• 2024-08-01 05:48:24
  • ប្រដាល់

ឯកឧត្ដម​ ខូវ​ ឆាយ៖​ វគ្គ​បំប៉ន​ចៅក្រម​ អាជ្ញាកណ្ដាល​គុន​ខ្មែរ​គឺ​ឆ្ពោះ​ទៅ​រក​ស្តង់ដារ​រួម​លើ​ការ​ដាក់​ពិន្ទុ​ ការ​កាត់សេចក្ដី​

  • 2024-08-01 05:48:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ខូវ​ ឆាយ​ ថា​វគ្គ​បំប៉ន​លើ​មន្ត្រី​បច្ចេកទេស​ ចៅក្រម​ អាជ្ញាកណ្ដាល​ នេះ​គឺ​ផ្ដោត​លើ​ស្តង់ដារ​រួម​នៃ​ការ​កាត់សេចក្ដី​ ការ​ដាក់​ពិន្ទុ​ត្រូវ​គោរព​គោលការណ៍​តែ​មួយ​ និង​សង្ឃឹម​ថា​បន្ទាប់​ពី​បញ្ចប់​វគ្គ​នេះ​នឹង​កាត់បន្ថយ​នូវ​កំហុសឆ្គង​នានា​នៅ​តាម​សង្វៀន។​

ឯកឧត្ដម​ ខូវ​ ឆាយ​(ឆ្វេង)

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ឯកឧត្ដម​ ខូវ​ ឆាយ​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​បំប៉ន​មន្ត្រី​គ្រប់គ្រង​ការ​ប្រកួត​ ចៅក្រម​ អាជ្ញាកណ្ដាល​ នេះ​គឺ​ផ្ដោត​ពង្រឹង​សមត្ថភាព​ការងារ​ពិសេស​ការ​ដាក់​ពិន្ទុ​ឈរ​លើ​គោលការណ៍​ ឬ​ស្តង់ដារ​តែ​មួយ​ដូច​គ្នា​ប៉ុណ្ណោះ។​ កន្លង​ទៅ​ដូច​មើល​ឃើញ​ស្រាប់​ហើយ​ការ​ដាក់​ពិន្ទុ​មិន​មាន​គោលការណ៍​តែ​មួយស្តង់ដារ​ដូច​គ្នា​ឡើយ​ ពោល​ចៅក្រម​ខ្លះ​ដាក់​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​ទៅ​ ចៅក្រម​ផ្សេង​ទៀត​ដាក់​តាម​ចិត្ត​របស់​ខ្លួន​ទៅ​វិញ​ហេតុ​នេះ​ហើយ​ទើប​មាន​ការ​មិន​យល់ស្រប​លើ​ការ​កាត់សេចក្ដី​ជា​ហូរហែ។​

ទិដ្ឋភាពបិទវគ្គ

ឯកឧត្ដម​លើក​ឡើង​ទៀត​ថា​ បន្ទាប់​ពី​បញ្ចប់​វគ្គ​បំប៉ន​នេះ​ទៅ​លោក​នឹង​តាមដាន​លទ្ធផល​នៃ​ការ​អនុវត្តន៍​ការងារ​បន្ថែម​ទៀត​ និង​បែងចែក​កម្រិត​មន្ត្រី​រូប​ណា​ខ្លះ​ស្ថិត​ក្នុង​លំដាប់​ផ្សេងៗ​គ្នា។​ ជា​មួយ​គ្នា​នេះ​ដែរ​ប្រធាន​សហព័ន្ធ​រូប​នេះ​សង្ឃឹម​ថា​មន្ត្រី​ទាំង​អស់​នឹង​អនុវត្តន៍​ការងារ​កាន់​តែ​មាន​ប្រសិទ្ធភាព​ និង​កាត់​បន្ថយ​កំហុសឆ្គង​នៅ​តាម​សង្វៀន​នានា។​

ទិដ្ឋភាពបិទវគ្គ

បញ្ជាក់​ដែរ​ថា​ វគ្គ​បំប៉ន​មន្ត្រី​គ្រប់គ្រង​ការ​ប្រកួត​ ចៅក្រម​ អាជ្ញាកណ្ដាល​ នេះ​មាន​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៩​ ដល់​ ៣១​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នៅ​សាល​ប្រជុំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ដែល​ជា​ចៅក្រម​ អាជ្ញាកណ្ដាល​ចូលរួម​សរុប​ ១៨០​នាក់ (នារី១៤នាក់)៕​

ទិដ្ឋភាពបិទវគ្គ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់