
- 2014-09-14 14:31:08
- ប្រវត្តិ
ជីវិតឆ្ពោះទៅកាន់សង្វៀនប្រដាល់របស់កីឡាករ វ៉ន វីវ៉ា
- 2014-09-14 14:31:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតឆ្ពោះទៅកាន់សង្វៀនប្រដាល់របស់កីឡាករ វ៉ន វីវ៉ា
ចន្លោះមិនឃើញ
ប្រវត្តិរូបសង្ខេប
ឈ្មោះពិត : ឈួន សុខឡេង
ឈ្មោះក្រៅ : វ៉ន វីវ៉ា ឈ្មោះអង់គ្លេស Vorn Viva
ម្ចាស់ខ្សែក្រវាត់ពិភពលោក : ISKA
កម្ពស់ : ១៨២ សង់ទីម៉ែត្រ
ថ្ងៃខែឆ្នាំកំណើត : ថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ ១៩៨៤
ទីកន្លែងកំណើត : ភូមិ ឃ្លោយទី៣ ឃុំ មាន ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម
សញ្ជាតិ : ខ្មែរ
ជនជាតិ : កម្ពុជា
ការប្រកួតសរុប : ជាង៥០ដង ក្នុងនោះឈ្នះ៤៥ ដង ចាញ់ ៥ដង
ជីវិតផ្ទាល់ខ្លួន
វ៉ន វីវ៉ា ជាកីឡាករប្រដាល់ក្បាច់គុនខ្មែរបុរាណដ៏ល្បីនាពេលបច្ចុប្បន្នដែលស្ទើរតែរកដៃគូប្រកួតគ្មាននៅក្នុងប្រទេសកម្ពុជា។ ម្ចាស់ខ្សែក្រវាត់ពិភពលោក ISKA បានឃ្លាតឆ្ងាយពីសង្វៀនហើយដោយសារតែបញ្ហាតម្លៃខ្លួនទាប ប៉ុន្តែកាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា កន្លងទៅនេះទើបតែឡើងសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ស្រករក្រោយ ព្រំ សំណាង។
លោកវ៉ន វីវ៉ា កើតថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ១៩៨៤ នៅក្នុងភូមិ ឃ្លោយទី៣ ឃុំ មាន ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម។ លោកឪពុកឈ្មោះ ឈួន ឡេង និងម្តាយឈ្មោះ សេង ឆុន។ លោកមានបងប្អូនចំនួន៤នាក់ ប្រុសទាំងអស់ ហើយលោកជាកូនច្បង។ ប្អូនប្រុសទី១ ឈ្មោះ ឈួន សុខស៊ីម ប្អូនប្រុសទី២ឈ្មោះ ឈួន គន្ធា និងប្អូនពៅឈ្មោះ ឈួន សុខអូន។ កាលពីកុមារភាព វីវ៉ាបានចូលរៀនសាលាបឋមសិក្សាឃ្លោយទី៣ ស្ថិតនៅក្នុងឃុំមាន ស្រុកព្រៃឈរ ខេត្ត កំពង់ចាម។ ខណៈពេលដែលកុមារា វីវ៉ា កំពុងក្រេបជញ្ជក់យកចំណេះដឹងនាកម្រិតបឋមសិក្សា លោកកម្រមានភាពសប្បាយរីករាយ ឫក៏មានសម្ភារៈប្រើប្រាស់ លុយកាក់ចាយគ្រប់គ្រាន់ដូចកូនគេដទៃឡើយ។ សូម្បីតែកង់សម្រាប់ធ្វើដំណើរទៅសាលារៀនក៏វីវ៉ាពុំមានដែរ។ ស្ថិតក្នុងគ្រួសារកសិករដែលមានជីវភាពខ្វះខាត់ និងជាកូនច្បងដែលត្រូវរ៉ាប់រងជួយមើលបីបាច់ថែរក្សាប្អូនៗ និងត្រូវរកលុយកាក់ដើម្បីជួយសម្រាលបន្ទុកលោកឪពុកអ្នកម្ដាយផងនោះ តម្រូវឲ្យលោកឆ្លៀតពេលពីការសិក្សាដើម្បីរកលុយ។ ពេលខ្លះលោកមិនបានទៅសាលារៀនពីរទៅបីថ្ងៃ ឬមួយអាទិត្យ ដែលជាហេតុធ្វើឲ្យកម្រិតនៃការសិក្សារបស់លោកកាន់តែចុះខ្សាយ ហើយអារម្មណ៍ក៏កាន់មានសេចក្ដីអៀនខ្មាសចំពោះមិត្តរួមថ្នាក់និងលោកគ្រូអ្នកគ្រូ។ ទោះបីជាកុមារារៀមច្បងមានការខ្វល់ខ្វាយនិងយកចិត្តទុកចំពោះជីវភាពគ្រួសារយ៉ាងណាក៏ដោយ ក៏យុវជន វីវ៉ាមិនបានបោះបង់សាលារៀនឡើយ។ យុវជនកម្សត់នៅតែតស៊ូសិក្សារហូតដល់បញ្ចប់បឋមសិក្សា។ បន្ទាប់ពីបញ្ចប់បឋមសិក្សាក្នុងឆ្នាំ១៩៩០ កុមារា វីវ៉ា មិនបានបន្តការសិក្សានៅអនុវិទ្យាល័យឡើយ។
បច្ចុប្បន្នគ្រួសាររបស់លោកវ៉ន វីវ៉ា មានជីវភាពធូរធារសមរម្យនៅក្នុងសង្គម បន្ទាប់ពីលោកបានក្លាយជាកីឡាករល្បីល្បាញ។ ជារឿយៗលោកបានទៅលេងស្រុកកំណើតដោយនាំយកថវិកាទៅជួយសម្រាលជីវភាពគ្រួសារ។ ជាពិសេសពេលឡើងប្រកួតម្ដងៗលោកតែងតែទៅជួបជាមួយអ្នកមានគុណជានិច្ច។ នៅពេលនេះកីឡាករវ៉ន វីវ៉ា ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលរូបគេបានក្លាយជាកីឡាករគំរូសម្រាប់ប្អូនៗជំនាន់ក្រោយ និងធ្វើខ្លួនឲ្យមានសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម ហើយបានជួយគ្រួសារឲ្យមានជីវភាពធូរធារ ជួយលើកកម្ពស់វិស័យកីឡាប្រដាល់ខ្មែរ និងនាំកិត្តិយសជូនជាតិមាតុភូមិ។
មាគ៌ាឆ្ពោះទៅកាន់សង្វៀនប្រដាល់
កាលពីកុមារាភាព លោកវ៉ន វីវ៉ា មិនដែលមានបំណងចង់ក្លាយជាអ្នកប្រដាល់នោះទេ សូម្បីតែទស្សនាការប្រដាល់តាមកញ្ចក់ទូរទស្សន៍ក៏លោកមិនចូលចិត្តផង។ ព្រោះតែជីវភាពគ្រួសារខ្វះខាត បណ្ដាលឲ្យលោកត្រូវដើររកការងារធ្វើដើម្បីគ្រាន់បានកម្រៃជួយសម្រាលដល់អ្នកមានគុណ ដូច្នេះហើយលោកត្រូវដើរស៊ីឈ្នួលគេទៅតាមទីជិតឆ្ងាយ។ ជារឿយៗលោកវ៉ន វីវ៉ាតែងតែឃ្លាតឆ្ងាយពីគ្រួសារដើម្បីស្វែងការងារធ្វើ។ កំឡុងឆ្នាំ២០០៣ លោកបានឃ្លាតឆ្ងាយពីអ្នកមានគុណនិងប្អូនៗជាទីស្រលាញ់ ហើយរសាត់អណ្ដែតទៅដល់ស្គន់ ស្រុកជើងព្រៃ ខេត្តកំពុងចាម។ ពេលនោះលោកបានធ្វើជាកម្មករលើកស្រូវនិងស៊ីម៉ង់ដែលក្នុងមួយថ្ងៃលោករកកម្រៃបានត្រឹមតែពី៥០០០រៀលទៅ១០០០០រៀលតែប៉ុណ្ណោះ។
