• 2023-10-23 05:51:46
  • ប្រដាល់

សង្វៀន​បាយ័ន​ ចាប់ផ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវកាល​ទី១០​ ខណៈ​ចំណងមិត្តភាព​ជា​មួយ​ក្រុមហ៊ុន​មាន​ជាង​១០​ឆ្នាំ​ហើយ​

  • 2023-10-23 05:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​បាយ័ន​ បាន​ប្រកាស​បើក​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​ រដូវកាល​ទី១០​ របស់​ខ្លួន​ហើយ​កាល​ពី​យប់មិញ​នេះ​ ខណៈ​កិច្ចសហការ​ជា​មួយ​ម្ចាស់​ឧបត្ថម្ភ​មួយ​នេះ​មាន​រយៈពេល​ ១០​ឆ្នាំ​មក​ហើយ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​គុន​ខ្មែរ។​

លោក​ នាង​ ស៊ីវុត្ថា​

លោក​ នាង​ ស៊ីវុត្ថា​ ប្រធាន​គ្រប់គ្រង​ប្រដាល់​សង្វៀន​បាយ័ន​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​មក​ដល់​ពេល​នេះ​បាយ័ន​ និង​ខារ៉ាបាវ​បាន​សហការ​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រកួត​ ឬ​ដណ្ដើម​ខ្សែក្រវាត់​ជា​មួយ​គ្នា​រយៈពេល​ជាង​ ៤០០​សប្ដាហ៍​ខ្ទង់​ជាង​ ១០​ឆ្នាំ​ហើយ។​ ក្នុង​នោះ​មាន​ម្ចាស់​ខ្សែក្រវាត់​ខ្លះ​ក៏​បាន​ចូលនិវត្តន៍​ និង​ខ្លះ​ទៀត​ធ្វើ​ជា​គ្រូ​ ចៅក្រម​ប្រដាល់​ទៅ​ហើយ។​

បេក្ខភាពកីឡាករខ្មែរ

ប្រធាន​គ្រប់គ្រង​ប្រដាល់​បាយ័ន​រូប​នេះ​បន្ថែម​ទៀត​ថា​ រយៈពេល​ដ៏​យូរ​នេះ​ស្ថានីយ​រួម​និង​ម្ចាស់​ឧបត្ថម្ភ​បាន​ជួយ​បណ្ដុះធនធាន​ និង​លើក​ស្ទួយ​កីឡាករ​ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ជា​ច្រើន​រូប។​ ពិសេស​ក្រោយ​កូវីដ​នេះ​កីឡាករ​ខ្លះ​ឡើង​ដល់​កំពូល​ល្បី​ពេញ​ប្រទេស​ និង​ក្លឹប​ខ្លះ​ទៀត​ទទួល​បាន​ខ្សែក្រវាត់​ជា​បន្តបន្ទាប់។​ ទាំង​នេះ​គឺ​បាន​មក​ពី​ការ​ផ្ដល់​ឱកាស​របស់​ស្ថានីយ​ និង​ម្ចាស់​ឧបត្ថម្ភ។​

បេក្ខភាពកីឡាករថៃ

លោក​ថ្លែង​អំណរគុណ​អ្នក​គាំទ្រ​ដែល​តែងតែ​ចូល​ទស្សនា​ផ្ទាល់​ពេញៗ​ និង​ទស្សនា​តាម​ការ​ឡាយ​មាន​ចំនួន​ច្រើន​ជា​បន្តបន្ទាប់​នេះ​ហើយ​ជា​កម្លាំង​ចិត្ត​ និង​ជា​ការ​រួមចំណែក​លើក​ស្ទួយ​ប្រដាល់​គុន​ខ្មែរ​របស់​មហាជន​ជា​មួយ​ខាង​ស្ថានីយ។​ សូម​បន្ត​គាំទ្រ​ដល់​បាយ័ន​ដើម្បី​បន្ត​ដំណើរ​ការ​ប្រកួត​ពិសេស​ខ្សែក្រវាត់​រដូវ​កាល​ទី១០​ នេះ​រឹតតែ​ទទួល​ភាព​ជោគជ័យ។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ទី១០​ នេះ​គឺ​ចាប់​ផ្ដើម​ហើយ​កាល​ពី​យប់​មិញ​នេះ។​ បេក្ខភាព​គឺ​មាន​កម្ពុជា​ ៤រូប​ និង​ថៃ​ ៤រូប​ដែល​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត។​ កម្ពុជា​៤រូប​រួម​មាន​ អេលីត​ សម្ផស្ស​ ធន់​ ចាន់តាក់​ ឡុង​ ប៉េងលឿន​ និង​ នូវ​ ដារ៉ូ។​ បើក​ឆាក​សប្ដាហ៍​ទី១​ យប់មិញ​គឺ​ ធន់​ ចាន់តាក់​ និង​ សម្ផស្ស​ ឈ្នះ​ដៃគូ​ដូច​គ្នា​ទទួល​បាន​៣​ពិន្ទុ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី