- 2022-07-27 13:03:57
- បាល់ទាត់
Neymar នឹងត្រូវឡើងតុលាការតតាំងក្ដីរឿងគេចពន្ធ មុនមួយខែនៃការប្រកួត World Cup 2022
- 2022-07-27 13:03:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar នឹងត្រូវឡើងតុលាការតតាំងក្ដីរឿងគេចពន្ធ មុនមួយខែនៃការប្រកួត World Cup 2022
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Neymar នឹងត្រូវឡើងតុលាការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ខាងមុខ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដើម្បីតតាំងក្ដីទាក់ទងនឹងរឿងគេចពន្ធនៅពេលផ្លាស់ពីក្លឹប Santos ទៅកាន់ក្លឹប Barcelona កាលពីឆ្នាំ២០១៣។
រឿងរ៉ាវខាងលើនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយអាជ្ញាធរពន្ធដារប្រទេសអេស្ប៉ាញ បានធ្វើតាមបណ្ដឹងរបស់ក្រុមហ៊ុន DIS ដែលជាក្រុមហ៊ុនរក្សាសិទ្ធ៤០% លើ Neymar កាលគេលេងនៅក្លឹប Santos ដោយក្រុមហ៊ុននេះបានចោទប្រកាន់ Neymar ក្រុមគ្រួសាររបស់គេ និងលោក Sandro Rosell ព្រមទាំងលោក Josep Maria Bartomeu ដែលជាអតីតប្រធានក្លឹប Barcelona ថាពួកគេបានរួមគ្នាបន្លំថ្លៃដោះដូរកីឡាករនេះ មិនចង់បង់ថ្លៃពេញឲ្យក្រុមហ៊ុនរបស់គេ ដែលធ្វើឲ្យទីផ្សារកីឡាករមានភាពមិនប្រក្រតី។
បើតាមសារព័ត៌មាន El Pais ខ្សែប្រយុទ្ធ Neymar គឺត្រូវបានគេដឹងថាបានគេចពន្ធក្នុងទំហំទឹកប្រាក់ប្រមាណជាង ៨.៤លានដុល្លារ ដែលអាចឲ្យអាជ្ញាធរពន្ធដារអាចនឹងដាក់ទោសក្នុងពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ១០លានដុល្លារ។ យ៉ាងណាចំពោះក្រុមហ៊ុន DIS វិញបានសុំឲ្យដាក់ទោស Neymar រហូតដល់៥ឆ្នាំ និងសងជំងឺចិត្តក្រុមហ៊ុនគេរហូតទៅដល់ប្រមាណ ១៥០លានដុល្លារ។
តាមប្រភពដដែលនេះ ទាក់ទងនឹងរឿងក្ដីខាងលើ អាជ្ញាធរពន្ធដារក៏ចង់ដាក់ទោសឲ្យក្នុងពន្ធនាគារលើឪពុក Neymar ចំនួន២ឆ្នាំ និង ម្ដាយ Neymar ចំនួន១ឆ្នាំផងដែរ។
ថ្ងៃដែល Neymar នឹងឡើងតុលាការតតាំងរឿងក្ដីខាងលើនេះគឺមុនមួយខែនៃព្រឹត្តិការណ៍ FIFA World Cup 2022 ចាប់ផ្ដើម ដោយព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខ នៅប្រទេសកាតា៕