• 2024-03-29 12:35:16
  • បាល់ទាត់

Vinicius ជា​កីឡាករ​ប្រេស៊ីល​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​

  • 2024-03-29 12:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Vinicius Jr ជា​កីឡាករ​ប្រេស៊ីល​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ពេល​នេះ​ បន្ទាប់​ពី​ទីផ្សារ​កីឡាករ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​ ខណៈ​ទើប​មាន​វ័យ​២៣ឆ្នាំ​ប៉ុណ្ណោះ​កីឡាករ​រូប​នេះ​មាន​តម្លៃ​ខ្លួន​ប្រមាណ​រហូត​ទៅ​ដល់​ ១៥០លាន​អ៊ឺរ៉ូ​ ​។

នៅ​ក្នុង​វ័យ​ប្រហាក់​ប្រហែល​ ឬ​ក៏​ក្រោម​នឹង​ Vinicius នេះ​មិន​មាន​ច្រើន​កីឡាករ​ច្រើន​រូប​នោះ​ទេ​ ដែល​អាច​មាន​តម្លៃ​ខ្លួន​រហូត​ទៅ​ដល់​រាប់​រយ​លាន​ដូច​គេ​បែប​នេះ​ ដែល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​សមត្ថភាព​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​ ដោយ​គេ​ស័ក្ដិសម​នឹង​ទទួល​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​វ័យ​ក្មេង​បំផុត​របស់​ Real Madrid។

អ្នក​ដែល​មាន​វ័យ​ក្បែរ​ Vinicius ហើយ​មាន​តម្លៃ​ខ្លួន​លើស​ពី​ ១០០លាន​អ៊ឺរ៉ូ​ក្រោយ​ធ្វើ​បច្ចុប្បន្ន​ភាព​តម្លៃ​ខ្លួន​កីឡាករ​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​ ខ្សែប្រយុទ្ធ​ Rodrygo ដែល​មក​ពី​ក្លឹប​ Real Madrid និង​ជា​សញ្ជាតិ​ប្រេស៊ីល​ដូច​ជា​តែ​មាន​តម្លៃ​ខ្លួន​ត្រឹម​ ១០០លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​ពេល​នេះ​។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ Vinicius រូប​នេះ​បាន​គ្រង​តំណែង​ជា​កីឡាករ​វ័យ​ក្មេង​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​បែប​នេះ​ដោយ​ជិត​២ឆ្នាំ​មក​នេះ​គេ​ជាប់​ក្នុង​លំដាប់​តារាង​នេះ​រហូត​មក​។

នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​កីឡាករ​រូប​នេះ​ពិត​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្លឹប​ Real Madrid ពិត​មែន​ដោយ​នៅ​រដូវកាល​នេះ​ចូល​លេង​បាន​២៨ប្រកួត​ និង​ស៊ុត​ចូល​បាន​ ១៨គ្រាប់​។

យ៉ាង​ណា​ងាក​មក​មើល​ពី​ដំណើរ​ជីវិត​បាល់ទាត់​របស់​គេ​ពី​ដើម​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​វិញ​ Vinicius បាន​ចាប់​អាជីព​បាល់ទាត់​តាំង​ពី​វ័យ​ក្មេង​មក​ដោយ​ចូល​លេង​ឲ្យ​ក្រុម​ថ្នាល​ Flamengo ពី​ឆ្នាំ​២០០៥-២០១៧ ហើយ​ក៏​ផ្លាស់​មក​ក្រុម​ឈុត​នៅ​ក្លឹប​នេះ​ពី​ឆ្នាំ​២០១៧-២០១៨​ ដោយ​ចូល​លេង​បាន​ ៦៩ប្រកួត​ និង​ស៊ុត​ចូល​ ១០គ្រាប់​។

បន្ទាប់​មក​គេ​ក៏​ផ្លាស់​មក​កាន់​ Real Madrid Castilla ដោយ​ចូល​លេង​មិន​បាន​ប៉ុន្មាន​ក៏​បាន​ផ្លាស់​មក​កាន់​ Real Madrid ក្រុម​ឈុត​ធំ​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០១៨-២០១៩។ នៅ​ពេល​ផ្លាស់​មក​កាន់​ក្លឹប​ Real Madrid ២-៣រដូវកាល​ដំបូង​ៗ​ កីឡាករ​នេះ​មិន​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​នោះ​ទេ​ ប៉ុន្តែ​គេ​ចាប់​ផ្ដើម​ឡើង​ជើង​ចាប់​ពី​រដូវកាល​ឆ្នាំ​២០២១-២២ រហូត​មក​ដែល​ធ្វើ​ឲ្យ​ក្លឹប​ និង​អ្នកគាំទ្រ​ជឿជាក់​ និង​គាំទ្រ​លើ​សមត្ថភាព​របស់​គេ​។

ចាប់​តាំង​ពី​លេង​ឲ្យ​ក្លឹប​ Real Madrid មក​ Vinicius ចូល​លេង​បាន​ ២៥៣ប្រកួត​ និង​ស៊ុត​ចូល​ ៧៧គ្រាប់​។ កីឡាករ​នេះ​ឈ្នះ​ពាន​ជា​ក្លឹប​អធិរាជ​ស​ Real Madrid នេះ​ដូច​ជា​ពាន​ UEFA Champions League, FIFA Club World Cup, Spanish Champion, UEFA Super Cup, Spanish Cup និង​ Spanish Super Cup។

ក្លឹប​ ក៏​ដូច​ជា​កីឡាករ​រូប​នេះ​ផ្ទាល់​ខ្លួន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នឹង​នៅ​បន្ត​លេង​ឲ្យ​ក្លឹប​ Real Madrid យូរ​ដោយ​កីឡាករ​នេះ​ចង់​បណ្ដុះ​សមត្ថភាព​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៀត​សម្រាប់​ខ្លួន​នៅ​ពេល​អនាគត​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់