• 2023-05-12 02:57:29
  • ប្រដាល់

​ព្រំ សំណាង: ​នេះ​អាច​ជា​ការ​ប្រកួត​ស៊ីហ្គេម​ចុង​ក្រោយ​របស់​ខ្ញុំហើយ

  • 2023-05-12 02:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​គុន​ខ្មែរ ព្រំ សំណាង ​បាន​ប្រាប់​ថា​ស៊ីហ្គេម​នៅ​កម្ពុជា​២០២៣​នេះ ជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​ខ្លួន​ហើយ ព្រោះ​រូបគេ​ចង់​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​វិញ​ម្ដង។

សំណាង ​ដែល​មាន​វ័យ​ជ្រេ​ទៅ​ហើយ​នោះ ​ទើប​តែ​ទទួល​បាន​ជោគជ័យ​ខ្លាំង​លើ​វិស័យ​កីឡា​គុន​ខ្មែរ​នេះ​នៅ​ប៉ុន្មាន​ចុង​ក្រោយ​ប៉ុណ្ណោះ។ ពោល​គឺ​ក្រោយ​ពី​លោក​អាច​យក​បាន​ខ្សែ​ក្រវាត់​នៅ Thai Fight ​និង​វាយ​ឈ្នះ​ការ​ប្រកួត​ជា​បន្ដ​បន្ទាប់​ទាំង​សង្វៀន​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក។ ​អ្នក​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ខាង​លើ​បាន​បញ្ជាក់​ថា​ក្ដី​ស្រមៃ​របស់​ខ្លួន​បាន​សម្រេច​ហើយ ពោល​គឺ​យក​មេដាយ​មាស​ជូន​ជាតិ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម។ ​ដូច្នេះ ការ​ប្រកួត​នៅ​លើក​នេះ​អាច​ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ហើយ។

អ្នក​ប្រដាល់​វ័យ​៣៨​ឆ្នាំ​ខាង​លើ​និយាយ​បែប​នេះ​ថា​៖ “ប្រហែល​ជា​លើក​ចុង​ក្រោយ​របស់​ខ្ញុំ​ហើយ​បង​នៅ​ស៊ីហ្គេម...ខ្ញុំ​ទុក​ឱ្យ​កូន​ៗ​លេង​ម្ដង ព្រោះ​ពួកគេ​ធំ​ៗ​ហើយ។ ​ខ្ញុំ​នៅ​តែ​វាយ​ប៉ុស្ដិ​ប៉ុណ្ណោះ។ ខ្ញុំ​នឹង​ខិតខំ​បង្ហាត់​បង្រៀន​កូន​ប្រុស​ខ្ញុំ​ទាំង​អស់​ឱ្យ​តែ​ក្បាច់​គុន​ប្រដាល់​ខ្មែរ ព្រោះ​ខ្ញុំ​ស្រលាញ់​គុន​ខ្មែរ។ ​សម្រាប់​មេដាយ​ខ្ញុំ​ឈ្នះ​នៅ​ថ្ងៃ​នេះ គឺ​សម្រាប់​បងប្អូន​គ្រប់​គ្នា។ ខ្ញុំ​ដឹង​ថា​បងប្អូន​នៅ​ជាមួយ​ខ្ញុំ បើ​ខ្ញុំ​ចាញ់ ​បង​ប្អូន​ក៏​ចាញ់ បើ​ខ្ញុំ​ឈ្នះ​មេដាយ​មាស​នេះ បង​ប្អូន​ក៏​ឈ្នះ​មេដាយ​មាស​នេះ​ដែរ”។

​សូម​បញ្ជាក់​ថា​ការ​ប្រកួត​កីឡា​គុន​ខ្មែរ​នៅ​ស៊ីហ្គេម​២០២៣​បាន​បញ្ចប់​ហើយ​កាល​ពី​ម្សិលមិញ​នេះ ​ដោយ​កម្ពុជា​ប្រមូល​មេដាយ​មាស​បាន​រហូត​ដល់​ទៅ​១៤​គ្រឿង​ឯ​ណោះ។ ​ដោយ​នេះ​ជា​កីឡា​ដែល​កម្ពុជា​ធ្វើ​បាន​ល្អ​ជាង​គេ​បំផុត​ហើយ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ ខណៈ​ដែល​វ៉ូវីណាម ​បាន​ត្រឹម​មេដាយ​មាស​១០​គ្រឿង ​និង​ល្បុក្កតោ​បាន​ត្រឹមមេដាយ​មាស​៨​គ្រឿង​ប៉ុណ្ណោះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់