• 2022-02-03 09:06:46
  • ប្រដាល់

កំពូលព្រឹត្តិការណ៍ធំមិនធ្លាប់មានសម្រាប់ខួប១០ឆ្នាំ ONE នាថ្ងៃទី២៦ ខែមីនា

  • 2022-02-03 09:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីស្ថាប័នប្រដាល់ធំបំផុតលំដាប់ពិភពលោករបស់អាស៊ី ONE Championship ត្រូវបានបង្កើតឡើងជាផ្លូវការរយៈពេល១០ឆ្នាំកន្លងទៅ មានព្រឹត្តិការណ៍ប្រកួតធំៗជាច្រើនដែលលោកអ្នកមិនអាចបំភ្លេច។

ទោះជាយ៉ាងណា ព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ ONE X នាថ្ងៃទី២៦ ខែមីនា ខាងមុខនេះអាចចាត់ទុកជាព្រឹត្តិការណ៍ធំបំផុត និងពិសេសអស្ចារ្យបំផុតសម្រាប់រយៈពេល១០ឆ្នាំកន្លងទៅនេះ។ ព្រឹត្តិការណ៍នឹងប្រារព្ធនៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរីនាថ្ងៃសៅរ៍ទី ២៦ ខែ មីនា គិតត្រឹមដើមខែកុម្ភៈនេះ បានប្រកាសជាផ្លូវការហើយនូវការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកសំខាន់ៗដល់៤គូឯណោះ និងជំនួបគូពិសេសជាច្រើនទៀត។

ជំនួបដណ្តើមខ្សែក្រវាត់ពិភពលោកកម្រិតមាស

បន្ទាប់ពីបានគ្រងខ្សែក្រវាត់ពិភពលោកកម្រិតប្រាក់ កីឡាការិនីថៃ Stamp Fairtex បោះជំហានទៅដណ្តើមខ្សែក្រវាត់មាសពីរាជនីសង្វៀនបច្ចុប្បន្នគឺ Angela Lee ដែលអវត្តមានឡើងសង្វៀនជាច្រើនខែមកហើយ បន្ទាប់ពីមានផ្ទៃពោះ និងសម្រាលកូន។

ជំនួបនេះគឺជាការជួបគ្នារវាងរាជនីជំនាញក្រោម និងរាជនីកណ្តាប់ដៃ ដូច្នេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងណាស។ ម្នាក់ៗមើលឃើញចំណុចខ្លាំងរបស់តារាសំណព្វចិត្តរៀងៗខ្លួនន។ កាលពីមុន Stamp អាចនិយាយបានថា មិនសមជាដៃគូរបស់ Lee ឡើង បន្ទាប់ពីកីឡាការិនីសិង្ហបុរី ហើយកីឡាការិនីថៃឡើងដល់កម្រិតឈ្នះខ្សែក្រវាត់ពិភពលោក ដូច្នេះការប្រកួតនេះពិបាកវិភាគណាស់។ ប៉ុន្តែច្បាស់១០០%គឺកក្រើកសង្វៀនហើយ។

ជំនួបដណ្តើមខ្សែក្រវាត់រវាងអ្នកជំនាញក្បាច់ឃ្លេដូចគ្នា

វាបានក្លាយជាការផ្គូផ្គងដែលអ្នកគាំទ្រទន្ទឹងរង់ចាំយូរមកហើយនៅពេលម្ចាស់ខ្សែក្រវាត់ច្រើនសម័យកាលរបស់ប្រេស៊ីល Adriano Moraes វិលមកការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងតារាកំពុងឡើងកូដរបស់ជប៉ុន Yuya Wakamatsu។ ម្ចាស់ខ្សែក្រវាត់របស់ប្រេស៊ីលមានប្រៀបខាងកម្ពស់ និងបទពិសោធច្រើន ហើយនិយាយពីជំនាញក្រោមវិញគឺល្អមួយចប់តែម្តង។ ចំណែកកីឡាករជប៉ុនវិញត្រូវបានគេស្គាល់ថា វ័យក្មេង កម្លាំងស៊ហ្វខ្លាំងអាចជាចំណុចមានប្រៀប ហើយកណ្តាប់ដៃវិញគឺរល័សលឿនណាស់ បូករួមជំនាញក្រោមការពារឥតខ្ចោះគឺកក្រើកហើយគូនេះ។

