• 2014-12-31 16:26:34
  • ប្រដាល់

វ៉ន វីវ៉ា​ ឡើង​សង្វៀន​វិញ​ហើយ​ក្រោយ​រៀប​ការ​នឹង ស៊ន ដាវីន

  • 2014-12-31 16:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង វ៉ន វីវ៉ា​ នឹង​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ​នៅ​ថ្ងៃ​សៅរ៍​ ទី​១០ ខែ​មករា ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ក្នុង​ព្រឹត្តិការណ៍​«តន្ត្រី​គ្រួសារ​​កម្ពុជា​២០១៥​» នៅ​ក្រុង​ប៉ោយប៉ែត​។

 

ការ​ឡើង​សង្វៀន​លើក​ដំបូង​សម្រាប់​ឆ្នាំ​២០១៥ និង​ក្រោយ​ពេល​រៀប​ការ វ៉ន វីវ៉ា​ត្រូវ​ប្រឈម​នឹង​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ជា រ៉ាសាក់ ប៉ុន្តែ​គេ​នៅ​មិន​ដឹង​ច្បាស់​ទេ​ថា កីឡាករ​ថៃ​ម្នាក់​នេះ​មាន​សមត្ថភាព​ដល់​កម្រិត​ណា​នោះ​ទេ។

 

ចំពោះ​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ​វិញ​​ឆ្លង​កាត់​ការ​ប្រកួត​អន្តរជាតិ​៤​ដង​នៅ​ឆ្នាំ​២០១៤ មិន​ធ្លាប់​ចាញ់​ឡើយ។ វ៉ន វីវ៉ា​ធ្លាប់​ផ្ដួល​កីឡាករ​ថៃ​២​នាក់​នៅ​សង្វៀន​​បាយ័ន​ ម្នាក់​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ និង​កីឡាករ​ឡាវ​នៅ​សង្វៀន​ស៊ីធីអិន។

 

រាល់​ថ្ងៃ​ វ៉ន វីវ៉ា​កំពុង​ខំ​ប្រឹង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ដោយ​មាន​ភរិយា​ជា​ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម ស៊ន ដាវីន​ទំនុកបម្រុង​យ៉ាង​ដិត​ដល់។ កាល​ពី​ម្សិល​មិញ​កីឡា​ការិនី​តេក្វាន់ដូ​រូប​នេះ​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ វ៉ន វីវ៉ា​ហ្វឹកហាត់។ ដាវីន​បាន​សរសេរ​លើ​រូប​មួយ​សន្លឹក​នេះ​ថា «​បន្ទាប់​ពី​លោក​ប្ដី​ហាត់​ប្រដាល់​ចប់​ត្រូវ​ជូន​នាង​ខ្ញុំ​ទៅ​ហាត់​តេក្វាន់ដូ​នៅ​ស្តាត​ អូឡាំពិក​ម្ដង​....ម្យ៉ាង​ដែរ»។

 

ការ​ប្រកួត​ប្រដាល់​មិត្ត​ភាព​អន្តរជាតិ​ដែល​ចូល​ជា​មួយ​ការ​ប្រគំ​តន្ត្រី​នេះ​ក៏​មាន​កីឡាករ​ ឈាន ហុង ប៉ះ​កីឡាករ​ថៃ ជេ ស៊ិក និង​ជើង​ខ្លាំង​វ័យ​ក្មេង ផាន់ គ្រាន់ ប៉ះ​កីឡាករ​ថៃ ធី ដេត។ ការ​ប្រកួត​ប្រដាល់ និង​ប្រគំ​តន្ត្រី​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ដោយ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ចាប់​ពី​ម៉ោង​៨​យប់ ​ថ្ងៃ​សៅរ៍ ទី​១០ ខែ​មករា ឆ្នាំ​២០១៥​ពី​មុខ​សាលា​ក្រុង​ប៉ោយប៉ែត​៕

អត្ថបទ៖ ជាន ចាន់រ៉ា
មតិយោបល់