- 2023-11-03 08:36:46
- ប្រដាល់
សម្ដេច ហ៊ុន ម៉ាណែត៖ អរគុណ Dave Leduc ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុនបុរាណខ្មែរ
- 2023-11-03 08:36:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន ម៉ាណែត៖ អរគុណ Dave Leduc ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុនបុរាណខ្មែរ
ចន្លោះមិនឃើញ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្ដែងនូវការស្វាគមន៍ចំពោះកីឡាករ Dave Leduc ការមកកាន់ប្រទេសកម្ពុជា និងជំនួបសំណេះសំណាលជាមួយសម្ដេចកាលពីម្សិលមិញនេះ។ ជាមួយគ្នានេះដែរសម្ដេចថ្លែងអំណរគុណចំពោះអ្នកប្រដាល់ មីយ៉ាន់មា រូបនេះដែលបានសិក្សាស្វែងយល់ និងស្រាវជ្រាវអំពីប្រវត្តិក្បាច់គុនបុរាណខ្មែរ។
ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកីឡាករ Dave Leduc ម្សិលមិញនេះសម្ដេច ហ៊ុន ម៉ាណែត សម្ដែងនូវការស្វាគមន៍ចំពោះវត្តមានកីឡាកររូបនេះ និងភរិយា រួមទាំងកីឡាករ ព្រំ សំណាង និងក្រុមការងារផងដែរ។ ជាមួយគ្នានោះសម្ដេចក៏រំលឹកពីបំណងរបស់កីឡាករមីយ៉ាន់ម៉ា ដែលបានទំនាក់ទំនងមកសម្ដេចសុំជួបសំណេះសំណាល ឥលូវនេះបានសម្រេចដូចបំណងប្រាថ្នាហើយ។
សម្ដេចសម្ដែងនូវការអរគុណចំពោះ Dave Leduc ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុនបុរាណខ្មែរ។ ពិតមែនតែប្រទេសនិមួយៗមានវប្បធម៌ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែការប្រកួតនៅកម្ពុជាលើកនេះគឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែករឹតចំណងមិត្តភាព កម្ពុជា-មីយ៉ាន់ម៉ា លើផ្នែកក្បាច់គុនប្រពៃណីនៃប្រទេសទាំងពីរ។
មួយវិញទៀតក៏ជាផ្នែកមួយលើកកម្ពស់ការយល់ដឹងអំពីក្បាច់គុនខ្មែរនៅក្នុងមជ្ឈដ្ឋានជាតិ និងជាការផ្សព្វផ្សាយអំពីគុនខ្មែរឲ្យពិភពលោកបានស្គាល់។ ទន្ទឹមនិងនេះរាជរដ្ឋាភិបាលកម្ពុជាតែងតែបានជំរុញលើកកម្ពស់វិស័យកីឡាពិសេសសម្ដេចតេជោតែងតែយកចិត្តទុកដាក់ និងអភិរក្សក្បាច់គុនខ្មែរជាយូរមកហើយ។
រំលឹកដែរថា កាលពីម្សិលមិញនេះសម្ដេច ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យកីឡាករ Dave Leduc និងកីឡាករ ព្រំ សំណាង និងក្រុមការងារចូលជុំសម្ដែងការគួរសម។ កីឡាករ ព្រំ សំណាង នឹងប្រកួតជាមួយជើងខ្លាំង Dave Leduc នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះនៅភ្នំពេញ៕