• 2021-11-01 03:27:05
  • ប្រដាល់

គុនល្បុក្កតោកម្ពុជាឈ្នះមេដាយមាស៣ និងប្រាក់២ ពីព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក

  • 2021-11-01 03:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា បានឈ្នះមេដាយមាស ៣វិញ្ញាសា និងមេដាយប្រាក់២វិញ្ញាសា នៅក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក (the 2021 international martial arts contest) តាមប្រព័ន្ធអនឡាញ ដែលបានបញ្ចប់នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ។

លទ្ធផលទទួលបានក្នុងការប្រកួត the 2021 International Martial Arts Contest នេះរួមមាន៖

-១៖ មេដាយមាស លើវិញ្ញាសា ទ្វារមេគុនដៃ កីឡាការិនី យស់ សញ្ចនា។

-២៖ មេដាយមាស លើវិញ្ញាសា មេគុនដៃគូ កីឡាករ ធួន ណារ៉ាក់ និង វ៉ន សុខស្រីពិសិដ្ឋ។

-៣៖ មេដាយមាស លើវិញ្ញាសាជាក្រុម ដោយកីឡាករ គឹម ទិត្យសុវឌ្ឍន: កីឡាករ រុន សាលីត កីឡាករ ពន្លឺ ពេជ្រមរកត កីឡាករ អោក រិទ្ធានី កីឡាករ ព្រំ ពេញពិសាល កីឡាករ ឈើន វណ្ណរិទ្ធ កីឡាការិនី យស់ សញ្ចនា និងកីឡាការិនី ភិរម្យ មន្នីរ័ត្ន។

-៤៖ មេដាយប្រាក់ លើវិញ្ញាសាទ្វារមេគុនដៃបុរស គឺកីឡាករ ពេជ្រ ពន្លឺ។

-៥៖ មេដាយប្រាក់ កីឡាការិនី ស៊ិន សៀវស៊ាន កីឡាករ អៃ សំអ៊ុន លើវិញ្ញាសា សមយុទ្ធដៃគូ។

ប្រទេសដែលចូលរួមមានចំនួន ១២ប្រទេស រួមមាន ឡាវ អេហ្ស៊ីប វៀតណាម ឥណ្ឌា អ៊ូបេគីស្ថាន ហ្គាណា ហ្វីលីពីន ម៉ាឡេស៊ី អ៊ីរ៉ង់ សិង្ហបុរី កូរ៉េ និងកម្ពជា។ កម្មវិធីប្រកួត The 2021 international Martial Arts Contest (Online) រៀបចំដោយ WoMAU ដែលមានកីឡាករ កីឡាការិនីចូលរួមចំនួន ២២០នាក់។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ថា ការប្រកួតយុទ្ធគុនចម្រុះពិភពលោក តាមប្រព័ន្ធអនឡាញ ក្រោមការរៀបចំរបស់ស្ថាប័នយុទ្ធគុនចម្រុះពិភពលោក (WoMAU) ដែលព្រឹត្តិការណ៍នេះតែងតែត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅសាធារណរដ្ឋកូរ៉េ ដោយកីឡាករ កីឡាការិនី បានទៅចូលរួមនៅទីតាំងប្រកួតផ្ទាល់។ រីឯឆ្នាំនេះដោយសារវិបត្តិជំងឺកូវីដ-១៩ ការរឿចំការប្រកួត គឺធ្វើឡើងតាមអនឡាញ។ កាលពីប៉ុន្មានឆ្នាំមុន កម្ពុជាធ្លាប់ឈ្នះមេដាយមាសម្តងហើយៗ នៅឆ្នាំ២០២១នេះ កម្ពុជាយើងឈ្នះមេដាយមាសជាថ្មីម្តងទៀត ដែលនេះជាកិត្តិយសដ៏ធំធេងសម្រាប់គុនល្បុក្កតោកម្ពុជា។

«ជាមួយគ្នានេះ ការឈ្នះមេដាយនេះក៏ជាកិត្តិយសក្នុងការផ្សព្វផ្សាយគុនល្បុក្កតោទៅកាន់ពិភពលោកផងដែរ ដោយកម្ពុជាតែងតែជំរុញការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយជាអន្តរជាតិ។ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កំពុងខិតខំប្រឹងប្រែង ក្រោមការដឹករបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលកំពុងប្រឹងប្រែងយ៉ាងសកម្មជាមួយអន្តរជាតិ ប្រកបដោយស្មារតីមុះមុត ការយកចិត្តទុកដាក់ខ្ពស់ ហើយតាមរយៈលទ្ធផលនេះ ក៏បានបង្ហាញពីការខិតខំរបស់ថ្នាក់ដឹកនាំ ជាពិសេសគឺការចង្អុលបង្ហាញពីគោលដៅដ៏ត្រឹមត្រូវរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

អត្ថបទ៖ CAMSOC

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី