• 2014-11-24 23:58:07
  • ប្រវត្តិ​​

ឡុង សុវណ្ណឌឿន ជា​អ្នក​ប្រដាល់​ផង​ និង​ជា​ពិធីករ​ប្រដាល់​ផង

  • 2014-11-24 23:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡុង សុវណ្ណឌឿន ជា​កីឡាករ​​ប្រដាល់​និស្សិត​មួយ​រូប​​​ដែល​​បាន​បញ្ចប់​​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទីផ្សារ។ ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​គេ​កម្រ​​ឃើញ​​មាន​​​កីឡាករ​​​ប្រដាល់​រូប​ណា​​បាន​បញ្ចប់​ការ​សិក្សា ឬ ​ក៏​កំពុង​បន្ត​​សិក្សា​​​នៅ​មហា​វិទ្យាល័យ​ដូច សុវណ្ណឌឿន ណាស់។ ក្រោយ​បញ្ចប់​ការ​សិក្សា​ រូប​គេ​បាន​ចាប់​អាជីព​ថ្មី​បន្ថែម​មួយ​ទៀត​គឺ ធ្វើ​ជា​ពិធីករ​ប្រដាល់​ប្រចាំ​សង្វៀន ស៊ីធីអិន អង្គរ ឯ​ខេត្ត​សៀមរាប។

 

តើ​ដំណើរ​ជីវិត​នា​ពេល​កន្លង​មក​​របស់​កីឡាករ​​អ្នក​ប្រដាល់​អាជីព២ ​រូប​​នេះ​ជួប​ប្រទះ​​ការ​ប្រែប្រួល​​យ៉ាង​ណា​​ខ្លះ?

 

ឡុង សុវណ្ឌឌឿន (អាវខ្មៅ) ជា​ពិធីករ​ប្រដាល់

 

ជីវិត​ផ្ទាល់​​ខ្លួន

 

ឡុង សុវណ្ណឌឿន មាន​ទម្ងន់​៦៧ គីឡូក្រាម និង​កម្ពស់ ១៧៣​សង់ទីម៉ែត្រ។ ឡុង សុវណ្ណឌឿន​ ជាឈ្មោះ​សម្រាប់​ប្រើ​ក្នុង​ពិភព​កីឡា​ប្រដាល់​ប៉ុណ្ណោះ។ ឯ​ឈ្មោះ​​ពិត​ប្រាកដ​របស់​ សុវណ្ណឌឿ​ន គឺ ដន ដឿន ។ ដឿន​​បាន​ចាប់​កំណើត​ថ្ងៃ​ទី២៦​កញ្ញា​ឆ្នាំ​១៩៨៨ ​នៅ​​ភូមិ ក្បាល​កោះទាវ ឃុំ​សំពៅពូន(សំពៅលូន)​ ស្រុក​​កោះធំ ខេត្ត​កណ្ដាល។

 

ដឿន ជា​កូន​ប្រុស​ច្បង​ក្នុង​ក្រុម​គ្រួសារ​​​ដែល​មាន​​​បង​ប្អូន​​​​៤​នាក់ ប្រុស​២ និង​​​ស្រី​២​នាក់។ កីឡាករ​រូប​នេះ​​មាន​ឪពុក​ឈ្មោះ ទេព ស៊ីយ៉ាដន និង ​អ្នក​ម្ដាយ​ឈ្មោះ លឹម ស៊ីម ដែល​សព្វ​ថ្ងៃ​អ្នក​ទាំង​ពីរ​​​កំពុង​​ប្រកប​របរ​​​កសិកម្ម​​​​​​​នៅ​ឯ​ស្រុក​កំណើត។ ប្អូន​ស្រី​​ទី​១​​របស់​ ដៀន គឺ​នាង​​ ទេព ស្រីមុំ បច្ចុប្បន្ន​មាន​​​គ្រួសារ​​រួច​​​រាល់​ហើយ។ ​ប្អូន​ស្រី​ទី​២​​ឈ្មោះ​ ទេព ស្រីពៅ ជា​សិស្ស​ថ្នាក់​ទី​១២​​នៃ​វិទ្យាល័យ​ហ៊ុនសែនកោះធំ និង​ប្អូន​ប្រុស​ពៅ​​មាន​ឈ្មោះ​ថា​ ទេព ឧត្ដម កំពុង​សិក្សា​​​នៅ​សាលា​បឋម​​សិក្សា​​ ក្បាល​កោះទាវ​​។

