• 2015-01-16 22:21:03
  • ប្រដាល់

ជ័យ​ កុសល​ ទម្លាយ​រឿង​​ឈ្មួញ​ទិញ​ទឹក​ចិត្ត​១​ពាន់​ដុល្លារ​ពេល​ប៉ះ​ នួន សូរិយា

  • 2015-01-16 22:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ ជ័យ ​កុសល​ ទម្លាយ​ឲ្យ​ដឹង​ថា​ធ្លាប់​ត្រូវ​បាន​​ឈ្មួញ​ប្រដាល់​ទិញ​ឧត្តម​គតិ​ក្នុង​តម្លៃ​១​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ម្តង​ក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន ប៉ុន្តែ​លោក​មិន​បាន​លក់​ឡើយ។

 

បន្ទាប់​ពី​ចូល​និវត្ត​ពី​អាជីព​ប្រដាល់​កាល​ពី​ដើម​ឆ្នាំ​២០១៤ និង​កំពុង​ក្លាយ​ជា​អាជ្ញា​កណ្ដាល ចៅ​ក្រម និង​គណៈ​កម្មការ​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​ប្រដាល់​អាស៊ី​អាគ្នេយ៍ ជ័យ កុសល បាន​រំលឹក​ថា ​កាល​ពី​ឆ្នាំ​២០០៥​ លោក​ធ្លាប់​មាន​​ឈ្មួញ​ភ្នាល់​ប្រដាល់​ម្នាក់​បាន​បញ្ចុះ​បញ្ចូល​រូប​គេ​ឲ្យ​លក់​ការ​ប្រកួត។ សម្រាប់​ការ​ទិញ​ទឹក​ចិត្ត​នៃ​ការ​ប្រកួត​នេះ​គេ​ឲ្យ​តម្លៃ​ចំនួន​១០០០​ដុល្លារ​អាមេរិក។

លោក ជ័យ កុសល ធ្វើ​ជា​ចៅ​ក្រម

 

លោក​​ថា​ ៖«ព្រោះ​​ចង់​រក្សា​ជា​កីឡាករ​ល្អ ជា​គំរូ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ​ទោះ​ជីវភាព​គ្រួសារ​ខ្ញុំ​​មិន​​​​ធូរ​ធារ​​ ក៏​ខ្ញុំ​មិន​លក់​ឧត្តម​គតិ​ដែរ។ ខ្ញុំ​​មិន​លក់​ក​ដាច់​ខាត​ ព្រោះ​លុយ​ប៉ុណ្ណឹង​មិន​អាច​ចិញ្ចឹម​ខ្ញុំ​បាន​មួយ​ជីវិត​ទេ»។

លោក​បាន​បញ្ជាក់​ថា លោក​បាន​​ចង​ចាំ​យ៉ាង​ច្បាស់​ថា ឈ្មួញ​ប្រដាល់​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ទិញ​ការ​ប្រកួត​របស់​លោក​ជា​មួយ​ ​នួន​ សុរិយា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ដណ្ដើម​ជើង​ឯក​​មួយ។ ទី​បំផុត​​លោក​បាន​ជ័យជំនះ​លើ​ នួន សូរិយា និង​ជា​ជើង​ឯក​ដែល​ទទួល​​ខ្សែក្រវាត់​១​រួម​ទាំង​ប្រាក់​រង្វាន់​ ១លាន​៥សែន​រៀល និង​ម៉ូតូ Hongda Dream ​​ ២០០៥​ មួយ​​គ្រឿង។

លើស​ពី​នេះ​ទៀត ជ័យ កុសល ​បាន​ប្រាប់​ទៀត​ថា​​ សំ​រាប់​ការ​ប្រកួត​របស់​លោក​កន្លង​មក​ លោក​មិន​ធ្លាប់​​លក់​ឧត្ដមគតិ​របស់​ខ្លួន​ឡើយ ព្រម​ទាំង​និយាយ​ថា​ ៖«បើ​តាំង​ចិត្ត​ជា​កីឡាករ​ហើយ​មិន​ខំប្រឹង​ហ្វឹកហាត់​ និង​​ហ៊ាន​លក់​ការ​ប្រកួត​ទៀត​នោះ​មុខ​ជា​អស់​ល្បី​ហើយ»។

ក្នុង​មាន​លោក​ជា​កីឡាករ​ដែល​មាន​បទពិសោធន៍​ច្រើន​ ​និង​ជា​កីឡាករ​មួយ​រូប​ដែល​ទទួល​បាន​ជោគជ័យ​លោក​បាន​​ផ្ដល់​ដំបូល​មាន​ថា​ បើ​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករ​ល្បី​ត្រូវ​ ថែរក្សា​ខ្លួន​ កុំ​ដើរ​​លេង​ច្រើន​ពេក ហើយ​ប្រឹង​ប្រែង​ហ្វឹកហាត់​​ឲ្យ​បាន​ទៀង​ទាត់​ ៕

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​​

មតិយោបល់