មានពេលមួយលោកកំពុងតែធ្វើដំណើរតាមផ្លូវ លោកក៏ប្រទាស់ឃើញការប្រកួតប្រដាល់ផ្ដាច់ព្រ័ត្ររវាងកីឡាករនួន បូរ៉ា និងកីឡាករ សាន សៅយ៉ាន។ កីឡាករ សាន សៅយ៉ាន ជាអ្នកសន្លប់ បែរជាទទួលបានជ័យជម្នះ ហើយកីឡាករនួន បូរ៉ាក៏ស្រក់ទឹកភ្នែក។ ទិដ្ឋភាពនោះបានធ្វើឲ្យលោកចាប់ផ្ដើមអាណិតអាសូរកីឡាករ ហើយមានអារម្មណ៍ថាចូលចិត្តកីឡា។ ខណៈពេលដែលលោកកំពុងធ្វើការស៊ីឈ្នួលគេ នៅម្ដុំស្គន់ជិតកន្លែងធ្វើការមានក្លឹបប្រដាល់មួយឈ្មោះក្លឹប ឈុន ជារិទ្ធី ដែលមានលោកឈុន ជារិទ្ធីជាគ្រូបង្ហាត់។ ពេលទំនេរពីការស៊ីឈ្នួលគេ លោកក៏បានចូលហាត់ក្បាច់គុនខ្មែរបុរាណជាមួយលោកគ្រូឈុន ជារិទ្ធី។ កាលពីដំបូងលោកគ្រាន់តែចូលហាត់លក្ខណៈធម្មតាតែប៉ុណ្ណោះ ប៉ុន្តែយូរៗទៅលោកក៏កាន់តែស្រលាញ់ពេញចិត្តប្រដាល់ ហើយក៏កាន់តែព្យាយាមហាត់កាន់តែខ្លាំងឡើង។ ពេលដែលលោកសន្សំប្រាក់កាសគួរសម លោកបានយកប្រាក់ទៅជូនលោកឪពុកអ្នកម្ដាយ ប៉ុន្តែលោកមិនដែលហានប្រាប់អ្នកមានគុណថា ហាត់កីឡាប្រដាល់ឬចង់ក្លាយជាកីឡាករប្រដាល់ឡើយ។ ការព្យាយាមហ្វឹកហាត់បានមួយឆ្នាំកន្លះ លោកនៅតែមិនមានឱកាសបានឡើងប្រកួតឡើយ។ ទីបំផុតលោកក៏ឈប់ស៊ីឈ្នួលគេ និងបោះបង់ចោលការហ្វឹកហាត់ ហើយវិលត្រឡប់ទៅផ្ទះវិញ។
ប្រហែលជាពីរខែក្រោយមក លោកគ្រូឈុន ជារិទ្ធី ក៏បានទៅបើកក្លឹបនៅជិតផ្ទះវ៉ន វីវ៉ា គោលបំណងដើម្បីបង្ហាត់វីវ៉ា។ ពីព្រោះលោកគ្រូបង្វឹករូបនោះយល់ឃើញថា កាយសម្បទា វ៉ន វីវា អាវមានអនាគតល្អ។ ពេលនោះវីវ៉ា បានសំការអនុញ្ញាតពីលោកឪពុកអ្នកម្ដាយ ប៉ុន្តែអ្នកមានគុណមិនបានយល់ព្រមឲ្យវីវ៉ាហ្វឹកហាត់ដើម្បីក្លាយជាកីឡាករប្រដាល់ឡើយ។ ទោះបីជាមានការហាមឃាតពីឪពុកម្ដាយយ៉ាងណាក៏ដោយ ក៏យុវជនវីវ៉ា នៅតែលួចទៅហាត់ដដែល។ ព្រោះពេលនោះលោកកំពុងតែស្រលាញ់ពេញចិត្តចំពោះក្បាច់គុនខ្មែរបុរាណ។ ដោយការហាមឃាតមិនបាន ឪពុកម្ដាយវ៉ន វីវ៉ាក៏បណ្ដោយតាមចិត្តកូន។
កេរ្តិ៍ឈ្មោះល្បីក្នុងពិភពក្បាច់គុនខ្មែរបុរាណ
បន្ទាប់ពីហ្វឹកហាត់ក្នុងក្លឹបជិតផ្ទះបានប្រមាណ៦ខែ លោកគ្រូឈុន ជារិទ្ធីក៏បានផ្គូផ្គងវ៉ន វីវ៉ាឲ្យឡើងប្រកួត។ ពេលនោះវីវ៉ា ត្រូវបានផ្គូផ្គងឲ្យប្រកួតជាមួយ កីឡាករ ជ័យ កំសត់ នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣។ បទពិសោធន៍រវាងកីឡាករជ័យ កំសត់ និងវ៉ន វីវ៉ាខុសគ្នាឆ្ងាយណាស់។ ពេលនោះកីឡាករជ័យ កំសត់ ធ្លាប់ប្រកួតបាន១៣ដង់ ខណៈវ៉ន វីវ៉ា មិនធ្លាប់បានប្រកួតសោះ។ ប៉ុន្តែជារឿងនឹកស្មានមិនដល់បានកើតមានឡើង វ៉ន វីវ៉ាបានផ្ដួលកីឡាករ ជ័យ កំសត់ឲ្យសន្លប់ក្នុងទី១។ ការប្រកួតលើកទីមួយនោះវ៉ន វីវ៉ាមានការភ័យខ្លាចយ៉ាងខ្លាំង លោកនឹកដល់គុណម៉ែគុណឪ បុណ្យព្រះសំពះទេវតាអស់ហើយ។ បន្ទាប់ពីបានឡើងប្រកួតលើកទីមួយ កីឡាករ វ៉ន វីវ៉ាមិនបានឡើងប្រកួតភ្លាមៗទៀតទេ។ រយៈពេល៥ខែក្រោយទើបលោកបានឡើងប្រកួតលើកទីពីរ។ ទោះ បីជាការប្រកួតលើកទីពីរ ទីបីក៏ដោយ ក៏វ៉ន វីវ៉ានៅតែមានអារម្មណ៍ភ័យខ្លាចដដែល។
បន្ទាប់ពីបានឡើងប្រកួតទទួលបានជ័យជម្នះពីរទៅបីដង កីឡាករ វ៉ន វីវ៉ា បានចូលប្រកួតជម្រើសជាតិ។ លោកមិនបានឈានដល់វគ្គផ្ដាច់ព្រ័ត្រទេ ប៉ុន្តែវីវ៉ាទទួលបានជ័យជម្នះចំនួនពីរប្រកួតដែរ។ បន្ទាប់ពីការប្រកួតជម្រើសជាតិមក កីឡាករវ៉ន វីវ៉ា បានចូលប្រកួតដណ្ដើមខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវ នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។ ការចូលប្រកួតដណ្ដើមខ្សែក្រវាត់លើកនេះ លោកបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែលោកបានចាញ់កីឡាករ ព្រំ សារ៉ាម ហើយក៏ជាប់ចំណាត់ថ្នាក់លេខ២។
អ្វីដែលធ្វើឲ្យកីឡាករ វ៉ន វីវ៉ា មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងពិភពក្បាច់គុនបុរាណខ្មែរនោះ នៅពេលដែលកីឡាករទម្ងន់ធ្ងន់រូបនេះជួបប្រកួតជាមួយកីឡាករជា តុត ដែលជាកីឡាករចាស់វស្សានិងមានកេរ្តិ៍ល្បីយូរឆ្នាំ។ ទោះបីចាស់វស្សា និងមានកេរ្តិ៍ល្បីយូរយ៉ាងណាក្តី វ៉ន វីវ៉ាបានផ្ដួលកីឡាករ ជា តុត នៅទឹកទី៤។ ការប្រកួតជាបន្តបន្ទាប់រូបគេតែងតែជួបជាមួយកីឡាករខ្លាំងៗ ដូចជាកីឡាករ វ៉ែន សាវណ្ណ វោយ សុធន ធន សុភាជាដើម។ ភាពល្បីរន្ទឺខ្លាំងនៅពេលដែលរូបប្រកួតឈ្នះកីឡាករធន សុភា។ បន្ទាប់ពីបរាជ័យដ៏អាម៉ាស់ កីឡាករធន សុភា បានឡើងប្រកួតសងសឹកម្ដងទៀតជាមួយកីឡាករ វ៉ន វីវា។ ប៉ុន្តែការប្រកួតសងសឹកនោះកីឡាករ ធន សុភា រឹតតែអាម៉ាស់មុខកាន់តែខ្លាំងឡើង ខណៈដែលកីឡាករ វ៉ន វីវ៉ាកាន់តែមានប្រជាប្រិយភាពទ្វេឡើងក្នុងវិស័យក្បាច់គុនខ្មែរបុរាណដោយរូបគេមានប្រៀបទាំងស្រុងលើកីឡាករធន សុភា។
ឆ្នាំ២០០៨ កីឡាករវ៉ន វីវ៉ា បានជាប់ជាកីឡាករជម្រើសជាតិប្រភេទទម្ងន់៧៨គីឡូក្រាម និងទទួលបានពានរង្វាន់ចំនួន៣ដែលជាការប្រកួតលក្ខណៈអន្តរជាតិ។ ចាប់ពីរូបគេក្លាយជាកីឡាករខ្លាំង ប្រចាំប្រទេសជាតិ កីឡាករវ៉ន វីវ៉ា ស្ទើរតែរកគូប្រកួតគ្មានសម្រាប់កីឡាករក្នុងស្រុកប្រភេទទម្ងន់ធ្ងន់។ ដូច្នេះហើយទើបការប្រកួតភាគច្រើនលោកត្រូវជួបប្រកួតជាមួយកីឡាករបរទេស។ រហូតមកដល់ពេលនេះលោកធ្លាប់ប្រកួតបាន៤២ដង ឈ្នះ៣៧ដង ចាញ់៥ដង និងផ្ដួលដៃគូឲ្យសន្លប់បានចំនួន២០ដង។ លោកធ្លាប់ប្រកួតជាមួយកីឡាករបរទេសចំនួន១០ដង ហើយទទួលបានជ័យជម្នះទាំង១០ដង។ ការប្រកួតអន្តរជាតិចុងក្រោយជាមួយកីឡាករឡាវ កីឡាករ វ៉ន វីវ៉ា បានផ្ដួលកីឡាករឡាវឲ្យសន្លប់ក្នុងទឹកទី២។ ចាប់តាំងពីក្លាយជាកីឡាកររហូតមកដល់ពេលនេះ វីវ៉ា ឆ្លងកាត់ការហ្វឹកហាត់ជាមួយលោកគ្រូឈុន ជារិទ្ធី នៅក្នុងក្លឹប ឈុន ជារិទ្ធី លោកគ្រូទ្រឿង សុសាយ និងលោកគ្រូផាន ផាណាត នៅក្នុងក្លឹបកងរាជអាវុធហាត់លើផ្ទៃប្រទេស(អតីតក្លឹបបេអិមលើផ្ទៃប្រទេស)។
ការដណ្ដើមខ្សែក្រវាត់ពិភពលោក ISKA
កាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០០៨ បណ្ដាញស្ថានីយទូរទស្សន៍កម្ពុជា ស៊ីធីអិន បានសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងសហព័ន្ធប្រដាល់សេរីអន្តរជាតិរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក ISKA។ កីឡាករ វ៉ន វីវ៉ាត្រូវជួបជាមួយកីឡាករ Alban Amedi ម្ចាស់ខ្សែក្រវាត់ពិភពលោក ISKA មកពីប្រទេសអាល្លឺម៉ង់។ ម្ចាស់ខ្សែក្រវាត់ISKA រូបនេះធ្លាប់ប្រកួតបាន៣៩ដង ឈ្នះ២៧ដងចាញ់១០ដង ស្មើ២ដង។ កីឡាករវ៉ន វីវ៉ាដណ្ដើមខ្សែក្រវាត់ISKA បានដោយជោគជ័យ បន្ទាប់ពីឈ្នះជាឯកច្ឆន្ទ ហើយគ្រប់គ្រងខ្សែក្រវាត់រហូតដល់សព្វថ្ងៃ និងជាប់កុងត្រាគ្មានកំណត់ជាមួយបណ្ដាញស្ថានីយទូរទស្សន៍កម្ពុជាស៊ីធីអិន។
ឆ្នាំ២០១១
កីឡាករ វ៉ន វីវ៉ា បានជាប់ជាកីឡាករប្រដាល់សកលជម្រើសជាតិក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៦នៅប្រទេសឥណ្ឌូណេស៊ី(១១-២២ វិច្ឆកា ២០១១)។ ជាលទ្ធផល វ៉ន វីវ៉ា ទទួលបានមេដាយ សំរឹទ្ធ មកជូនជាតមាតុភូមិវិញ។ ការឈ្នះត្រឹមមេដាយ សំរិទ្ធ នេះ ដោយសារតែ វីវ៉ា ចាញ់ កីឡាករ ALEX TATONTOS របស់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត៕
អត្ថបទ៖ ជាន ចាន់រ៉ា