 

ជីវិត​កុមារភាព

កាល​​ពី​កុមារ ដឿន ជា​កូន​ល្អ​ដែល​តែង​តែ​​គោរព​ដំបូន្មាន​​ ឪពុក​ម្ដាយ​​​។ ក្រៅ​ពី​ការ​សិក្សា​​រូប​គេ​​តែង​ជួយ​​កិច្ច​ការ​​ផ្ទះ​របស់​​ម្ដាយ​មិន​ដែល​​រំលង​ដៃ​ម្ដង​ណា​ឡើយ។ ក្រៅ​ពី​​ការ​​រ៉ាប់រង​​​​រក​ស្មៅ​ ឲ្យ​ទឹក​​​គោ​ក្របី កូន​ប្រុស​ច្បង​​រូប​នេះ តែង​​​ឆ្លៀត​​ទួល​នំ​​កង នំ​ពង​អន្សង​​ដែល​ម្ដាយ​ធ្វើ​ ដើរ​លក់​​គ្រាន់​បាន​កម្រៃ​ ២០០០ ទៅ​៣០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ ​​​​ដើម្បី​​​សម្រួល​ដល់​សេដ្ឋកិច្ច​​គ្រួសារ។ ថ្វី​បើ​មិន​មាន​ទ្រព្យ​ធន​ស្ដុកស្ដម្ភ​ក៏​ពិត​មែន​តែ​ក្រោម​រប​រ​​ដាំដុះ​​​ស្រែ​ចម្ការ​ ​គ្រួសារ​​របស់​ ដឿន មិន​ដែល​ជួប​​រឿង​រកាំរកូស​ម្ដង​​ណា​ឡើយ​។

 

ការ​សិក្សា

 

អំឡុង​ឆ្នាំ​១៩៩៤ កុមារា​ ដឿន​​ ត្រូវ​បាន​ឪពុក​ម្ដាយ​បញ្ជូន​ឲ្យ​​ទៅ​សិក្សា​​នៅ​សាលា​បឋមសិក្សា​ ក្បាលកោះទាវ​។ ​លុះ​ដល់​ឆ្នាំ​២០០០ ​ដឿន បាន​បន្ត​ចូល​ក្រេប​យក​ចំណេះ​វិជ្ជា​នៅ​​​​​អនុវិទ្យាល័យ ហ៊ុនសែន​សំពៅ​ពូន និង​​បន្ត​​ការ​​​​​​​​​សិក្សា​​​នៅ​វិទ្យាល័យ​ ហ៊ុន​សែន​​កោះធំ​ក្នុង​ឆ្នាំ​២០០៤។ ​រំលឹក​​ដល់​​ការ​សិក្សា​​​ថ្នាក់​វិទ្យាល័យ​​អំឡុង​​ឆ្នាំ​នោះ ដឿន ​ពិត​ជា​​ជួប​​ការ​លំបាក​​មិន​​តិច​ឡើយ។ ដឿន ជិះ​កង់​​មួយ​ថ្ងៃ​ពីរ​បក​​​ក្នុង​ចម្ងាយ​ប្រមាណ​ជាង​​ ៣០ គីឡូម៉ែត្រ ពី​ផ្ទះ​ទៅ​សាលា ជា​ថ្នូរ​នឹង​ចំណេះ​​​​​ដែល​គ្រូ​បាន​ផ្ដល់​ឲ្យ​ក្នុង​ថ្នាក់​រៀន។ ការ​តស៊ូ​​ប្ដូរផ្ដាច់​​នឹង​សៀវភៅ​ប៊ិច មិន​ដែល​រារែក​និង​ការ​ធាក់​កង់​រាប់​សិប​គីឡូម៉ែត្រ​ គឺ​ ដើម្បី​បំពេញ​​​កតញ្ញូតាធម៌​​​​​ដល់​​​អ្នក​​​មាន​គុណ​​ដែល​​​ប្រាថ្នា​​​ចង់​ឲ្យ​​កូន​មាន​ចំណេះដឹង​​ខ្ពង់​ខ្ពស់​ដូច​គេ​ឯង ត្បិត​​​ខ្លួន​មិន​សូវ​​ចេះ​អក្សរ​និង​​លេខ​​​។ ការ​យក​ចិត្ត​ទុក​ដាក់​​​​ក្នុង​​​ការ​សិក្សា​បាន​ធ្វើ​ឲ្យ​​យុវ​សិស្ស​រូប​នេះ​​ទទួល​បាន​​លទ្ធផល​​​យ៉ាង​គាប់​ប្រសើរ ដោយ​សម្រេច​បាន​ជោគជ័យ​​ក្នុង​ការ​ប្រលង​​បញ្ចប់​សញ្ញាប័ត្រ​ មធ្យម​សិក្សា​ទុតិយភូមិ​ ក្នុង​ឆ្នាំ​២០០៧។

