- 2024-08-31 04:25:00
- បាល់ទះ
ចាញ់សិតទី១ គួន ម៉ុម ទម្លាយថាជម្រើសជាតិម៉ាឡេស៊ីចាប់បានចំណុចខ្សោយកម្ពុជា!
- 2024-08-31 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាញ់សិតទី១ គួន ម៉ុម ទម្លាយថាជម្រើសជាតិម៉ាឡេស៊ីចាប់បានចំណុចខ្សោយកម្ពុជា!
ចន្លោះមិនឃើញ
កីឡាករបាល់ទះឆ្នើម គួន ម៉ុម បានទម្លាយឲ្យដឹងក្រោយចប់ការប្រកួតក្នុងការប្រកួតដណ្ដើមប្រាក់រង្វាន់ពានសម្ដេចមហាបវរធីបតី SEA V League Challenge ឆ្នាំ២០២៤នាយប់មិញថា ការចាញ់របស់ក្រុមកម្ពុជានៅសិតទី១ គឺដោយសារតែក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ីចាប់បានចំណុចខ្សោយម្ចាស់មេដាយប្រាក់ SEA Games លើក៣២កម្ពុជា។
ចំណុចខ្សោយដែលស្មាត់ស្ដាំ (Outside Hitter) គួន ម៉ុម ទម្លាយនោះគឺក្រុមបាល់ទះជម្រើសជាតិកម្ពុជាចាប់សេវាលោតស្ទើរប្រអប់របស់កីឡាករម៉ាឡេស៊ីមិនបានល្អ ពោលគឺចាប់មិនឡើងនិងចាប់ខូចច្រើន ជាពិសេសស្មាត់ធំមកពីក្លឹបតៃវ៉ាន់ Win Streak វឿន វាសនា។
កីឡាករកម្ពស់ ១,៩៨ម៉ែត្រវ័យ ២៦ឆ្នាំ បានពន្យល់បន្ថែមថា ៖"សិតទី១យើងលេងអត់សូវល្អទម្រង់លេង ដោយសារគេចាប់ចំណុចខ្សោយរបស់យើងបានទៅលើ វឿន វាសនា គាត់ស្ទើរចាប់សឺវីសថៃ (សេវាលោតស្ទើរប្រអប់) ដោយសារគេដឹងពីគាត់លេងនៅតៃវ៉ាន់ ចឹងគេចាក់គាត់សុទ្ធតែម្ដង ដល់សិតទី២ពួកខ្ញុំបំបែករបៀបលេង ក៏វាដើរតាមប្រព័ន្ធដែលយើងហាត់មកវិញ តែបើយើងចាប់រនាំងម៉ាឡេជាប់គឺយើងឈ្នះអូតូតែម្ដង ហើយយើងធ្វើបានមែន"។
ត្រង់ចំណុចចាប់រនាំងនេះដែរ គួន ម៉ុម និងក្រុមជម្រើសជាតិទាំងមូលយល់ច្បាស់ពីកីឡាករឆ្នើម២រូបរបស់ម៉ាឡេស៊ីគឺស្មាត់ស្ដាំលេខ១៧ Fahmi និងស្មាត់ឆ្វេងលេខ១២ J Q SIM។ ពួកគេទាំងពីរនេះម៉ាត់ផ្ដាច់រកពិន្ទុបានច្រើន ធ្វើឱ្យកម្ពុជាពិបាកដេញចាប់បាំងនៅសិតទី១។ ដូច្នេះក្រោយដឹងគន្លឹះកម្ពុជាមិនបណ្ដោយឲ្យពួកគេធ្វើព្យុះភ្លៀងបានទៀតទេ។ ចូលដល់សិតទី២ ទី៣ និងទី៤ កូនក្រុមរបស់លោកគ្រូបង្គោលជនជាតិចិន Li Jun បានធ្វើតាមផែនការដែលគ្រោងទុក និងបានយកឈ្នះម៉ាឡេស៊ីនៅ៣សិតចុងក្រោយ។
នៅសិតទី១ ក្រុមជម្រើសជាតិបាល់ទះកម្ពុជាបានចាញ់ក្រោមថ្វីដៃម៉ាឡេស៊ី ១៧-២៥ សិតទី២កម្ពុជាឈ្នះ ២៥-១៨ សិតទី៣កម្ពុជាឈ្នះ ២៥-២១ និងសិតទី៤កម្ពុជាឈ្នះ ២៥-២១។
គួរបញ្ចាក់ថា ឆ្លងកាត់១ប្រកួតនេះកម្ពុជាឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាងសន្សំពិន្ទុ ខណៈលេខ១បានលើសិង្ហបុរីហើយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមបាល់ទះជម្រើសជាតិឡាវ នៅម៉ោង៦ និង៣០នាទីល្ងាច ខណៈម៉ាឡេស៊ីជួបសិង្ហបុរីនៅម៉ោង៤រសៀលនៅសាលបាល់ទះនៃពហុកីឡដ្ឋានជាតិ៕