដាល់មួយនេះជិត ១ ឆ្នាំដោយសាពិបាករស់នៅនិងហ្វឹកហាត់ក្នុងក្លិបនោះខ្លាំងពេក។ គេរំលឹកថាអំឡុងពេលហ្វឹកហាត់ក្នុងក្លិបកងទ័ពជើងគោកនេះ ម៉ើ បានត្រូវលោកគ្រូ ឈឿន ឆៃ ធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្តថែមទាំងមានបំណងចង់ដេញចេញពីក្លិបទៀតផងប្រសិនបើគ្មានប្រាប់បង់ថ្លៃហ្វឹកហាត់ទេនោះ។
អ្នកប្រដាល់រូបដែលប្រកួតទាំង ១១ លើកឈ្នះទាំង ១១ លើកបានប្រាប់ទៀតថាមុនបានហ្វឹកហាត់វិស័យកីឡាប្រដាល់ មាស ម៉ើ បានធ្វើជាអ្នកលាងចាននិងបោសសម្អាតក្នុងក្លិបរហូតរូបគេមានឱកាសបានប្រកួតក្នុងកម្មវិធីប្រដាល់ក្នុងទ្រុងរបស់ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក ហើយទទួលបានខ្សែក្រវាត់ KWC ក្នុងឆ្នាំ ២០១៤ មុនចាកចេញពីក្លិប។ ប៉ុន្តែបន្ទាប់ពីការចាកចេញពីក្លិប មាស ម៉ើ បានត្រូវលោក ឈឿន ឆៃ ប្ដឹងជំទាស់មិនបានប្រកួតជាប់មករហូត។
ឆ្លើយតបនឹងការចោទប្រកាន់របស់កូនសិស្ស លោក ឈឿន ឆៃ ជាគ្រូបង្វឹកនិងអាជ្ញាកណ្ដាល និយាយការប្ដឹងមិនឲ្យ មាស ម៉ើ បានប្រកួតនេះគឺជារឿងពិតមែន។ លោកបន្តថា មាស ម៉ើ ថាជាកូនសិស្សល្មើសគុណ ដោយធ្លាប់ត្រូវបានលោកបង្ហាត់ដល់ពេលបានល្បីបោះបង់ក្លិបចោលហើយទៅរកក្លិបថ្មី។ មិនតែប៉ុណ្ណោះលោកបានបញ្ជាក់ថាក្នុងការចាកចេញរបស់ មាស ម៉ើ មិនមានលិខិតស្នាមអ្វីបញ្ជាក់ឡើយហើយសូម្បីតែសម្ដីប្រាប់ថាសុំចាកចេញពីក្លិបក៏មិនធ្លាប់ប្រាប់លោកដែរទើបលោកសម្រេចប្ដឹងមិនឲ្យកីឡាកររូបនេះបានប្រកួតរហូតដល់ពេលនេះ។
អនាគតរបស់ មាស ម៉ើ នៅមិនច្បាស់ថាអាចឡើងសង្វៀនបានទៀតឬយ៉ាងណានោះទេ ដោយសារតែមានបញ្ហារកាំរកូសនេះ។ សព្វថ្ងៃរូបគេកំពុងហ្វឹកហាត់ជាមួយជម្រើសជាតិយូដូក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមទៅស៊ីហ្គេមឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី ព្រោះមិនទាន់មានក្លិបសម្រាប់ហ្វឹកហាត់ត្រឹមត្រូវនៅឡើយ៕
អត្ថបទ ៖ ស្រី សុណ្ណដារ៉ា
រូបថត៖ FB