• 2024-08-28 04:15:18
  • ប្រដាល់

ឯកឧត្ដម​ ខូវ ឆាយ៖​ មាន​បញ្ហា​ចម្រូងចម្រាស​រឿង​ការ​ដាក់​ពិន្ទុ​កន្លង​ទៅ​ក្ដី​ សហព័ន្ធ​គ្មាន​គម្រោង​ធ្វើ​ទំនើបកម្ម​ការ​ដាក់​ពិន្ទុ​ដូច​ស៊ីហ្គេម​នោះ​ទេ​

  • 2024-08-28 04:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ហាក់​រង​ការ​រិះគន់​ច្រើន​ពី​មហាជន​ពិសេស​ការ​ដាក់​ពិន្ទុ​ និង​កាត់សេចក្ដី​ចាញ់-ឈ្នះ​តែ​ម្ដង​ យ៉ាងណា​ប្រធាន​សហព័ន្ធ​ក៏​គ្មាន​គម្រោង​ធ្វើ​ទំនើបកម្ម​ ឬ​ផ្លាស់ប្ដូរ​ឲ្យ​ដូច​ទៅ​និង​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ឡើយ។​

ទិដ្ឋភាពសន្និសីទ​សារព័ត៌មាន​

ឆ្លើយតប​និង​សំនួរ​អ្នក​សារព័ត៌មាន​នា​ពេល​កន្លង​ទៅ​ «ដោយ​សារ​តែ​បញ្ហា​ការ​ដាក់​ពិន្ទុ​មាន​ជា​បន្តបន្ទាប់​ មហាជន​រិះគន់​ច្រើន​លើ​រឿង​ទាំង​នេះ​ដែរ​ តើ​សហព័ន្ធ​មាន​គម្រោង​ផ្លាស់ប្ដូរ​ ឬ​ធ្វើ​ឲ្យ​ដូច​ការ​ប្រកួត​នៅស៊ីហ្គេម​ដែរ​ទេ?» ឯកឧត្ដម​ ខូវ​ ឆាយ​ ប្រធាន​ប្រដាល់​គុន​ខ្មែរ​ឆ្លើយតប​ថា​ មិន​ចាំបាច់​ទៅ​ធ្វើ​ដូច​នៅ​ស៊ីហ្គេម​អ្វី​​នោះ​ទេ​ ព្រោះ​មនុស្ស​អ្នក​ចុច​ប៊ូតុង​ដដែល​ទេ។​ ការ​ប្រើ​ដូច​ហ្គេម​មាន​ Screen មើល​គឺ​ការពារ​គណៈវិនិច្ឆ័យ​កាច់​លទ្ធផល​ចុង​ក្រោយ​ប៉ុណ្ណោះ។​

រូបភាពវគ្គបំប៉នមន្ត្រីចៅក្រម អាជ្ញាកណ្ដាល

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ដាក់​ពិន្ទុ​ដោយ​មនុស្ស​តែង​មាន​ការ​លំអៀង​ហើយ​គ្រាន់​តែ​ តិច ឬ​ច្រើន​ សូម្បី​ប្រដាល់​កម្រិត​ពិភពលោក​ឧទាហរណ៍​ ប៉ាក់គីអៅ​ និង​ ផ្លយ​ ក៏​មាន​អីចឹង​ដែរ។​ ដូច្នេះ​សហព័ន្ធ​មិន​ចាំបាច់​ទៅ​ផ្លាស់ប្ដូរ​ដូច​នៅ​ស៊ីហ្គេម​អ្វី​នោះ​ឡើយ​ ពោល​គឺ​ពង្រឹង​សមត្ថភាព​មន្ត្រី​ចៅក្រម​ អាជ្ញាកណ្ដាល​ និង​ពន្យល់​ឲ្យ​ធ្វើ​ការ​ដោយ​យក​ចិត្ត​ទុកដាក់​ដើម្បី​កាត់បន្ថយ​លើ​បញ្ហា​ដាក់​ពិន្ទុ​នេះ​ឲ្យ​មាន​តិច​បំផុត។​

បញ្ជាក់​ដែរ​ថា​ ការ​រិះគន់​ខ្លាំង​របស់​មហាជន​ពាក់ព័ន្ធ​ការ​ដាក់​ពិន្ទុ​ធំៗ​កន្លង​ទៅ​នេះ​មាន​ដូច​ជា​លើ​រឿង​ ព្រំ​ សំណាង​ ប៉ះ​ Lucas Gabriel នៅ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស រិន​ ដេវីត​ ប៉ះ​ ធន់ អៀងឡៃ ​នៅ​ស្ថានីយ​ទូរទស្សន៍​ថោន​ ជា​ដើម។​ ការ​លើក​ឡើង​របស់​ឯកឧត្ដម​ ខូវ​ ឆាយ​ នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣​ ខែ​សីហា ឆ្នាំ​២០២៤ ក្នុង​សន្និសីទ​សារព័ត៌មាន​ឯ​ទីស្នាក់ការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី