
- 2023-08-30 08:44:33
- ប្រដាល់
ឃីម បូរ៉ា ប៉ះ ពេជ្រ សម្បត្តិ ប្រកួតថ្ងៃទី៣ កញ្ញា នេះចប់ទឹកទេមើលទៅ...
- 2023-08-30 08:44:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃីម បូរ៉ា ប៉ះ ពេជ្រ សម្បត្តិ ប្រកួតថ្ងៃទី៣ កញ្ញា នេះចប់ទឹកទេមើលទៅ...
ចន្លោះមិនឃើញ
ការប៉ះគ្នារវាងជើងខ្លាំងកំពុងឡើងកូដ ពេជ្រ សម្បត្តិ និងកីឡាករចាស់វស្សា ឃីម បូរ៉ា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លើសង្វៀន ទទក គឺមានការចាប់អារម្មណ៍ខ្លាំងមែនទែនពិសេសការជជែកវែកញែកពីសមត្ថភាពរបស់អ្នកទាំងពីរមានផ្សេងៗគ្នា។
មហាជនគាំទ្រមួយចំនួនបានជ្រើសរើសយកកីឡាករ ពេជ្រ សម្បត្តិ ថានឹងឈ្នះក្នុងជំនួបដណ្ដើមខ្សែក្រវាត់មួយនេះ ព្រោះជាកីឡាករកំពុងឡើងខ្លាំង ពិសេសកណ្ដាប់ដៃធ្ងន់ៗរបស់រូបគេ។ ចំណែកអ្នកខ្លះទៀតបញ្ចេញមតិថា គូនេះអាចនឹងសន្លប់របស់ ពេជ្រ សម្បត្តិ ទៀតផងដោយសារតែមើលឃើញថា ឃីម បូរ៉ា មានកម្លាំងស៊ុហ្វប្រកួតភាគច្រើនត្រឹម៣ទឹកប៉ុណ្ណោះ។
សន្ទុះនៃការគាំទ្រគឺមានផ្សេងៗគ្នាក្នុងនោះក៏មានអ្នកគាំទ្រលើកីឡាករ ឃីម បូរ៉ា ក៏ច្រើនដែរ ដោយមើលឃើញពីភាពចាស់វស្សាលើវិថីគុនខ្មែរ មានបទពិសោធប្រកួតច្រើនជាង ពេជ្រ សម្បត្តិ។ មិនត្រឹមតែប៉ុណ្ណេះអ្នកស្រឡាញ់គាំទ្រក៏ទុកចិត្តលើអាវុធគ្រប់គ្រឿងរបស់ បូរ៉ា ផងដែរ ពិសេសនោះគឺកែងបត់ ស្នៀតជង្គង់ និងការធាក់ទប់ទល់ដៃគូនេះតែម្ដង។
លោក បឺត ខាំ ដែលជាអតីតអ្នកប្រដាល់ល្បីឈ្មោះនៅកម្ពុជា បានបញ្ចេញមតិចំពោះការប៉ះគ្នារបស់ ពេជ្រ សម្បត្តិ និង បូរ៉ា ដែរថា៖ កីឡាករ ឃីម បូរ៉ា មានក្បាច់គុនច្រើនជាង សម្បត្តិ ប៉ុន្តែកម្លាំង និងរាងកាយគឺខ្សោយជាង សម្បត្តិ។ សម្បត្តិ មានរាងកាយមាំមួន និងកណ្ដាប់ដៃធ្ងន់ជាង បូរ៉ា ប៉ុន្តែលទ្ធផលឈ្នះ ឬចាញ់ ភាគរយទៅខាងណានោះលោកមិនហ៊ាននិយាយនោះទេគឺត្រឹមថាគូនេះនឹងល្អមើល។
អតីតអ្នកប្រដាល់មួយរូបទៀត និងជាអ្នកវិភាគប្រដាល់ផងដែរនោះគឺលោក សួង បញ្ញា បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាគូខាងលើនេះលោកគិតថា ឃីម បូរ៉ា អាចនឹងឈ្នះពិន្ទុលើកីឡាករ ពេជ្រ សម្បត្តិ។ ព្រោះប្អូនប្រុសរបស់ ឃីម ឌីម៉ា មានអាវុធមុតស្រួចក្នុងការផ្ដួលដៃគូ។ ចំពោះ ពេជ្រ សម្បត្តិ បច្ចុប្បន្ននេះជាកីឡាករកំពុងឡើង និងមានហាងឆេងខ្ពស់។ រឿងកម្លាំងគឺ ពេជ្រ សម្បត្តិ ល្អជាង បូរ៉ា ប៉ុន្តែក៏មិនដឹងកម្លាំងនេះនឹងស្រុតក្នុងទឹកណាដែរ ប្រសិនបើចូលផ្លែដៃគូច្រើននោះ។
មួយវិញទៀតលោក សួង បញ្ញា មើលឃើញថា ឃីម បូរ៉ា មានកម្ពស់ខ្ពស់ជាង ផ្លែប្រយុទ្ធមុតស្រួចជាង។ សម្បត្តិ ផ្លែខាងលើធ្ងន់ទាំងអស់ ប៉ុន្តែផ្នែកខាងក្រោមរៀងស្រាលបន្តិច ខណៈ បូរ៉ា ផ្នែកក្រោមគឺធ្ងន់ ចំណែកខាងលើក៏ល្អល្មមគួរសមដែរ។
លោក ពេជ្រ សុផាន់ គ្រូរបស់ ពេជ្រ សម្បត្តិ បានលើកឡើងដែរថា លោកទទួលស្គាល់ថា ឃីម បូរ៉ា ជាកីឡាករជើងចាស់ មានបទពិសោធច្រើន ដូច្នេះប្រសិនបើកូនសិស្សរបស់លោកចាញ់គឺជារឿងធម្មតានោះទេ។ ប៉ុន្តែបើ សម្បត្តិ ឈ្នះ បូរ៉ា វិញគឺកូនសិស្សរបស់លោកឡើងទៅមួយកម្រិតទៀតហើយ។ គ្រូប្រដាល់ល្បីឈ្មោះរូបនេះបញ្ជាក់ថា កូនសិស្សរបស់លោកគឺមានផ្លែសម្លាប់របស់ខ្លួនដែរ។ បើរូបលោកហ៊ានដាក់ឲ្យប្រកួតហើយនោះគឺលោកជឿជាក់ និងបានត្រៀមរួចហើយ ដូច្នេះដៃគូចាំតែត្រៀមទទួលទៅ។
បញ្ជាក់ដែរថា កីឡាករ ពេជ្រ សម្បត្តិ នឹងត្រូវប្រកួតជាមួយ ឃីម បូរ៉ា ដណ្ដើមខ្សែក្រវាត់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លើសង្វៀន ទទក។ ការប្រកួតនេះនឹងចាប់ផ្ដើមនាម៉ោង ៥កន្លះល្ងាចតទៅ៕