• 2022-12-19 07:20:39
  • ប្រដាល់

ការ​ប្រដាល់គុនខ្មែរ ប្រចាំ​ប្រទេស​រដូវកាលទី២​កាន់​តែធំ​ជាង​មុន​ចាប់​ផ្តើម​ថ្ងៃ​ទី​២៤​ធ្នូ​

  • 2022-12-19 07:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មហា​ព្រឹត្តិការណ៍​ WURKZ ប្រដាល់គុនខ្មែរ​ ប្រចាំប្រទេសរដូវកាលទី២​ នឹង​ចាប់ផ្តើមជា​ផ្លូវការចាប់​ពី​ថ្ងៃ​ទី២​៤ ខែធ្នូ ឆ្នាំ២០២២​ត​ទៅ ​មាន​លក្ខណៈ​កាន់តែ​ធំ​អស្ចារ្យ​ជាមួយ​នឹង​ការ​បន្ថែម​ការ​ប្រគំតន្ត្រី​រយៈ​ពេល១​ថ្ងៃក្រោយប្រកួត​ ក៏ដូចជា​ការបន្ថែមទីតាំង​ថ្មីមួយចំនួន​ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​អ្នក​ទស្សនា។

ថ្លែង​ក្នុងសន្និសិទសារព័ត៌មានធ្វើឡើង​នៅថ្ងៃទី១៨​ ធ្នូ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល ឯកឧត្តម​ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ​បានឱ្យដឹងដែរថា​ «ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក​ IPCC ​គឺ​សំដៅ​ចូលរួម​ចំណែក​ជ្រើសរើស និង​ពង្រឹង​សមត្ថភាព ​កីឡាករប្រដាល់គុនខ្មែរ​ ដើម្បី​ត្រៀម​លក្ខណៈ​ឆ្ពោះទៅកាន់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២​ ឆ្នាំ២០២៣ ​ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ»។

ដោយឡែកលោក ​គឹមស្រ៊ុន​ កុសល ​តំណាង IPCC ​ប្រចាំនៅកម្ពុជា ​បានឱ្យដឹងដែរថា ​« ក្រោយពី​សម្គាល់​ឃើញ​ថាកីឡា​ប្រដាល់​ក្បាច់​គុនបុរាណ​ខ្មែរ​មាន​ការ​និយម​គាំទ្រ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​ក៏​បាន​ព្យាយាម​បង្កើត​កម្មវិធី​ប្រដាល់​កាន់​តែ​កក្រើក ​និងកាន់តែខ្លាំងសាកសមកិត្តិនាម គុន​បុរាណ​ខ្មែរ ​ដែលស្ថានភាព​បែបនេះបង្ហាញពី​ភាព​ខ្លាំងដូចគ្នា​ទៅ​នឹង​ភេសជ្ជៈប៉ូវកម្លាំង WURKZ ដែល​មាន​ភាព​ពេញ​និយម​ទូទាំង​ប្រទេស​ ប្រៀបដូចកីឡាករគុនខ្មែរពោពេញដោយសមត្ថភាព​ និង​ទេពកោសល្យ​ដើម្បី​ដណ្តើមខ្សែក្រ​វ៉ាត់ជាតិ-អន្តរជាតិ​ International Professional Combat Council (IPCC) ​ជម្រុះវិលជុំតាមបណ្តាខេត្ត-រាជធានី​និងត្រៀមចេញ​ទៅប្រកួតកំរិត​អន្តរជាតិបន្ត​នៅក្រៅ​ប្រទេស»។

អ្នកឧកញ៉ា លាង ម៉េង ​ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​ជាម្ចាស់​ឧបត្ថម្ភផ្តាច់​មុខ​នៃ​ព្រឹត្តិការណ៍​ WURKZ ប្រដាល់គុនខ្មែរ ​ប្រចាំ​ប្រទេស​រដូវកាល​ទី​២ ​បាន​ឱ្យ​ដឹង​ថា​ «រដូវកាលទី​២​នេះ​មាន​លក្ខណៈ​ពិសេសប្លែកជាងរដូវកាលទី១ ​ដោយយើងនឹងមានការរៀបចំព្រឹត្តិការណ៍ ​២ថ្ងៃ ប្រគំតន្ត្រីដ៏​ធំអស្ចារ្យរយៈ​១ថ្ងៃ និងព្រឹត្តិការណ៍ប្រដាល់​ដណ្តើមខ្សែក្រវាត់ពិភពលោក​ IPCC រយៈ១ថ្ងៃ ដើម្បី​ផ្ដល់ជូនបទ​ពិសោធនៃការកម្សាន្តដ៏អស្ចារ្យមិនធ្លាប់មានដល់បងប្អូននៅតាមបណ្តាខេត្ត»។ ​ អ្នកឧកញ៉ា​ បានបន្តទៀតថារាល់កីឡាករបានចូលរួមនឹងទទួលបានប្រាក់រង្វាន់ទាំងអស់គ្នា៖

  • កីឡាករ​ជ័យលាភីលេខ ​១ ទទួលបានប្រាក់រង្វាន់ ៤៨លានរៀល​
  • កីឡាករ​ជ័យលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ ២៤លានរៀល
  • កីឡាករ​ជ័យលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ ១២លានរៀល
  • កីឡាករ​ជ័យលាភីលេខ ៤ ទទួលបានប្រាក់រង្វាន់ ៨លានរៀល
  • ​សម្រាប់​កីឡាករផ្សេងទៀតក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏មា​នប្រាក់រង្វាន់​លើកទឹកចិត្ត​ក្នុង​ម្នាក់​ៗទទួលបាន ៤លានរៀល។​

មហាព្រឹត្តិការណ៍ ​WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស​ នឹងត្រូវធ្វើឡើងនៅទីតាំង​១២ផ្សេង​គ្នា​ដោយ​ការ​ចាប់​ផ្តើមកម្មវិធី​ដំបូង​នៅ​ខេត្តពោធិ៍សាត់ថ្ងៃទី២៤ ​ធ្នូ រួចបន្តទៅកាន់ខេត្តបាត់ដំបង​ បន្ទាយមានជ័យ​ សៀមរាប ខេត្តកំពង់ចាម ​ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង​ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត ​ផ្សារទំនើប ជីប ម៉ុង ២៧១ ​មេហ្គាម៉លក្នុងរាជធានីភ្នំពេញ​ និង​វគ្គផ្តាច់ព្រ័ត្រក្នុង​ទឹកដី​ខណ្ឌកំបូល​រាជធានីភ្នំពេញ។

WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេស មានកីឡាករ ១២រូបត្រូវប្រកួតបែងចែកជា២ពូល​ គឺពូលA និងពូលB​ ដើម្បីស្វែងរកអ្នកខ្លាំងប្រចាំពូលនីមួយៗ ​និង​ប្រកួតខ្វែង​ដើម្បី​ជម្រុះ​យក​ជើងខ្លាំង ​២រូប​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ចុងក្រោយ​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​លំដាប់​ពិភពលោក​ IPCC KUN KHMER រួម​ជាមួយ​នឹង​ប្រាក់​រង្វាន់​ ៤៨​លាន​រៀល​ពី​ភេសជ្ជៈប៉ូវកម្លាំង ​WURKZ៕

ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី