• 2022-05-23 02:20:26
  • បាល់ទះ

ផ្លែ​សេវា​ សឿន ហេង ​​ល្អ​ខ្លាំង​នៅ​ស៊ីហ្គេម​តែ​ប្រិយមិត្ត​ដឹង​ទេ​គេ​ប្រឹង​លេង​ទាំង​ឈឺដៃ​​

  • 2022-05-23 02:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សឿន ហេង ឬ​កីឡាករ​លេខ​១០​របស់​វិសាខា និង​ជម្រើសជាតិ​កម្ពុជា​​ បាន​បង្ហាញ​ការ​វាយ​សេវា​ល្អ ​ព្រម​ជា​មួយ​ការ​ផ្ដាច់​យ៉ាង​មាន​ទំនុក​ចិត្ត​ តែ​យ៉ាង​ណា​កីឡាករ​​រូប​នេះ​ប្រឹងលេង​ទាំង​ឈឺ​ស្មា​ គ្រាន់​តែ​ការ​ឈឺ​នេះ​មិន​ឈឺ​ខ្លាំង​​ប៉ុណ្ណោះ​។

​ក្រុម​បាល់ទះ​លើ​ក្ដារ​កម្ពុជា​​យក​​បាន​មេដាយ​សំរឹទ្ធ​ក្រោយ​យក​ឈ្នះ​​ក្រុម​​ខ្លាំង​ក្នុង​តំបន់​អាស៊ាន​ថៃ ៣-២ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ វៀតណម ​។ ​ក្រោយ​ការ​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​ក្នុង​ការ​លេង​ឆ្នាំ​នេះ​កីឡាករ​មក​ពី​ខេត្ត​ព្រៃវែង សឿន ហេង​ បាន​ឲ្យ​ដឹង​ថា របួស​ស្មា​នោះ​គេ​នៅ​ឈឺ​តិច​ៗ​នៅ​ឡើយ ហើយ​ការ​លេង​លើក​នេះ​គេ​ប្រឹង​លេង​​បើ​ទោះ​នៅ​ឈឺ​ក៏​ដោយ។ យ៉ាង​ណា​បើ​ធៀប​សមត្ថភាព​របស់​គេ​នា​ពេល​នេះ​អាច​ថា ល្អ​គ្រាន់​បើ​ជាង​អំឡុង​របួស​ឈឺ​ខ្លាំង និង​​អាច​និយាយ​បាន​ថា ល្អ​ដូច​ពី​មុន​វិញ​ ប៉ុន្តែ​បើ​និយាយ​ពី​ការ​វាយ​សេវា​វិញ រូប​គេ​គិត​ថា អាច​ល្អ​ជាង​ពី​មុន​ខ្លាំង​ព្រោះ​ថា​ពេល​នេះ​វ៉ៃ​​បាន​ធ្ងន់​ និង​ច្បាស់​គ្រាន់​បើ​។

​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​​អូហ៍​ស្មា​ខ្ញុំ​នៅ​តែ​ឈឺ​ចឹង​!​ គ្រាន់​តែ​ឈឺ​តិច​ៗ​តែ​អាច​លេង​បាន​។ ​​បើ​និយាយ​ពី​សមត្ថភាព​​ពេល​នេះ​អាច​ថា​ល្អ​ដូច​មុន​ពេល​មាន​របួស​ តែ​បើ​សេវា​វិញ​ខ្ញុំ​គិត​ថា ហាក់​ល្អ​ជាង​មុន​បង ព្រោះ​អី​យើង​វ៉ៃ​បាន​ធ្ងន់​ជាង​មុន​បន្តិច​»។

​ក្រុម​បាល់ទះ​កម្ពុជា​ នឹង​មក​ដល់​ទឹក​ដី​​កំណើត​នា​ម៉ោង​២​រសៀល​នេះ​ នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​ ក្រោយ​បំពេញ​ភារកិច្ច​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ៕ ​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់