- 2024-09-10 02:39:53
- ប្រដាល់
ឯកឧត្ដម ហេង សុឃន ជាប់ជាប្រធានសហព័ន្ធឃីកបុកស៊ីង អាណត្តិទី២ ឆ្នាំ២០២៤-២០២៨
- 2024-09-10 02:39:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ហេង សុឃន ជាប់ជាប្រធានសហព័ន្ធឃីកបុកស៊ីង អាណត្តិទី២ ឆ្នាំ២០២៤-២០២៨
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចប់អាណត្តិទី១ សហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើមហាសន្និបាតបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធក្នុងនោះឯកឧត្ដម ហេង សុឃន ដែលជាប្រធានចាស់បានទទួលការគាំទ្រជាប់ជាប្រធាននៅអាណត្តិទី២ បន្តទៀត។
ឯកឧត្ដម ហេង សុឃន បានប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងដឹកនាំសហព័ន្ធឃីកបុកស៊ីងឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត និងស្វែងរកឧត្ដមភាពជូនកម្ពុជាតាមរយៈការដណ្ដើមមេដាយលើឆាកអន្តរជាតិផ្សេងៗនៅពេលខាងមុខ។
ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា ផែនការសំខាន់ៗដូចជាការបណ្ដុះធនធានឲ្យបានកាន់តែច្រើនសហព័ន្ធបានបញ្ជ្រាប់កីឡាករថ្នាលឲ្យបានឡើងប្រកួតជាបន្តបន្ទាប់នៅតាមស្ថានីយទូរទស្សន៍ ឬសង្វៀនផ្សេងៗសន្សំបទពិសោធឈានស្នងកីឡាកររៀមច្បងផងដែរ។
ជាមួយគ្នានេះដែរឯកឧត្ដមរួមទាំងមន្ត្រីសហព័ន្ធបានសន្យានឹងរៀបចំការប្រកួតជើងឯកអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខែក្រោយនេះឲ្យបានល្អប្រសើរពិសេសការត្រៀមទទួលប្រតិភូ គ្រូបង្វឹក កីឡាករ ដែលសរុបជាង ៦០០នាក់នឹងមកចូលរួមនេះ។
បញ្ជាក់ដែរថា មហាសន្និបាតបញ្ចប់អាណត្តិទី១ និងការលើកទិសដៅការងារអាណត្តិថ្មីរបស់សហព័ន្ធប្រដាល់ឃីកបុកស៊ីង ម្សិលមិញនេះធ្វើឡើងនៅសណ្ឋាគារភ្នំពេញក្រោមអធិបតីភាពឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា អគ្គលេខាធិការ NOCC រួមទាំងថ្នាក់ដឹកនាំតាមបណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួនផងដែរ។ សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៩រូបរួមមានឯកឧត្តម ហេង សុខឃន ជាប្រធានសហព័ន្ធ អនុប្រធាន ៧រូបឯកឧត្តម ម៉ិល កាដូ ឧត្តមសេនីយ៍ទោ ប៉ែន ស៊ីនេត លោក គង់ វិសាល លោក ទុយ ប៊ុនហឿន លោក វ៉ន វីវ៉ា លោក ផេង វណ្ណៈ និងលោក តែម សុខវឌ្ឍនា។ អគ្គលេខាធិការលោក គឹមស្រ៊ុន កុសល អគ្គលេខាធិការរង ៣រូប និងអគ្គហេរញ្ញិក លោកស្រី សុន រ៉ាវី ព្រមទាំងអគ្គហេរញ្ញិករង និងសមាជិក ៥រូបទៀត៕