ខ្លាចាស់ថៃ Nong-O ឡើងការពារប៉ះអតីតជើងឯក Alaverdi Ramazanov

គូនេះជាការប្រកួតមួយថៃដែលអ្នកគាំទ្រមើលឃើញថា កីឡាករថៃអាចមានប្រៀបច្រើនដោយមានបទពិសោធជោកជាំ និងការពារខ្សែក្រវាត់បានជោគជ័យរហូតពោលគឺមិនទាន់កីឡាករណាម្នាក់ដណ្តើមយកខ្សែក្រវាត់ពីរូបគេបានឡើយ។

បូករួមជាមួយអាវុធមួយថៃមួយកំភ្លេគឺពិតជាធ្វើឲ្យកីឡាករ Alaverdi Ramazanov មិនស្រួលចិត្តទេ ពីព្រោះកីឡាករុស្ស៊ីម្នាក់នេះទន់ផ្នែកក្រោមដែលទើបតែបាត់បង់ខ្សែក្រវាត់ឃីកបុកសីងរបស់ខ្លួនធ្លាក់ទៅលើដៃរបស់កីឡាករថៃ Capitan។

អ្នកប្រដាល់រុស្ស៊ីនេះមានអាវុធវ៉ៃចេញចម្រុះដែលពិបាកប៉ាន់ស្មាន ប៉ុន្តែរូបគេនៅក្មេង និងបទពិសោធតិច ដូច្នេះពិបាកនឹងដណ្តើមខ្សែក្រវាត់ពីជើងខ្លាំងថៃបានណាស់។ យ៉ាងណា មុនពេលទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់លើកនេះ Ramazanov បានផ្តួលខ្លាកំណាចថៃ Pongsiri ក្នុងទឹកទី១។

ការប្រកួតខ្សែក្រវាត់ពិភពលោក Grand Prix វគ្គផ្តាច់ព្រ័ត្រ

នេះជាការប្រកួតឃីកបុកសីងវគ្គផ្តាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់ពិភពលោក ONE Featherweight Kickboxing World Grand Prix រវាងកីឡាករបេឡារុស្ស Chingiz Allazav និងជើងខ្លាំងថៃ Sitthichai។

មុនជំនួបវគ្គផ្តាច់ព្រ័ត្រនេះកើនឡើង Chingiz Allazav បានផ្តួលកីឡាករថៃ Nattawut ក្នុងទឹកទី១នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនៅវគ្គដូចគ្នានេះ Sitthichai បានយកឈ្នះពិន្ទុ Davit Kiria ។

សម្រាប់អ្នកដែលឈ្នះខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix កម្រិតប្រាក់នេះ នឹងមានកាតព្វកិច្ចសំខាន់ទៀតគឺឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកកម្រិតមាសជាមួយជើងខ្លាំងថៃ Superbon។

ជំនួបពិសេសកូនកាត់គុនចម្រុះ-មួយថៃ

នេះមិនមែនជាការប្រកួតខ្សែក្រវាត់ទេ ប៉ុន្តែជាការប្រកួតពិសេសមិនធ្លាប់មានដែលហៅថាជាការប្រកួតកូនកាត់គុនចម្រុះ-មួយថៃរវាងបុរសមុខដែក Rodtang ជាមួយខ្លាចាស់ជាជើងខ្លាំងគ្រប់សម័យកាលអាមេរិក Johnson។

កីឡាករថៃមានជំនាញប្រដាល់សេរី ខណៈកីឡាករអាមេរិកមានជំនាញគុនចម្រុះ ដូច្នេះគូត្រូវប្រកួត៤ទឹកដែលក្នុងមួយទឹកមាន៣នាទី។ ទឹកទី១ និងទី៣ប្រកួតប្រដាល់សេរី ខណៈទឹកទី២ និងទី៤ប្រកួតជំនាញគុនចម្រុះ។

គូនេះមានប្រៀប និងឱកាសឈ្នះម្យ៉ាងម្នាក់ដូចគ្នា ដូច្នេះនរណាទប់ទល់បានក្នុងទឹកដែលខ្លួនចាញ់ប្រៀបគឺជាអ្នកមានឱកាសនៅក្នុងទឹកដែលខ្លួនមានប្រៀបវិញ៕

ដោយ៖ ស៊ីធី

មតិយោបល់