- 2024-08-05 06:21:45
- ប្រដាល់
ស្ថានីយទូរទស្សន៍អប្សរា វិលចូលវិស័យប្រដាល់វិញហើយដើម្បីជួយផ្សព្វផ្សាយកម្មវិធីថ្នាល KKIF
- 2024-08-05 06:21:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានីយទូរទស្សន៍អប្សរា វិលចូលវិស័យប្រដាល់វិញហើយដើម្បីជួយផ្សព្វផ្សាយកម្មវិធីថ្នាល KKIF
ចន្លោះមិនឃើញ
ស្ថានីយទូរទស្សន៍អប្សរា មេឌា សឺវីស (AMS) ដែលជាទូរទស្សន៍ដ៏ល្បីក្នុងការផ្សព្វផ្សាយប្រដាល់គុនខ្មែរពីមុន ឥលូវនេះបានវិលចូលក្នុងវិស័យប្រដាល់នេះជាថ្មីហើយតាមរយៈការចាប់ដៃគូជាមួយក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) ជួយលើកស្ទួយថ្នាលគុនខ្មែរ។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់ (MOU) កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរា ពិតជាមានមោទកភាព និងភាពរីករាយជាខ្លាំងដែលបានចាប់ដៃគូជាយុទ្ធសាស្ត្រជាមួយក្លឹបប្រដាល់ KKIF។
បន្ថែមពីនេះទូរទស្សន៍អប្សរា និង ហ្វេសបុកផេក AMS Sport នឹងជួយផ្សាយលើកម្មវិធីប្រកួតចំនួនពីរ គឺកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ និងកម្មវិធីតេជះគុនខ្មែរ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ជាមួយគ្នានោះដែរនឹងបង្កើតមាតិកាជាច្រើនទៀតទាំងការហ្វឹកហាត់ ការប្រកួតនានាដើម្បីផ្សព្វផ្សាយឲ្យកាន់តែផុលផុសមិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ។ ទូរទស្សន៍អប្សរា នឹងរួមចំណែកអភិវឌ្ឍន៍ថ្នាលគុនខ្មែរជាមួយក្លឹបប្រដាល់ KKIF ឲ្យក្បាច់គុនមួយនេះកាន់តែរីកចម្រើនលើឆាកអន្តរជាតិ និងសំបូរទៅដោយធនធានតាមរយៈការបណ្ដុះបណ្ដាលរួមគ្នាចាប់ពីពេលនេះតទៅ។
ចំណែកលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លឹបប្រដាល់គុនខ្មែរ KKIF បានលើកឡើងថា ជាយូរណាស់មកហើយដែរដែលលោក និងក្រុមការងារក្លឹបបានធ្វើសកម្មភាពផ្សព្វផ្សាយប្រដាល់គុនខ្មែរ និងថ្នាលគុនខ្មែរ ទៅកាន់ពិភពលោកដោយពេលខ្លះត្រូវចំណាយនូវថវិកាផ្ទាល់ខ្លួនជាច្រើន។ ឥលូវនេះលោកមានចិត្តសប្បាយរីករាយជាខ្លាំងចំពោះការសហការជាមួយទូរទស្សន៍ អប្សរា ដើម្បីរួមចំណែកពង្រីកផ្សព្វផ្សាយកេរមរតកក្បាច់គុនមួយនេះបន្ថែមទៀត។ លោកឧកញ៉ាថ្លែងអំណរគុណដល់សមាជិកភាគីទាំងពីរដែលខិតខំទំនាក់ទំនង និងធ្វើការជាមួយគ្នារហូតឈានដល់កិច្ចសហប្រតិបត្តិការចុះ MOU នេះឡើងដោយភាពរីករាយ។
បញ្ជាក់ដែរថា ពិធីចុះអនុស្សរណៈយោគយល់ (MOU) រវាងទូរទស្សន៍អប្សរា (AMS) និងក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) នេះធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅផ្សារជីបម៉ុង ២៧១។ ការអញ្ជើញចូលរួមមានលោក លឹម ឃុនស្រ៊ុននិងក្រុមការងារទូរទស្សន៍អប្សរា ជាមួយភាគីខាងក្លឹបប្រដាល់ KKIF ដឹកនាំដោយលោកឧកញ៉ា ស្រី ចាន់ថន និងលោក ម៉ិល កាដូ តំណាងសហព័ន្ធប្រដាល់គុនខ្មែរផងដែរ៕