 

ជា​មួយ​គ្នា​នោះ​​ការសោក​​ស្ដាយ​បាន​​​​កើត​​ឡើង​​នៅ​មុខ​ យុវជន​​រូប​នេះ​​ក៏​ដូច​ជា​គ្រួសារ​​របស់​​​ខ្លួន​ពោល​ ​ជីវភាព​​មិន​​អាច​ធានា​​ឲ្យ​ ដឿន ​បន្ត​​​​​ការ​សិក្សា​​​ថ្នាក់​មហាវិទ្យាល័យ​​​ឡើយ ​​បើ​ទោះ​​​ជា​​​ម្ដាយ​​​ប៉ុនប៉ង​ឲ្យ​​ ដឿន រៀន​បាន​ជ្រៅជ្រះ​​យ៉ាង​ណា​ក្ដី។ តែ​​លុះ​ដល់​​ឆ្នាំ​​២០០៩ ​ទើ​ប​​ ដឿន ​បាន​ចូល​សិក្សា​​​​ថ្នាក់​បរិញ្ញាបត្រ​​ ជំនាញ​​សេដ្ឋកិច្ច នៅ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស។ លុះ​​ចប់​ថ្នាក់​មូលដ្ឋាន​​ ​និស្សិត​រូប​នេះ​​បាន​ប្ដូរ​ទៅ​រៀន​ជំនាញ​ ទីផ្សារ​វិញ​។

 

ឃ្លាត​ឆ្ងាយ​ពី​​គ្រួសារ

ឈាន​ដល់​វ័យ​ជំទង់ ដឿន ​ត្រូវ​​ឃ្លាត​ឆ្ងាយ​គ្រួសារ​​​​ជា​ទី​កក់​ក្ដៅ​របស់​ខ្លួន​។ ​អំឡុង​ឆ្នាំ​២០០០ ជា​ឆ្នាំ​ដែល​​រូប​​គេ​​បន្ត​ចូល​រៀន​​ថ្នាក់​អនុវិទ្យាល័យ ហើយ​​ក៏​ជា​ឆ្នាំ​ដែល​ ម្ដាយ​ ឪពុក ប្អូន​ស្រី​ទី​១ និង​​ប្អូន​ប្រុស​ពៅ​របស់​ខ្លួន​​​បាន​ចាកចេញ​​ពី​ស្រុក​កំណើត​ទៅ​​កាន់​​​​​ខេត្ត​បាត់ដំបង​ដើម្បី​​​​​ទៅ​​រក​ស៊ី​នៅ​ទី​នោះ​ គ្រាន់​បាន​កែប្រែ​ជីវភាព​បាន​​ខ្លះ។ តែ​មិន​មែន​​មាន​ន័យ​ថា ពូក​គាត់​​បោះបង់​​​ ដឿន និង​ប្អូន​ស្រី​​​ទី​១​របស់​​​​គេ​ទេ។ បន្ទាប់​មក​​ ដឿន ​បាន​ទៅ​រស់​នៅ​ជា​មួយ​​ម្ដាយ​មីង​ដែល​​​​​មាន​ទីលំនៅ​​​ប្រហែល​ជា​​៥ គីឡូម៉ែត្រ​ពី​​ផ្ទះ​របស់​​ខ្លួន ខណៈ​​​ប្អូន​ស្រី​បន្ទាប់​ ត្រូវ​ទៅ​រស់​នៅ​ជាមួយ​​ជីដូន។

