• 2015-01-29 17:49:37
  • ប្រដាល់

មើល​នែ! ​អ៊ុំ ចំរើន ​ហ្វឹកហាត់​ ត្រៀម​​​ផ្តួល​​​ជើង​ខ្លាំង​ថៃ​កំពូល​អួត​ អាទិត្យ​នេះ

  • 2015-01-29 17:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ឡើង​ជើង អ៊ុំ ចំរើន​ បាន​ឲ្យ​ដឹង​ថា រូប​គេ​បាន​ហ្វឹកហាត់​គ្រប់​គ្រាន់​ និង​ពេញ​លេញ​ដើម្បី​ត្រៀម​ជួប​ប្រកួត​នឹង​ជើង​ខ្លាំង​ថៃ Hor Kwanmoung នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។

កីឡាករអ៊ុំ ចំរើន

 

អ៊ុំ ចំរើន​បាន​និយាយ​ថា ៖«ខ្ញុំ​ដឹង​ថា​គេ​ខ្លាំង ជា​ពិសេស​ខ្លាំង​អោប​ ដូច្នេះ​ខ្ញុំ​បាន​ហ្វឹកហាត់​ទប់​ទល់​នឹង​​ការ​អោប​របស់​គេ​ហើយ។ លើក​នេះ​ខ្ញុំ​អត់​វ៉ៃ​ដូច​លើក​មុន​ទេ គឺ​ខ្ញុំ​ព្យាយាម​វាយ​ប្រយោល​ច្រើន​ជាង​ការ​សម្រុក​ចូល​វាយ​ដូច​មុន​ៗ​ ព្រោះ​ខ្ញុំ​ដឹង​ថា គេ​ខ្លាំង​ បើ​ខ្ញុំ​សម្រុក​ខ្លាំង ខ្ញុំ​នឹង​ចាញ់​ស៊ុហ្វ​គេ»។ តារា​ប្រចាំ​ក្លិប​តាឡី​ដំរី​មានរិទ្ធិ​រូប​នេះ​អាង​ថា រូប​គេ​សង្ឃឹម​ឈ្នះ​៨០%។

 

ចំណែក​លោក​តា​ ញ៉ូវ ម៉ាក់ គ្រូ​ធំ​ប្រចាំ​ក្លិប​តាឡីដំរី​មាន​រិទ្ធិ និង​ជា​គ្រូ​របស់​អ៊ុំ ចំរើន​បាន​ឲ្យ​ដឹង​ថា លោក​​មាន​សង្ឃឹម​ខ្ពស់​លើ​កូន​សិស្ស​របស់​លោក​ម្នាក់​នេះ​គឺ​រហូត​ដល់​៩៥​% ប៉ុន្តែ​ត្រូវ​តែ​ផ្លាស់​ប្តូរ​បច្ចេកទេស​ប្រកួត។

លោក គ្រូ​ធំ ញ៉ូវ ម៉ាក់

 

លោក​គ្រូ​ធំ​ថា ៖«ចំរើន​ត្រូវ​តែ​ដូរ​បច្ចេកទេស​ប្រកួត កុំ​វ៉ៃ​ដូច​​ប្រកួត​នឹង​កីឡាករ​ខ្មែរ​គ្នា​ឯង ​ត្រូវ​មើល​បច្ចេកទេស​ប្រកួត​​របស់​សិស្ស​ច្បង ផល សោភ័ណ្ឌ។ សម្រាប់​ទឹក​១ និង​២ ប្រសិន​បើ​កីឡាករ​ថៃ​វ៉ៃ​បុក​ខ្លាំង​ យើង​ត្រូវ​គេច​ចេញ​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ ហើយ​ចាំ​ទឹក​៣​ទើប​វាយ​សម្រុក​មួយ​ប្រាវ បើ​​អាច​ទៅ​រួច​វាយ​ផ្តាច់​តែ​ម្តង តែ​បើ​មិន​អាច​ ដក​ថយ​សិន ហើយ​រង​ចាំ​មើល​ចំណុច​ខ្សោយ​ណា​មួយ​ដើម្បី​វាយ​សម្រុក និង​ផ្តួល​តែ​ម្តង។ ខ្ញុំ​សង្ឃឹម​៩៥%​សម្រាប់​អ៊ុំ​ ចំរើន»។

 

អ៊ុំ ចំរើន​បាន​បន្ថែម​ថា សម្រាប់​ការ​ប្រកួត​នឹង​កីឡាករ​បរទេស រូប​គេ​បន្ថែម​ការ​ហ្វឹកហាត់​ច្រើន​ជាង​ការ​ហ្វឹកហាត់​សម្រាប់​ប្រកួត​នឹង​កីឡាករ​ខ្មែរ​ដូច​គ្នា។ ​ហ្វឹកហាត់​រយៈ​ពេល​៣​ម៉ោង​ក្នុង​មួយ​ពេល​សម្រាប់​ការ​​ប្រកួត​នឹង​កីឡាករ​ខ្មែរ​ ប៉ុន្តែ​​ហ្វឹកហាត់​រហូត​ដល់​៤​ទៅ​៥​ម៉ោង​ក្នុង​មួួ​យ​ពេល​​​សម្រាប់​ការ​ប្រកួត​នឹង​កីឡាករ​បរទេស។

 

កាល​ពី​ជាង​កន្លះ​ខែ​មុន អ្នក​លេង​ឆ្លង​ដែន​ថៃ​ Hor Kwanmoung ដែល​​បាន​ប្រកួត​ឈ្នះ​ពិន្ទុ​ ថៃ ប៊ុនហាន បាន​ប្រកាស​ស្វែង​រក​ជើង​ខ្លាំង​កម្ពុជា​ប្រកួត។ ទី​បំផុត​រូប​គេ​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​នឹង អ៊ុំ ចំរើន។ ចាំ​មើល​ថា តើ​កីឡាករ​វ័យ​ក្មេង​កម្ពុជា​រូប​នេះ​ធ្វើ​បាន​ល្អ​ដល់​កម្រិត​ណា មាន​តែ​រង់​ចាំតាម​ដាន​ទាំង​អស់​គ្នា​នា​ថ្ងៃ​អាទិត្យ​នេះ​ វេលា​ម៉ោង​៦​ល្ងាច នៅ​សង្វៀន​បាយ័ន ស្ទឹង​មាន​ជ័យ៕

 

វីដេអូ អ៊ុំ ចំរើន ហ្វឹកហាត់​ត្រៀម​ប៉ះ​កីឡាករ​ថៃ http://youtu.be/JSP3SwMoFrc

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់