- 2024-07-25 08:19:10
- ប្រដាល់
ប្រធានសហព័ន្ធប្រដាល់ថ្មីរៀងកាចបន្តិចហើយ ពិសេសរឿងឡាំប៉ាតាមសង្វៀននេះគ្មានការលើកលែងទេ
- 2024-07-25 08:19:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធប្រដាល់ថ្មីរៀងកាចបន្តិចហើយ ពិសេសរឿងឡាំប៉ាតាមសង្វៀននេះគ្មានការលើកលែងទេ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរថ្មី ឯកឧត្ដម ខូវ ឆាយ រៀងកាចបន្តិចហើយពិសេសមិនថាគ្រូ ឬកីឡាករដែលឡាំប៉ាធ្វើទង្វើបង្កចលាចលតាមសង្វៀននានាមិនអាចលើកលែងបានឡើយដូចករណីលោក អេ ភូថង នេះជាដើម។
ដូចទៅនិងការលើកឡើងពេលចូលកាន់តំណែងជាប្រធានសហព័ន្ធគុនខ្មែរដំបូងម្ល៉េះគឺឯកឧត្ដមនឹងចេញមុខដោះស្រាយរាល់បាតុភាពនានាក្នុងរង្វង់គុនខ្មែរពិសេសការប្រកាន់បក្សពួក និងភាពមិនប្រក្រតីនៃការប្រកួតនានាផងដែរ។
ជាក់ស្ដែងដូចរឿងការប្រកួតដណ្ដើមខ្សែក្រវាត់របស់ រិន ដេវីត និង ធន់ អេងឡៃ កន្លងទៅដោយដោះស្រាយឲ្យប្រកួតឡើងវិញ។ រឿងលោក ឡោ សំណាង ឡើងទៅបង្ហាញកាយវិការមិនសមរម្យអំឡុងការប្រកួតរបស់ រិន ដេវីត កន្លងទៅនោះក៏មានការដាក់វិន័យផងដែរ។
ងាកមករឿងថ្មីៗនេះរបស់លោក អេ ភូថង ចំពោះការជេរប្រមាថ និងមិនផ្ដល់តម្លៃដល់មន្ត្រីសហព័ន្ធ អាជ្ញាកណ្ដាល ប្រធានគណៈវិនិច្ឆ័យកន្លងទៅនេះក៏រងការដាក់វិន័យផងដែរបើទោះជាលោកមានកេរ្តិ៍ឈ្មោះ និងគុណសម្បត្តិជាច្រើនក្នុងវិស័យប្រដាល់គុនខ្មែរក៏ដោយ។
ជាមួយនិងរឿងខាងលើនេះដែរឯកឧត្ដម ខូវ ឆាយ បានលើកឡើងថា លោកមកនេះមិនមែនជាមេសហព័ន្ធនោះទេ មកក្នុងនាមជាប្រធានសហព័ន្ធដែលដឹកនាំមន្ត្រីក្រោមឱវាទគោរព និងអនុវត្តន៍ច្បាប់ ដូច្នេះចំពោះមន្ត្រី ឬគ្រូបង្វឹក កីឡាករណាដែលប្រព្រឹត្តិខុសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់សហព័ន្ធ។ ក្នុងករណីធ្ងន់ធ្ងរឈានដល់ការដកចេញឯកឧត្ដមនឹងដកចេញ។
ឯកឧត្ដមសង្កត់ធ្ងន់ចំពោះករណីរឿងដូចលោក អេ ភូថង រួមទាំងបណ្ដាគ្រូបង្វឹក កីឡាករផ្សេងៗទៀតដែរសូមកុំឲ្យមានទង្វើមិនល្អបែបនេះនៅពេលក្រោយៗទៀតមិនថាក្នុងសង្វៀនប្រដាល់ណាមួយឡើយ។ ប្រសិនបើកីឡាករផ្ទាល់ ឬគ្រូបង្វឹកមិនពេញចិត្ត មិនអស់ចិត្តអំពីការសម្រេចលើលទ្ធផលពេលប្រកួតអ្វីនោះសូមអនុវត្តន៍តាមច្បាប់ដូចជាដាក់ពាក្យតវ៉ាមកសហព័ន្ធនោះថ្នាក់ដឹកនាំនឹងពិនិត្យដោះស្រាយជូនភ្លាម។ រៀនអនុវត្តន៍ច្បាប់ឲ្យបានល្អពីឥឡូវទៅនោះនៅពេលប្រដាល់គុនខ្មែរកាន់តែរីកសុះសាយធំទៅធានាមិនមានភាពរញ៉េរញ៉ៃ និងអភិវឌ្ឍន៍ដោយភាពច្បាស់លាស់។
បញ្ជាក់ដែរថា ឯកឧត្ដម ខូវ ឆាយ ត្រូវបានសហព័ន្ធតែងតាំង និងចេញសេចក្ដីប្រកាសជាប្រធានសហព័ន្ធប្រដាល់គុនខ្មែរនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្ដមត្រូវដឹកនាំសហព័ន្ធប្រដាល់គុនខ្មែររហូតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១ ដល់ ២០២៥។ ឯកឧត្ដម ខូវ ឆាយ ចូលមកកាន់ជាប្រធានសហព័ន្ធគុនខ្មែរជំនួសឯកឧត្ដម តែម ម៉ឺន ដែលផ្លាស់ប្ដូរទៅជាប្រធានកិត្តិយសសហព័ន្ធ៕