• 2014-11-27 17:39:21
  • ប្រដាល់

៣​ចំណុច សរ សី រៀប​រាប់​​ពី​ការ​ប្រកួត​នៅ​ថៃ​ស្ទើរ​ស្រក់​ទឹក​ភ្នែក

  • 2014-11-27 17:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​​ចាស់​ សរ សី ទទួល​ស្គាល់​ភាព​បរាជ័យ​ដោយ​អស់​ចិត្ត​សម្រាប់​ការ​ប្រកួត​ក្នុង​ទ្រុង​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ត្អូញត្អែរ​ពី​រឿង​តម្លៃ​ខ្លួន​ដែល​នៅ​តាម​កម្រិត​ទាប ទោះ​ជា​ប្រកួត​លក្ខណៈ​អន្តរជាតិ​ក៏​ដោយ។

កីឡាករ សរ សី

ធាតុ​ពិត​នៅ​លើ​សង្វៀន សរ សី បាន​រៀប​រាប់​ថា ៖«​ខ្ញុំ​​ចាញ់​ទាំង​អស់​ចិត្ត​មែន ព្រោះ​​កីឡាករ​ថៃ​​ម្នាក់​នោះ​ពិត​ជា​មាន​សមត្ថភាព​ក្នុង​ទ្រុង​ខ្លាំង​ជាង​​ខ្ញុំ​មែន។ គេ​ខ្លាំង​ខាង​អោប​ កាច់ និង​ឃ្លេ គេ​ឃ្លេ​ខ្ញុំ​មួយ​លើក​ជា​ពីរ​លើក តែ​ខ្ញុំ​ស៊ូ​ទ្រាំ​ ព្រោះ​ចង់​ឈ្នះ បើ​ឈ្នះ​បាន​លុយ​ច្រើន»។

 

លោក​បន្ត​ថា ៖«ខ្ញុំ​​មាន​ឱកាស​ឡើង​លើ​គេ​ម្តង​ពីរ​ដង​ដែរ តែ​គេ​ខ្លាំង ហើយ​ធាក់​ខ្ញុំ​ចេញ​រហូត។ ពេល​ប្រកួត​ចប់ គ្រូ​របស់​គេ​សួរ​ខ្ញុំ​ថា ហេតុ​អី​អត់​គោះ​ដៃ​សុំ​ចុះ​ចាញ់ ពេល​គេ​​ឃ្លេ ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ស៊ូ​ទ្រាំ ព្រោះ​ខ្ញុំ​ចង់​ឈ្នះ»។ សរ សី​បន្ថែម​ថា កីឡាករ​ថៃ​ម្នាក់​នោះ​មាន​កម្ពស់​ខ្ពស់​ជាង ហើយ​ទម្ងន់​ធ្ងន់​ជាង​ដោយសារ​គាត់​ខំ​ព្យាយាម​សម្រក​ទម្ងន់​រហូត​តិច​ជាង​គេ។

 

ទោះ​ជា​យ៉ាង​ណា សរ សី​ប្រាប់​ថា វា​ជា​មោទនភាព​របស់​គាត់​មួយ​ដែល​ចាញ់​ត្រឹម​ពិន្ទុ ពី​ព្រោះ​កីឡាករ​កម្ពុជា​មួយ​ចំនួន​ចេញ​ទៅ​ប្រកួត​នៅ​ទី​នោះ​ឆ្លង​មិន​ផុត​ទឹក​ទី​៣។ ចំពោះ​ ស្ថានភាព​​អ្នក​គាំទ្រ​វិញ​គឺ​មាន​សភាព​អ៊ូអរ និង​មាន​គាំទ្រ​ច្រើន​ដែល​ធ្វើ​ឲ្យ​វិស័យ​កីឡា​របស់​ប្រទេស​គេ​ភាព​ទាក់​ទាញ។

 

ផល​លំបាក​សម្រាប់​ការ​ប្រកួត​នេះ ឪពុក​កូន​៣​នាក់ សរ សី​​ បាន​ឲ្យ​​ដឹង​ពី​ផល​លំបាក​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រកួត​នេះ​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​អាណិត​ខ្លួន​ឯង​ដែរ ស្ទើរ​ស្រក់​ទឹក​ភ្នែក​ ព្រោះ​អត់​ចេះ​អី​សោះ ទៅ​តែ​ពីរ​នាក់​ជា​មួយ​ប្រពន្ធ​របស់​គ្រូ។ ប្រពន្ធ​របស់​គ្រូ​ជា​អ្នក​បក​ប្រែ​ភាសា​ថៃ និង​អង់គ្លេស ហើយ​ខ្ញុំ​អត់​ចេះ​អី​តិច​សោះ។ បើ​ប្រពន្ធ​គ្រូ​ទៅ​ណា​ឆ្ងាយ​បន្តិច ខ្ញុំ​ដឹង​ថា មាន​អារម្មណ៍​មិន​ស្រួល»។

