- 2024-07-24 00:45:00
- ប្រដាល់
លោក អេ ភូថង សុំទោសប្រធានសហព័ន្ធគុនខ្មែរ និងមហាជនចំពោះការប្រមាថលើមន្ត្រីអាជ្ញាកណ្ដាល
- 2024-07-24 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក អេ ភូថង សុំទោសប្រធានសហព័ន្ធគុនខ្មែរ និងមហាជនចំពោះការប្រមាថលើមន្ត្រីអាជ្ញាកណ្ដាល
ចន្លោះមិនឃើញ
នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះលោក អេ ភូថង អ្នកស្រី សាំង សុម៉ាលី រួមទាំងកូនស្រី អេ យ៉ានុត បានមកជួបជាមួយប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងធ្វើការសុំទោសទទួលស្គាល់នូវកំហុសឆ្គងដែលបានជេរប្រមាថដល់មន្ត្រីអាជ្ញាកណ្ដាល និងប្រធានគណៈវិនិច្ឆ័យពេលដែលកូនប្រុសរបស់ខ្លួន ម៉ឺន មេឃា ប្រកួតការពារខ្សែក្រវាត់នៅសង្វៀន PNN។
លោក អេ ភូថង ថ្លែងក្នុងសន្និសីទសារព័ត៌មានម្សិលមិញនេះថា លោកផ្ទាល់រួមទាំងភរិយា និងកូនស្រី ទទួលស្គាល់នូវកំហុសដែលបានធ្វើមិនគប្បីជេរប្រមាថមិនស្ដាប់ការពន្យល់ណែនាំរបស់មន្ត្រីប្រធានគណៈវិនិច្ឆ័យក្នុងពេលដែលបញ្ឈប់ការប្រកួតរបស់ ម៉ឺន មេឃា កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅសង្វៀន PNN។
អតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះពេលចិត្ត និងទទួលនូវការវិន័យរបស់សហព័ន្ធប្រដាល់គុនខ្មែរដែលបានសម្រេច និងសុំទោសមហាជនមេត្តាយោគយល់ចំពោះកំហឹងមួយឆេវរបស់លោក និងក្រុមគ្រួសារដែលធ្វើខុសឆ្គងកន្លងទៅនេះ។
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឯកឧត្ដម ខូវ ឆាយ បានឲ្យដឹងថា ការជួួបជាមួយលោក អេ ភូថង និងក្រុមគ្រួសាររបស់លោកនេះគឺជជែកសម្របសម្រួលភាគីពាក់ព័ន្ធឲ្យយោគយល់ អធ្យាស្រ័យគ្នា និងរួមគ្នាបន្តអភិវឌ្ឍន៍គុនខ្មែរតទៅមុខទៀត។ មួយវិញទៀតដោយសារខាងលោក អេ ភូថង ទទួលស្គាល់កំហុសផង និងសន្យាឈប់ឲ្យមានទង្វើខុសឆ្គងតទៅទៀតហើយនេះជាលើកទីមួយផងនោះ ដូច្នេះសហព័ន្ធនឹងប្រជុំពិភាក្សាបន្ធូរបន្ថយលើការដាក់វិន័យដើម្បីសម្រាល និងឲ្យលោកឆាប់បានបន្តការងារលើវិស័យប្រដាល់នេះវិញ។
បញ្ជាក់ដែរថា សហព័ន្ធប្រដាល់គុនខ្មែរកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះបានចេញសេចក្ដីប្រកាសចំនួន ៣ ដាក់វិន័យលើលោក អេភូថង និងអ្នកស្រី សាំង សុម៉ាលី មិនអនុញ្ញាតឲ្យចូលគ្រប់កម្មវិធីប្រដាល់ដែលរៀបចំដោយសហព័ន្ធរយៈពេល ៦ខែ។ ចំណែក អេ យ៉ានុត ដាក់វិន័យមិនឲ្យចាប់គូប្រដាល់រយៈពេល ៦ខែផងដែរ។ ការដាក់វិន័យនេះដោយយោងលើការប្រព្រឹត្តិខុសឆ្គងដោយមានការជេរប្រមាថ មិនឲ្យតម្លៃលើមន្ត្រីអាជ្ញាកណ្ដាល ប្រធានគណៈវិនិច្ឆ័យដែលបានបញ្ឈប់ការប្រកួតរបស់ ម៉ឺន មេឃា នៅទឹកទី៤ នៃការប្រកួតការពារខ្សែក្រវាត់នៅសង្វៀន PNN កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ៕