• 2022-12-09 07:48:29
  • ប្រដាល់

ពេជ្រ ប៊ុនសិទ្ធ បន្ទោស​ខ្លួន​ឯង ក្រោយ​ប្រកួត​ចាញ់​កីឡាករ​ថៃ

  • 2022-12-09 07:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សប្ដាហ៍​មុន​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​វ័យ​ក្មេង ពេជ្រ ប៊ុនសិទ្ធ បាន​ប្រកួត​ចាញ់​កីឡាករ​ថៃ ខៃវ៉ានថែ គៀតឆ័ត្រឆ័យ ដោយ​ពិន្ទុ​យ៉ាង​កម្រ ក្នុង​ការ​ប្រកួត​មួយ​ដ៏​តានតឹង​ក្នុង​ក្រប​ខណ្ឌ​មិត្តភាព​របស់​សង្វៀន "Krud គុន​ខ្មែរ"ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា។

នៅ​មុន​ការ​ប្រកួត​នោះ គៀតឆ័ត្រឆ័យ របស់​ថៃ តាមការ​អធិប្បាយ​របស់​ពិធីករ​កម្មវិធី បាន​ឲ្យ​ដឹង​ថា គេ​ដឹង​ថា កីឡាករ កម្ពុជា ជា​កីឡាករ​ជើង​ខ្លាំង​ដែល​ធ្លាប់​ផ្ដួល​មិត្ត​រួម​ជាតិ​របស់​គេ​ជា​ច្រើន​នាក់​រួច​មក​ហើយ ហើយ​នេះ គឺ​ជា​កត្តា​ជំរុញ​ចិត្ត​មួយ​របស់​គេ ដោយ​រូប​គេ​បាន​សច្ចា​ថា​នឹង​យក​ឈ្នះ ប៊ុនសិទ្ធ ឲ្យ​បាន។ ដោយ​ឡែក កីឡាករ​កម្ពុជា​ក៏​ដូច​គ្នា ពោល​គឺ​ចង់​ឈ្នះ​រៀង​ខ្លួន។

គូរទាំង​ពីរ​បើក​ការ​ប្រយុទ្ធ​តាំង​ពីទឹក​ទី១ ដល់​ទី ៥ ។ ក្នុង​ការ​ប្រកួត​នោះ ប៊ុនសិទ្ធ ដែល​ភាគ​ច្រើន​ផ្ដួល​ដៃគូ​ដោយ​កណ្ដាប់​ដៃ​នោះ បែរ​ជា​មិន​អាច​ធ្វើ​អី​បាន ខណៈ គៀតឆ័ត្រឆ័យ ក៏​មាន​កណ្ដាប់​ដៃធ្ងន់ និង​ខ្លាំង​ដូច​គ្នា​ដែរ។ ដោយ​មិន​អាច​ផ្ដួល​គ្នា​ឲ្យ​សន្លប់​ទៅ​វិញ​ទៅ​មក​បាន ចប់​ទឹក​ទី ៥ ចៅ​ក្រម​បាន​សម្រេច​ឲ្យ កីឡាករ​កម្ពុជា​ចាញ់​ពិន្ទុ កីឡាករ។

ក្រោយ​ប្រកាស​លទ្ធផល ប៊ុនសិទ្ធ បាន​ដើរ​ចុះ​ពី​សង្វៀន ដោយ​មិន​មាន​បង្ហាញ​អាការៈ​អ្វី​ប្លែក​ឡើយ។ វិល​មក​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ Sabay កីឡាករ​រូប​នេះ បាន​ប្រាប់​ថា រូប​គេ​ទទួល​ស្គាល់​ចំពោះ​លទ្ធផល​នេះ និង​ថា រូប​គេ​ធ្វើ​មិន​បាន​ល្អ​មែន។ "ខ្ញុំ​សុំទោស​អ្នក​គាំទ្រ...ដែល​ខ្ញុំ​មិន​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត​នេះ...”។

ពេជ្រ ប៊ុនសិទ្ធ ប្រាប់​ថា លោក​មិន​បាន​ត្រៀម​ខ្លួន​ល្អ​សម្រាប់​ការ​ប្រកួត​នេះ​ទេ ដោយ​សារ​មាន​បញ្ហា​សុខភាព។ "ខ្ញុំ​ធ្វើ​អត់បាន​ល្អ ដោយ​សារ​ខ្ញុំ​អត់បាន​​ត្រៀម​ខ្លួន​ល្អ​ដែរ...ខ្ញុំ​ឈឺ...ផ្ដាសាយ ក្ដៅ​ខ្លួន និង​ទើប​តែ​ជា​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ប្រកួត​នេះ​ទេ"។

កីឡាករ​វ័យ​ក្មេង ឲ្យ​ដឹង​ថា ដោយ​សារ​បញ្ហា​សុខភាព លោក​បាន​ហាត់​ត្រៀម​បាន​តែ ២ថ្ងៃ​ប៉ុណ្ណោះ​មុន​ប្រកួត ខណៈ​ពី​ពេល​មុន​ៗ រូប​គេ​ហាត់​ត្រៀម​យ៉ាង​​តិច​ក៏ ១សប្ដាហ៍​មុន​ដែរ។ ដោយ​សារ​តែ​បែប​នេះ កីឡាករ​មក​ពី​ខេត្ត​បាត់​ដំបង នៅ​តែ​ពោល​ថា លោក​ធ្វើ​មិន​បាន​ល្អ និង​សុំ​ទោស​ចំពោះ​អ្នក​គាំទ្រ​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់