 

ប៉ុន្តែ​មាន​អ្នក​គាំទ្រ​ថៃ និង​ប្រជា​ជន​ខ្មែរ​នៅ​ទី​នោះ​បាន​ជួយ​លើក​ទឹក​ចិត្ត​ខ្លះ​ដែរ។ «ពេល​ចេញ​ទៅ​សង្វៀន អ្នក​គាំទ្រ​គេ​ស្វាគមន៍ សុំ​ចាប់​ដៃ សុំ​ថត​ជា​មួយ មាន​អារម្មណ៍​ថា រំភើប​ដែរ ហើយ​ សូម​អរគុណ​ដល់​ប្រជា​ជន​ខ្មែរ​នៅ​ទី​នោះ​ពីរ​បី​នាក់​បាន​​ជួយ​ឲ្យ​ទឹក​ខ្ញុំ បើ​អត់​ពួក​គាត់​គ្មាន​នរណា​ជួយ​ខ្ញុំ​ទេ ព្រោះ​ប្រពន្ធ​គ្រូ​តែ​ម្នាក់​ឯង​ ហើយ​គាត់​ជា​ស្រី​ទៀត​ទៅ​ឲ្យ​ទឹក​មនុស្ស​ប្រុស​ម៉េច​កើត»។ សរ សី​រៀប​រាប់។

សរ សី ពេល​ហាត់​នៅ​ស្តាត​ចាស់

ត្អូញត្អែរ​រឿង​ប្រាក់​តម្លៃ​ខ្លួន សរ សី​បាន​ឲ្យ​ដឹង​ថា ប្រាក់​តម្លៃ​ខ្លួន​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ក្នុង​ទ្រុង​នៅ​ប្រទេស​ថៃ​នេះ​មិន​ច្រើន​ជាង​ការ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​នៅ​កម្ពុជា​ប៉ុន្មាន​នោះ​ទេ។ បន្ទាប់​ពី​កាត់​ការ​ចំណាយ ក៏​គ្មាន​សល់​អ្វី​ច្រើន​ដែរ។

 

សរ សី​ដែល​ជា​អ្នក​លក់​ដូង​ខ្ទិះ​បាន​ប្រាប់​ថា ៖«ខ្ញុំ​ទទួល​បាន​៦​ពាន់​បាត បើ​គិត​ជា​ប្រាក់​ខ្មែរ​ប្រហែល​ជា​៧០​ម៉ឺន​រៀល​ប៉ុណ្ណោះ តែ​បើ​អ្នក​ឈ្នះ​ទទួល​បាន​មួយ​ម៉ឺន​បាត។ ខ្ញុំ​ចំណាយ​អស់​ច្រើន​ដែរ ព្រោះ​ហើម​មុខ​មាត់ ត្រូវ​ព្យួរ​សេរ៉ូម ចាក់​ថ្នាំ ចែក​គ្រូ​ផង អី​ផង​អត់​មាន​សល់​អ្វី​ច្រើន​ទេ»។

 

អ្នក​ប្រដាល់​រូប​នេះ​បញ្ជាក់​ថា សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​នេះ ខាង​កម្មវិធី​ចេញ​ថ្លៃ​ធ្វើ​ដំណើរ ស្នាក់​នៅ​ផ្ទះ​សំណាក់ និង​អាហារ​នៅ​ផ្ទះ​សំណាក់ ប៉ុន្តែ​សម្រាប់​អាហារ​ពេល​ធ្វើ​ដំណើរ​ទៅ និង​មក​វិញ​ចេញ​ដោយ​ខ្លួន​ឯង។

 

សរ សី ជា​អ្នក​ប្រដាល់​វ័យ​ចំណាស់​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ដោយ​បច្ចុប្បន្ន​ពឹង​ផ្អែក​លើ​ចំណូល​ពី​ការ​ប្រដាល់​ទាំង​ស្រុង បន្ទាប់​ពី​ខក​ខាន​លក់​ដូង​ខ្ទិះ​អស់​រយៈ​ពេល​ច្រើន​ខែ​ដោយ​សារ​​លក់​មិន​សូវ​ដាច់ ហើយ​ប្រពន្ធ​ក៏​ទើប​ឆ្លង​ទន្លេ​ទៀត។ ចំពោះ​អាជីព​ប្រដាល់​ទៀត​សោត កីឡាករ​រូប​នេះ​ក៏​មិន​សូវ​ជោគជ័យ​ដោយ​ខ្វល់ខ្វាយ​រឿង​ជីវភាព​គ្រួសារ​ជាង​ការ​ហ្វឹកហាត់៕

វីដេអូ​ប្រកួត​​នៅ​ថៃ http://youtu.be/n9cy8nkxYGY

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី