• 2021-11-30 07:55:47
  • ប្រដាល់

Rodtang និង Tenshin ចិញ្ចឹម​ចិត្ត​ចង់​ជួប​គ្នា​ម្ដង​ទៀតជម្រះបញ្ជី​ចាស់​

  • 2021-11-30 07:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងឯកមួយថៃពិភពលោកប្រឆាំស្ថាប័ន ONE Championship រហស្សនាម«មនុស្សដែក»របស់ថៃ Rodtang បានឆ្លើយប្រកបដោយវិជ្ជមានទៅនឹងការប្រកាសចង់ជួបគ្នាជាថ្មីរបស់កំពូលអ្នកប្រដាល់ជប៉ុន Tenshin Nasukawa។

កំពូលអ្នកប្រដាល់ទាំងពីរធ្លាប់ប្រកួតគ្នាម្តងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នៅប្រទេសជប៉ុនដែលស្វិតស្វាញបំផុត។ បន្ទាប់ពីប្រើពេល៥ទឹកពេញ អ្នកទាំងពីរស្មើគ្នា ហើយថែមមួយទឹកទៀតគឺទឹកទី៦ទើបរកឃើញអ្នកឈ្នះ។ ចៅក្រុមបានសម្រេចផ្តល់ឲ្យជើងខ្លាំងជប៉ុនឈ្នះដោយពិន្ទុ ខណៈអ្នកលេងមួយថៃហាក់មិនពេញចិត្តនឹងលទ្ធផលឡើយ។

ចាប់តាំងពីពេលនោះ អ្នកគាំទ្រមិនថានៅប្រទេសកម្ពុជាទេ និយាយមរួមអ្នកគាំទ្រស្ទើរទូទាំងអាស៊ីបានចាប់អារម្មណ៍ពួកគេ។ អ្នកគាំទ្រពិតជាចង់ឃើញពួកគេជួបគ្នាសាជាថ្មី ជាពិសេសនៅលើសង្វៀន ONE Championship បន្ទាប់ពីជាង២ឆ្នាំចុងក្រោយនេះពួកគេកាន់តែខ្លាំង និងកាន់តែល្បី។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺរឿងចុងក្រោយបំផុតកើតចេញពី Tenshin ដែលបានប្រកាសនៅបណ្តាញទំនាក់ទំនងសង្គម Instagram ផ្លូវការរបស់ខ្លួនថា រូបគេនឹងចូលនិវត្តពីអាជីពប្រដាល់ឃីកបុកសីងដើម្បីចាប់អាជីពប្រដាល់សកលវិញ។

Tenshin បានឲ្យដឹងថា រូបគេនៅសល់កុងត្រា២ប្រកួតទៀតជាមួយអ្នករៀបចំកម្មវិធីប្រកួត RISE ដូច្នេះមុនពេលសម្រេចចូលនិវត្តពីប្រដាល់ឃីកបុកសីង រូបគេចង់ប្រកួតជាមួយ Rodtang ម្តងទៀត។ បើអាច ការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នៅកីឡដ្ឋានជាតិ Yoyogi ប្រទេសជប៉ុន។

មិនយូរប៉ុន្មាន មនុស្សដែក Rodtang បានឆ្លើយតប និងទទួលដោយការប្រកួតដោយក្តីរីករាយ។ ជើងខ្លាំងថៃរូបនេះបាននិយាយថា ៖«ខ្ញុំពិតជារីករាយណាស់ដែលគាត់ចង់ប្រកួតជាមួយខ្ញុំម្តងទៀតមុនពេលចាប់អាជីពសកល។ ខ្ញុំបានកំពុងរង់ចាំការប្រកួតជាថ្មីយូរមកហើយគឺចាប់តាំងពីថ្ងៃដែលខ្ញុំចាញ់នោះម្ល៉េះ»។

«វាតែងតែដក់ជាប់ក្នុងខួរក្បាលខ្ញុំ។ ខ្ញុំមិនដែលភ្លេចទេ។ ខ្ញុំត្រៀមខ្លួនរួចហើយ ហើយចង់និយាយថា បាទ ខ្ញុំទទួលយកការស្នើសុំប្រកួតឃីកបុកសីងលើកចុងក្រោយរបស់គាត់»។ Rodtang បានរៀបរាប់។

ជើងឯកមួយថៃពិភពលោករូបនេះបន្តថា ៖«ខ្ញុំច្បាស់ណាស់ថា អ្នកគាំទ្រទូទាំងពិភពលោកក៏ពិតជាចង់ឃើញខ្ញុំប្រកួតជា Tenshin ជាថ្មីដែរ។ វាក៏ស្របតាមពួកយើងទាំងពីរចង់ប្រកួតម្តងទៀតដូចគ្នា ដូច្នេះឥឡូវនេះវាអាស្រ័យលើស្ថាប័នរបស់ពួកយើងពិភាក្សាគ្នា ហើយខ្ញុំសង្ឃឹមថា ការពិភាក្សានឹងបញ្ចប់ដោយរលូន និងយុត្តិធម៌សម្រាប់យើងទាំងអស់គ្នា»៕

ដោយ៖ ស៊ីធី

មតិយោបល់