• 2023-03-27 07:41:01
  • ប្រដាល់

បឺត សង្ឃឹម ​ឈ្នះ​ខ្សែ​ក្រវ៉ាត់ ​IPCC Kun Khmer ​អ្នក​ទស្សនា​ជាង​៣​សែន​នាក់​លើ​អនឡាញ

  • 2023-03-27 07:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វាយ​ក្បាច់ បឺត សង្ឃឹម ​បាន​យក​ឈ្នះ​លើ​កីឡាករ​ វ៉ាន់ វឿន ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​៣ ​យក​បាន​ខ្សែ​ក្រវ៉ាត់​អន្ដរជាតិ​ IPCC Kun Khmer ​នៃ​ព្រឹត្តិការណ៍ WURKZ ​នា​រដូវ​កាល​ទី​២​ហើយ។

​ទី​បំផុត​កម្មវិធី​ Wurkz ​ប្រដាល់​គុនខ្មែរ​ប្រចាំ​ប្រទេស​រដូវកាល​ទី​២​ បាន​បញ្ចប់​ទៅ​ផ្លូវការ​ហើយ​ក្រោម​ក្រសែរ​ភ្នែក​អ្នក​ទស្សនា​ផ្ទាល់​រាប់ម៉ឺន​នាក់​នៅទីតាំងផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល​ ឯ​នៅ​លើ​បណ្តាញ​សង្គម​អនឡាញ​មាន​អ្នកទស្សនា​ផ្ទាល់ជាង ​៣​សែននាក់ ជាពិសេស​នៅលើកញ្ចក់​ទូរ​ទស្សន៍​ Town Full HDTV ក៏មានអ្នកតាមដានទស្សនាច្រើនដូចគ្នា។ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កន្លង​ទៅ ​គឺ​ពោរពេញ​ដោយ​​ជើង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្ដង ដូចជា​ ព្រំ សំណាង, ម៉ឺន មេឃា និង ឈឿង ល្វៃ ​និង​ធឿន ធារ៉ា ​ជា​ដើម។ ស្របពេល​ដែល​សង្វៀន​ថោន បាន​បង្ហាញពី​ផ្នត់គំនិត​ជាតិ​និយម លើ​ការ​បង្ហាញ​ពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ តាម​រយៈ​កម្មវិធីនេះ ​ដ៏​គួរ​ឱ្យ​​ទាក់​ទាញ​​ខ្លាំងបំផុត។​

​និយាយ​ពី​គូ​ឯក​វិញ ​បឺត សង្ឃឹម ​ធ្វើ​បាន​ដូច​អ្វី​ដែល​គេ​និយាយ​មុន​ការ​ប្រកួត​ដែរ។ ​កូន​សិស្ស​របស់​លោក បឹត ខាំ ​រូប​នេះ ​វាយ​ដោយ​គុណភាព ​និង​បច្ចេកទេស​ត្រឹម​ត្រូវ ដែល​ធ្វើ​ឱ្យ វ៉ាន់ វឿន ​មិន​មាន​អ្វី​អាច​ត​ទល់​បាន​នោះ​ទេ។ ​ការ​ប្រកួត​បញ្ចប់​នៅ​ត្រឹម​ទឹក​៣​ប៉ុណ្ណោះ ​ដោយ បឹត សង្ឃឹម ​វាយ វ៉ាន់ វឿន ឱ្យ​សន្លប់ បោះ​បង់​ការ​ប្រកួត ​យក​បាន​ខ្សែ​ក្រវ៉ាត់ ​IPCC Kun Khmer ទម្ងន់ ​៦០ ​​គីឡូក្រាម អមដោយ​​ប្រាក់​រង្វាន់​ ៤៨ លាន​រៀល។ ​បច្ចុប្បន្ន​នេះ ​បឺត សង្ឃឹម មាន​ឈ្មោះ​បោះ​សំឡេង​កាន់តែ​ខ្លាំង ហើយ​អ្នកទស្សនា​ស្ទើរពេញ​មួយ​ប្រទេស បាន​សរសើរ​ពី​បច្ចេក​ទេស និង​កល​​ល្បិច​ប្រកួតដ៏វៃ​ឆ្លាត​របស់​គេ។

​កម្មវិធី Wurkz ​ប្រដាល់គុនខ្មែរ​ប្រចាំ​ប្រទេស​ដែល​ជាការសហការគ្នារវាងស្ថានីយទូរទស្សន៍ Town Full HDTV​ ជាមួយក្រុមហ៊ុន Khmer Berverages បានរកឃើញម្ចាស់ខ្សែក្រវាត់ចំនួន ​២​រូប​ហើយ​ដោយ​រដូវកាលទី១​ បានទៅលើកីឡាករគុនខ្មែរ ផល សោភ័ណ្ឌ ខណៈរដូវកាលទី២​ ដែល​ទើបតែ​បញ្ចប់​ទៅ​ថ្មីៗ​នេះបានទៅលើកីឡាករ បឺត សង្ឃឹម ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់