- 2014-10-02 16:10:03
- ប្រដាល់
ប្រដាល់នារីមានរាល់សប្ដាហ៍តែហាក់មិនរីកចម្រើន
- 2014-10-02 16:10:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រដាល់នារីមានរាល់សប្ដាហ៍តែហាក់មិនរីកចម្រើន
ចន្លោះមិនឃើញ
ថ្វីបើសកម្មភាពនៃការប្រកួតកីឡាប្រដាល់ផ្នែកនារីនៅកម្ពុជា នៅតែមានសកម្មភាពរៀងរាល់សប្ដាហ៍នៅតាមស្ថានីយទូរទស្សន៍មួយចំនួនក្ដី ប៉ុន្តែសកម្មភាពនេះហាក់មិនសូវមានការរីកចម្រើនខ្លាំងនោះទេ។ នេះបើតាមប្រសាសន៍របស់ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា។
ឯកឧត្ដម តែម ម៉ឺន បញ្ជាក់ថា បច្ចុប្បន្នកីឡាការិនីមានចំនួនតិចណាស់ប្រមាណតែ៧ទៅ៨នាក់ប៉ុណ្ណោះ ក្នុងខេត្តកំពង់ស្ពឺ បាត់ដំបង និងរាជធានីភ្នំពេញ។ មូលហេតុសំខាន់គឺពេលស្ត្រី ហ្វឹកហាត់ ឬឡើងប្រកួតមានការប៉ះពាល់ដល់រាងកាយ ឈឺចាប់ឬប៉ះពាល់ដល់សុខភាព ដូច្នេះហើយទើបមិនមានស្ត្រីចូលប្រឡូកច្រើន។
រហូតមកដល់ពេលនេះការប្រកួតប្រដាល់ស្ត្រីជម្រើសជាតិមិនទាន់មាននៅឡើយទេ ប៉ុន្តែឯកឧត្ដមថ្លែងបញ្ជាក់ថា ៖«ទោះជាការប្រកួតប្រដាល់ស្ត្រីជម្រើសជាតិមិនទាន់មាន ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា នឹងខិតខំប្រឹងប្រែង និងជំរុញឲ្យមានស្ត្រីចូលហ្វឹកហាត់ឲ្យបានច្រើន ព្រមទាំងឈានទៅដល់ការប្រកួតជម្រើសជាតិ»។
អេ យ៉ានុត ហ្វឹកហាត់នឹងលោកគ្រូ ធុន សុភា
បច្ចុប្បន្នគេឃើញមានតែសង្វៀនបាយ័នមួយប៉ុណ្ណោះដែលកំពុងរៀបចំកីឡាការិនីឲ្យឡើងប្រកួតបានញឹកញាប់ ហើយក៏ទទួលបានគាំទ្រច្រើនពីសំណាក់អ្នកទស្សនាដែរ។ ប៉ុន្តែចំនួនកីឡាការិនីឡើងប្រកួតនៅតែមានចំនួនតិចដដែលគឺមានតែមួយគូ ឬច្រើនបំផុតពីរគូប៉ុណ្ណោះ។
លោកនាង ស៊ីវុត្ថា ប្រធានផ្គូផ្គងកីឡាប្រដាល់ប្រចាំស្ថានីយទូរទស្សន៍បាយ័នធ្លាប់បានប្រាប់ថា សង្វៀនបាយ័នបានខិតខំប្រឹងប្រែងរៀបចំកីឡាការិនីឲ្យឡើងប្រកួតញឹកញាប់ដែរ ហើយឈានដល់ការប្រកួតជាមួយកីឡាការិនីបរទេសផង គោលបំណងដើម្បីលើកកម្ពស់វិស័យកីឡាប្រដាល់ខ្មែរឲ្យមានការរីកចម្រើនទាំងកីឡាករ និងកីឡាការិនី ហើយធ្វើឲ្យស្ត្រីភេទមានអាជីពអាចរកប្រាក់បានផងដែរ។
យ៉ាងណាក្ដី ការព្យាយាមយកចិត្តទុកដាក់យ៉ាងសកម្ម បច្ចុប្បន្នបានធ្វើឲ្យស្ថានីយមួយនេះអាចដំណើរការកម្មវិធីប្រកួតប្រដាល់សេរីផ្នែកនារី ដំណើរការបានរៀងរាល់សប្ដាហ៍ ដោយមួយសប្ដាហ៍ៗមានការប្រកួតគូនារីមួយគូៗ។
ដោយឡែក លោក ម៉ា សេរី ប្រធានកីឡានៅស៊ីធីអិនបានប្រាប់ Sabay កន្លងមកថា កន្លងមកទូរទស្សន៍ស៊ីធីអិន បានរៀបចំការប្រកួតកីឡាប្រដាល់ស្ត្រីដែរ ប៉ុន្តែសព្វថ្ងៃបណ្ដាញទូរទស្សន៍កម្ពុជា ស៊ីធីអិនឈប់ឲ្យមានកីឡាការិនីឡើងប្រកួតទៀតហើយ។ លោកបញ្ជាក់ថា ដោយសារពេលកីឡាការិនីឡើងប្រកួតម្តងៗ ៖«ខ្ញុំអាណិតស្ត្រីពេលឡើងវាយគ្នាលើសង្វៀន។ អីចឹងខ្ញុំមិនអនុញ្ញាតឲ្យមានស្ត្រីឡើងប្រកួតឡើង»។
បើតាមអាជ្ញាកណ្ដាលស្រីដំបូងគេអ្នកស្រី សាំង សុម៉ាលី បានបញ្ជាក់ថា កាលពីឆ្នាំ២០១៣កន្លងទៅ មានស្ថានីយទូរទស្សន៍ចំនួនបីដែលមានកម្មវិធីប្រដាល់សម្រាប់នារីគឺរួមមានប៉ុស្តិ៍បាយ័ន ប៉ុស្តិ៍អប្សរា និងប៉ុស្តិ៍លេខបី ហើយកាលនោះមានកីឡាការិនីជាង១០នាក់ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះមានកីឡាការិនីតែ៨នាក់ប៉ុណ្ណោះ ដែលនៅប្រកួតរៀងរាល់សប្ដាហ៍នៅប៉ុស្តិ៍បាយ័ន រីឯប៉ុស្តិ៍២ទៀតផ្អាកអស់ហើយ។ អ្នកស្រីសង្កត់ធ្ងន់ថា កីឡាការិនីមួយចំនួនធំបានលាឈប់ពីកីឡាប្រដាល់បន្ទាប់ពីពួកគេមានគ្រួសារ ហើយអ្នកខ្លះទៀតគេខ្លាចខូចសម្រស់ជាដើម។
ក្បាច់គុនប្រដាល់បុរាណខ្មែរ ជាកីឡាមួយប្រភេទដែលមានការរីកចម្រើនជាងគេ ក្នុងចំណោមប្រភេទកីឡាជាច្រើននៅក្នុងប្រទេសកម្ពុជា។ ទោះបីជាកីឡាប្រភេទនេះមានការរីកចម្រើនយ៉ាងណាក្ដី ក៏គេសង្កេតឃើញថា កីឡាករភាគច្រើនជាបុរសដែលបានហ្វឹកហាត់ក្បាច់គុនខ្មែរបុរាណ ប៉ុន្តែពុំសូវឃើញមានស្ត្រីហ្វឹកហាត់ឲ្យក្លាយជាអ្នកប្រដាល់ ច្រើនឡើយ៕
អត្ថបទ៖ អៀង សូទ្រី