• 2022-10-21 02:21:30
  • ប្រដាល់

ONE ប្រកាស​បញ្ចប់​កិច្ចសន្យា​​កីឡាករ​​៦​នាក់​របស់​ក្លឹប​ផេតយិន​ឌី

  • 2022-10-21 02:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​ ONE Championship បាន​​ប្រកាស​យល់​ព្រម​បញ្ចប់​កិច្ចសន្យា​កីឡាករ​៦​រូប​របស់​ក្លឹប​ប្រដាល់​ផេតយិនឌី ក្រោយ​មាន​រឿង​ចម្រូងចម្រាស​កាល​ពី​ពេល​ថ្មី។

ដំណើរ​ដើម​ទង​​កើត​ឡើង បន្ទាប់​ពី​កីឡាករ​ផេតមរកត​​របស់​ក្លឹប​ផេតយិនឌី​បាន​ប្រកួត​ចាញ់​និង​របូត​ខ្សែ​ក្រវាត់ ONE Featherweight ក្រោម​ថ្វី​ដៃ​របស់​កីឡាករ​​ តៈវាន់ឆាយ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ។ លទ្ធផល​​នេះ​បាន​ធ្វើ​ឲ្យ​​ សៀបូត​ដែល​ជា​ប្រធាន​ក្លឹប​ផេតយិនឌី​មិន​ពេញ​​ចិត្ត​​ឡើយ និង​បង្ហាញ​ប្រតិសកម្ម​ជា​ខ្លាំង។

ប៉ុន្មាន​​ថ្ងៃ​ក្រោយ​ការ​ប្រកួត ក្លឹបផេតយិនឌី​បាន​​ផ្ញើ​លិខិត​ទៅ​កាន់​ស្ថាប័ន ONE Championship ដើម្បី​ដក​កីឡាករ​របស់​ខ្លួន​ទាំង​៦​នាក់​ចេញ​ពី​ស្ថាប័ន​ឈប់​ឲ្យ​ប្រកួត។ កីឡាករ​ទាំង​​៦​ដែល​កំពុង​ជាប់​កិច្ចសន្យា​ជាមួយ ONE​ មាន​ដូច​ជា ផេតមរកត, ផេតដាំ, កាពីតាន់, មង្គលផេត, សាវ៉ាស់ និងរិទ្ធទេវតា។

ចេញ​សេចក្ដី​ប្រកាស​កាល​ពី​យប់​មិញ​តាម​រយៈ​អនឡាញ ស្ថាប័ន ONE ពេល​នេះ​យល់​​ព្រម​បញ្ចប់​កុងត្រា​របស់​កីឡាករ​ទាំង​៦​នាក់​ខាង​លើ​ដោយ​មិន​ទាមទារ​សំណង​អ្វី​ទាំង​អស់។ ការ​មិន​ទាមទារ​សំណង​ឬ​ដាក់​ទណ្ឌកម្ម​ផ្សេង​ៗ ដោយ​សារ​តែ ONE គិត​ពី​ផល​ប្រយោជន៍​របស់​កីឡាករ ដើម្បី​ឲ្យ​ពួក​គេ​អាច​ទៅ​ប្រកួត​នៅ​​សង្វៀន​ដើម្បី​បន្ត​រក​ប្រាក់​ទ្រទ្រង់​ជីវភាព​និង​គ្រួសារ។

ONE ក៏​មិន​បិទ​ផ្លូវ​ដែរ ​ប្រសិន​បើ​អនាគត​កីឡាករ​ទាំង​៦​នាក់​ចង់​វិល​មក​ប្រកួត​នៅ​ស្ថាប័ន​ខ្លួន​វិញ​ ពួក​គេ​នៅ​តែ​បើក​ផ្លូវ​ស្វាគមន៍​ពួក​គេ ដើម្បី​បន្ត​លើក​ស្ទួយ​ក្នុង​វិស័យ​កីឡា​ប្រដាល់​របស់​ថៃ៕ ​​​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី