• 2014-12-09 18:53:09
  • ប្រដាល់

ប្រកួត​ប្រដាល់​អន្តរជាតិ​អបអរ​បុណ្យ​សមុទ្រ​នៅ​កោះ​កុង

  • 2014-12-09 18:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​មួយ​នៅ​ខេត្ត​កោះកុង​​​ នា​ថ្ងៃ​បុណ្យ​​សមុទ្រ​ចាប់​ពី​​ថ្ងៃ​សុក្រ​ ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​ តទៅ​ ដែល​ក្នុង​នោះ​អ្នក​លេង​កណ្ដាប់​ដៃ​កម្ពុជា​ នឹង​ត្រូវ​ស្វាគមន៍​អ្នក​លេង​ឆ្លង​ដែន​មក​ពី​ថៃពីរ​ថ្ងៃ​ជាប់​គ្នា។

 

សម្រាប់​កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សុក្រ​ ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​ ​កីឡាករ​ ហ៊ុន​ ឈុនហេង​ មក​ក្លិប​កីឡាប្រដាល់​ក្រសួង​មហាផ្ទៃ​ ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម​ រីឯ​កីឡាករ​ ឈិត​ ក្វាន់ងុយ​ មក​ពី​ក្លិប​ម្កុដរាជសីហ៍​ ត្រូវ​ជួប​កីឡា​ករ​ថៃ​ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម។ រីឯ​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​​ ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​វិញ​ កីឡាករ​ សូត្រ​ ប៊ុនធី​ មក​ក្លិប​បក្សី​ស្លាប​ដែក​ និង​ឈាន​ ហុង​ មក​សមាគមន៍​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ នឹង​ត្រូវ​ដឹក​ដៃគ្នា​ឡើង​តតាំង​នឹង​កីឡាករ​ថៃ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដូចគ្នា។​យ៉ាងណាក្ដី​ មក​ទល់​នឹង​ពេល​នេះ​ដៃ​គូ​ប្រកួត​ខាង​ថៃ​ នៅ​មិន​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​ឲ្យ​ច្បាស់​ការ​នោះ​ទេ។

 

 

ដោយ​ឡែក​ ក្រៅ​ពី​គូ​អន្តរជាតិ​ទាំង​ពីរ​ខាង​លើ​ក៏​នៅ​មាន​​ការ​ជួប​គ្នា​រវាង​កីឡាករ​កម្ពុជា​ និង​កីឡាករ​កម្ពុជា​ជា​ច្រើន​គូ​ទៀត​ ហើយ​ក្នុង​នោះ​ក៏​មាន​កីឡា​ការិនី​មួយ​គូ​ផង​ដែរ​ ដែល​ជា​ការ​ជួប​គ្នា​រវាង​កីឡាការិនី​ អេ​ យ៉ានុត​ កូន​ស្រី​របស់​អធិរាជ​ប្រដាល់​ អេ​ ភូថង​ ត្រូវ​ប៉ះ​គ្នា​នឹង​កីឡា​ការិនី​ វី​ ស្រី​ឆាយ មក​ពី​ក្លិប​នាគ​មាន​ជ័យ​ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។

 

បង​ប្អូន​នៅ​ខេត្ត​កោះ​កុង​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កីឡាករ​កម្ពុជា​ និង​ញ៉ាំង​កម្មវិធី​ឲ្យ​កាន់​តែ​កក្រើកទ្វេដង៕

 

អត្ថបទ៖ អៀង សូទ្រី

មតិយោបល់
អត្ថបទថ្មី