• 2014-12-19 21:22:55
  • ប្រវត្តិ​​

ហ្វូតសាល​ជម្រើស​ជាតិ​ ជាប់​លេខ​៤​ពីរ​​​ដង​ នៅ​ AFF Futsal

  • 2014-12-19 21:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាំង​ពី​ពាន​រង្វាន់​ជើងឯក​ហ្វូតសាល​អាស៊ាន​ AFF Futsal Championship​ បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​២០០១​មក​ ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​កម្ពុជា​ ធ្លាប់​ចូលរួម​ប្រកួត​ចំនួន​៣​ដង​ ក្នុង​នោះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ចំនួន​២​ដង​ ហើយ​ម្ដង​ទៀត​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល។​

 

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បញ្ជូន​ក្រុម​ជម្រើស​ជាតិ​ទៅ​ប្រកួតប្រជែង​ដំបូង​នៅ​ឆ្នាំ​២០០៣​ ដែល​ប្រារព្ធ​ឡើង​នា​ទីក្រុង​ Kauntan​ ប្រទេស​ម៉ាឡេស៊ី​ មាន​៦​ប្រទេស​ចូលរួម​ ដោយ​មាន​តែ​១​ពូល​ប៉ុណ្ណោះ។ ក្រោយ​ការ​ប្រកួត​វិល​ជុំ​ក្នុង​ពូល​ ក្រុម​ឈរ​កំពូល​តារាង​ និង​លេខ​២​ ត្រូវ​ប្រកួត​គ្នា​ដណ្ដើម​ជើងឯក​ ឯ​ក្រុម​លេខ​៣​ត្រូវ​ប៉ះ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ពូល​ ដើម្បី​រើស​យក​ក្រុម​លេខ​៣​ប្រចាំ​ព្រឹត្តិការណ៍។

ក្រុម​ហ្វូត​សាល​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​កន្លង​មក

ក្រោយ​៥​ប្រកួត​ក្នុង​ពូល​បាន​បញ្ចប់​ ក្រុម​លេខ​មួយ​ថៃ​មាន​១៥​ពិន្ទុ​ មាន​សិទ្ធិ​ប្រជែង​យក​ពាន​ជាមួយ​ម៉ាឡេស៊ី​ដែល​កាន់​១២​ពិន្ទុ។ ចំណែក​ក្រុម​មាន​៩​ពិន្ទុ​ក្នុង​ដៃ​ឥណ្ឌូណេស៊ី​ ត្រូវ​ប្រកួត​ដណ្ដើម​លេខ​៣​ទល់​នឹង​កម្ពុជា​ដែល​ទទួល​បាន​៣​ពិន្ទុ។ តាម​ការ​ពិត​ ប្រ៊ុយណេ​ និង​ហ្វីលីពីន​ ក៏​មាន​៣​ពិន្ទុ​ដែរ​ តែ​មាន​គ្រាប់​សំណល់​តិច​ជាង​កម្ពុជា​ ហេតុនេះ​ក្រុម​ទាំង​២​ គ្មាន​សំណាង​បន្ត​ដំណើរ​ទៅ​វគ្គ​បន្ទាប់​ដូច​កម្ពុជា​ឡើយ។

 

យ៉ាង​ណា​មិញ​ ជម្រើស​ជាតិ​កម្ពុជា​ បាន​ត្រឹម​ទទួល​ចំណាត់​ថ្នាក់​លេខ​៤​ប៉ុណ្ណោះ​ ក្រោយ​បរាជ័យ​ប្រផុតប្រផើយ​ ៣-៥​ ក្រោម​ថ្វី​ជើង​ឥណ្ឌូណេស៊ី​ ខណៈ​ថៃ​បំបាក់​ម៉ាឡេស៊ី​ ៤ – ០​ គ្រង​ជើងឯក​ជា​លើក​ទី​២។

 

អ្នក​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​កម្ពុជា ​ គឺ​កីឡាករ​ ចាន់​ វាសនា​ (១២​គ្រាប់​) ហើយ​តិច​ជាង​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍​ (Top Scorer)​ របស់​ថៃ​ Joe Nuengkord​ ត្រឹម​២​គ្រាប់​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នេះ​ដែរ​ ចាន់​ អរុណរ័ត្ន​ ស៊ុត​បាន​៧​គ្រាប់​ កៅ​ គីរី​ ៤​គ្រាប់​ ឯក​ សុវណ្ណារ៉ា​ ៣​គ្រាប់​ ទុន​ ឌីម៉ង់​ ២​គ្រាប់​ និង​១​គ្រាប់​ទៀត​ដោយ​កីឡាករ​ គឹម​ ច័ន្ទប៊ុនរិទ្ធិ។

 

២​ឆ្នាំ​ក្រោយ​ មក​ ក្នុង​ការ​ប្រកួត​ AFF Futsal Championship 2006​ នៅ​បាងកក​ ប្រទេស​ថៃ​ ជម្រើស​ជាតិ​កម្ពុជា​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​ម្ដង​ទៀត​ ក្រោយ​ឈរ​លេខ​២​ក្នុង​ពូល​ B​ តែ​ត្រូវ​ថៃ​លត់​យ៉ាង​ចាស់​ដៃ​ ១៩ – ១​ ហើយ​បន្ដ​ចាញ់​មីយ៉ាន់ម៉ា​ ១០ – ២​ ក្នុង​ជំនួប​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣។​ កាលនោះ​ ជម្រើស​ជាតិ​ថៃ​គ្រង​ជើងឯក​លើក​ទី​៤​ជាប់​ៗ​គ្នា​ ដោយ​យក​ឈ្នះ​ ឥណ្ឌូណេស៊ី​ ១០-៣​ វគ្គ​ផ្ដាច់ព្រ័ត្រ។

 

ខកខាន​មិន​បាន​ចូលរួម​៦​ឆ្នាំ​ ពោល​នៅ​ឆ្នាំ​២០១២​​​ កម្ពុជា​ឈរ​លេខ​៤​ម្ដង​ទៀត​ តែ​មិនមែន​ប្រចាំ​ព្រឹត្តិការណ៍​ឡើយ​ គឺ​លេខ​៤​ក្នុង​ពូល​ B​ ដែល​រួមមាន​៥​ក្រុម។ លើក​នេះ​ជម្រើស​ជាតិ​ធ្វើ​មិន​បាន​ល្អ​ដូច​២​លើក​កន្លង​មក​ឡើយ​ ព្រោះ​ត្រូវ​ម៉ាឡេស៊ី​សំពង​ ៨-០​ ក្នុង​ថ្ងៃ​ប្រកួត​បើក​ឆាក​ បន្ត​ចាញ់​ទាំង​សោក​ស្ដាយ​ ៥-៦​ ទល់​នឹង​មីយ៉ាន់ម៉ា​ និង​បរាជ័យ​ម្ដង​ទៀត​ ក្រោម​ថ្វី​ជើង​វៀតណាម​ ១-៤​ តែ​ស្ដារ​មុខមាត់​វិញ​បាន​ខ្លះ​ ក្រោយ​បំបាក់​ក្រុម​បាត​ពូល​ហ្វីលីពីន​ ៩-៥​ ក្នុង​ជំនួប​ចុងក្រោយ។​

 

សម្រាប់​ការ​ប្រកួត​ AFF Futsal Championship ២០១៣​ និង​២០១៤​ កម្ពុជា​​មិន​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​នោះ​ទេ៕

អត្ថបទ៖​ រស់​ កាណាល់​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី