• 2024-10-18 06:15:04
  • ប្រដាល់

ឯកឧត្ដម​ ថោង​ ខុន៖​ ប្រកាស​បើក​ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” ជា​ផ្លូវ​ការ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

  • 2024-10-18 06:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ និង​ប្រជុំ​ដោយ​អ្នក​ក្បាច់​គុន​បុរាណ​គ្រប់​ទិសទី​របស់​ខ្មែរ ​ដែល​បាន​មក​ចូលរួម​ នៃ​ការប្រកួត​យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” ​បាន​ប្រកាស​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​កាល​​ពី​ព្រឹកមិញ​នេះ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​បវរធិបតី។​

រូបភាព Olympic Cambodia

ឯកឧត្ដម​ ថោង​ ខុន​ ប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” បានសម្ដែងនូវកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សក្រៃលែង ដោយបានទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ដ្រី ធ្វើជាអធិបតីក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះនេះដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតី ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។

. រូបភាព Olympic Cambodia

ថ្នាក់​ដឹកនាំ​ជំនាញ​ស្ទាត់​ខាង​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ នេះគឺជាព្រឹត្តិការណ៍កីឡា វប្បធម៌ ទេសចរណ៍ដ៏មានសារៈសំខាន់ និងមានគុណតម្លៃថ្លៃថ្លាបំផុតក្នុងការចូលរួមចំណែកគាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាមរបស់ ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ដែលបានប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើតបាន អាណាចក្រខ្មែរ ដ៏រឹងមាំនាសម័យបុរាណ ព្រមជាមួយនេះក៏ដើម្បីសិក្សាស្រាវជ្រាវប្រវត្តិយុទ្ធគុន ស្វែងរកប្រភពឯកសារបុរាណ និងទស្សនវិជ្ជាយុទ្ធគុនដូនតាខ្មែរ ដែលនៅសេសសល់ ហើយកំពុងកប់បាត់ក្នុងសហគមន៍ ដើម្បីយកមករៀបចំជាឯកសារ ទាំងឯកសារសំណេរ និងឯកសារឌីជីថលរបស់ជាតិសម្រាប់បន្សល់ទុកឱ្យកូនខ្មែរគ្រប់ជំនាន់ប្រើប្រាស់ជាមូលដ្ឋាន។

រូបភាព Olympic Cambodia

បញ្ជាក់​ដែរ​ថា​ ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” នេះ​មាន​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃទី១៨​ ដល់​ ២០​ ខែ​តុលា​ ឆ្នាំ២០២៤​ ដែល​កំពុង​ធ្វើ​ការ​ប្រកួត​ផ្ទាល់​ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ នេះ​ជា​ការ​ប្រកួត​លើក​ទី១​ ស្របពេល​មាន​អ្នក​ចូលរួម​ពី​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ ព្រឹទ្ធាចារ្យ​សរុប​សរុប​ជាង​ ៧០០នាក់។​ ក្នុង​ថ្ងៃ​បិទ​ការ​ប្រកួត​ថ្ងៃ​ទី២០​ ខែ​តុលា​ ឆ្នាំ២០២៤​ នឹង​មាន​ការ​អញ្ជើញ​ចូលរួម​​​​ដោយ​សម្ដេច​បវរធិបតី ផង​ដែរ៕​

អត្ថបទ​ដើម Olympic Cambodia

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី