
- 2023-01-04 08:05:56
- ប្រដាល់
សហព័ន្ធគុនខ្មែរ៖ រឿងក្របខ័ណ្ឌ ធឿន ធារ៉ា កុំនិយាយថាគេមិនជួយមកពីខ្លួនឯង និងក្លឹបទេមិនព្រម
- 2023-01-04 08:05:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធគុនខ្មែរ៖ រឿងក្របខ័ណ្ឌ ធឿន ធារ៉ា កុំនិយាយថាគេមិនជួយមកពីខ្លួនឯង និងក្លឹបទេមិនព្រម
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ បានបកស្រាយចំៗរឿងថា សហព័ន្ធមិនបានជួយអ្វីដល់កីឡាករ ធឿន ធារ៉ា ពិសេសក្របខ័ណ្ឌរដ្ឋណាមួយនោះមិនពិតទេ ពោលការចង់ជួយ ការសម្របសម្រួលឲ្យចូលកីឡាករជម្រើសជាតិ ឬក្របខ័ណ្ឌនេះតាំងពីឆ្នាំ២០១៧ មកម្ល៉េះ។
ឯកឧត្ដម ហេង សុឃន អគ្គលេខាធិការសហព័ន្ធគុនខ្មែរបានឲ្យដឹងថា ចំពោះជ័យជម្នះរបស់កីឡាករ ការចេញទៅប្រកួតនៅក្រៅប្រទេសនានា គឺសហព័ន្ធតែងតែមានការគាំទ្រ និងមានការយោគយល់ច្រើន។ ប៉ុន្តែបើការត្រៀមខ្លួន ឬការហ្វឹកហាត់មិនបានល្អ គឺសហព័ន្ធមិនគាំទ្រចំពោះការចេញទៅនោះឡើយ។
ចំពោះការទទូច ឬការស្នើសុំរបស់មហាជនអំពីការជួយឲ្យបានក្របខ័ណ្ឌរដ្ឋដល់ ធឿន ធារ៉ា នោះឯកឧត្ដម ហេង សុឃន បានបញ្ជាក់ថា សហព័ន្ធបានជួបកីឡាករផ្ទាល់តាំងពីឆ្នាំ២០១៧ អំឡុងការប្រកួតជើងឯកថ្នាក់ជាតិនៅ 7NG មកម្ល៉េះសុំឲ្យចូលជាកីឡាករជម្រើសជាតិ និងស្នើដល់ថ្នាក់ដឹកនាំផ្ដល់ក្របខ័ណ្ឌជូន ប៉ុន្តែសាមីខ្លួនមិនទាន់សម្រេចចិត្ត និងរង់ចាំពីប្រធានក្លឹប ឬគ្រូសិន។
បន្ទាប់មកទៀតសហព័ន្ធបានជួបទាំង ធឿន ធារ៉ា និងលោក អេភូថង រួមទាំងភរិយារបស់លោកជជែក និងស្នើសុំឲ្យរូបគេចូលក្រុមជម្រើសជាតិ និងសន្យាផ្ដល់ជូនក្របខ័ណ្ឌទៀត ប៉ុន្តែមិនមានការយល់ព្រមពីក្លឹបនោះឡើយ។ ឈានដល់ដើមឆ្នាំ ២០២២ សហព័ន្ធបានជួបចរចាជាថ្មីទៀតដើម្បីយក ធឿន ធារ៉ា ចូលជម្រើសជាតិ និងស្នើសុំផ្ដល់ក្របខ័ណ្ឌជាថ្មី ប៉ុន្តែនៅតែបរាជ័យ។ ដែលការទទួចចង់ហៅ ធឿន ធារ៉ា មកនេះដោយសារតែស្ដាយសមត្ថភាព ទេពកោសល និងកាយសម្បទា ពិសេសប្រកួតតំណាងកម្ពុជានៅស៊ីហ្គេម លើកទី៣២ អំឡុងខែឧសភា ខាងមុខ។
បើទោះជាមិនសម្រេចក្នុងការនាំយក ធឿន ធារ៉ា ចូលក្រុមជម្រើសជាតិក្ដី សហព័ន្ធគុនខ្មែរនៅតែបើកភ្លើងខៀវចំពោះរូបគេ និងក្លឹបក្នុងពេលឥឡូវនេះផងដែរដើម្បីបានប្រកួតដណ្ដើមមេដាយពេលស៊ីហ្គេម ប្រវត្តិសាស្ត្ររបស់កម្ពុជា ឆ្នាំ២០២៣ នេះ ។
រំលឹកដែរថា ព្រឹកមិញនេះសហព័ន្ធប្រដាល់គុនខ្មែរបានធ្វើសន្និសិតសារព័ត៌មានមួយនៅស្តាតចាស់ បង្ហាញពីសមិទិផលដែលសហព័ន្ធទទួលបាននាពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរសហព័ន្ធក៏បានបកស្រាយឆ្លើយតបចំពោះរឿង ធឿន ធារ៉ា ដែលអ្នកគាំទ្រចង់ឲ្យបានក្របខ័ណ្ឌ ឬការអើពើណាមួយពីសហព័ន្ធដល់រូបគេផងដែរ។ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ ធឿន ធារ៉ា បានប្រកួតឈ្នះខ្សែក្រវាត់ Thai Fight ១គ្រឿង បន្ទាប់ពីគ្រូពេទ្យបញ្ឈប់ការប្រកួតត្រឹម១ ដោយសារកីឡាករថៃ សៃយុគ របួសបែកធំពេក៕