 

ម៉ែ​ផ្ដាំ​ឲ្យ​ខំ​រៀន​ និង​តស៊ូ

ថ្វី​បើ​​គ្រួសារ​ត្រូវ​បែក​ខ្ញែក ក៏​​យុវជន​ ដឿន​ មិន​ដែល​​​ភ្លេច​​ពាក្យ​ម្ដាយ​​​ផ្ដាំ​​ឲ្យ​តស៊ូ​ខំរៀន សន្សំ​ចំណេះ​​ទុក​​គ្រាន់​​ចំលង​​ទៅ​ត្រើយ​មុខ​ដែរ​។ ជា​រៀង​រាល់​ថ្ងៃ ដឿន ​តែង​​ប្រឹងប្រែង​​រៀន​សូត្រ និង​ជួយ​​កិច្ចការ​​ម្ដាយមីង​ដែល​ជា​​អ្នក​ទំនុក​បម្រុង​ខ្លួន​​មិន​​​ដែល​ទំនេរ​ដៃ​ឡើយ។ ដឿន រមែង​​ចាំ​ទុក​ក្នុង​​ចិត្ត​នូវ​ពាក្យ​ម៉ែ​​និយាយ​ «ជីវិត​គឺ​ជា​​ការ​តស៊ូ។ បើ​មិន​មាន​ការ​តស៊ូ​ក៏​មិន​​ថា​ជា​ជីវិត​ដែរ»។

 

ដឿន ទទួល​បាន​​សុភមង្គល​ ដោយ​​បាន​រស់​នៅ​ជួប​ជុំ​​គ្រួសារ​វិញ​​បន្ទាប់​​ពី​ឪពុក​ម្ដាយ​បាន​​​​សម្រេច​ចិត្ត​ត្រលប់​មក​ស្រុក​កំណើត ដោយ​​សារ​​មុខ​របរ​នៅ​បាត់ដំបង​មិន​បាន​​សម​ប្រកប​ក្រោយ​ការ​ទៅ​រស់​នៅ​បាន​ជាង​មួយ​ឆ្នាំ​​។

 

ពុក​ម៉ែ​​​ចាកចេញ​​ទៀត​ហើយ

ទើប​តែ​ត្រលប់​មក​​ពី​បាត់​ដំបង​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​​ ឪពុក​ម្ដាយ​និង​​ប្អូន​ទាំង​២​​​នាក់​​របស់​ខ្លួន​បាន​ចាក​ចេញ​ជា​លើក​ទី​២​ ទៅកាន់​​​ស្រុក​អន្លង់​វែង​ខេត្ត​​ឧត្ដរមានជ័យ ដើម្បី​​​​របរ​​លក់​ដូរ​​​កំប៉ិកកំប៉ុក​នៅ​ទៅ​​នោះ។ ស្ថានភាព​​បែប​នេះ​ ប្អូន​ស្រី​បន្ទាប់​ និង​ ដឿន ត្រូវ​​ត្រលប់​ទៅ​​រស់​នៅ​​ជាមួយ​ជីដូន និង​ម្ដាយ​មីង​សា​​ជា​ថ្មី​ផង​ដែរ។

 

ស្រក់​ទឹក​ភ្នែក​​នឹក​​គ្រួសារ

អារម្មណ៍​ចង់​ជួប​​​មុខ​ឪពុកម្ដាយ​និង​ប្អូនៗ តែង​ដក់​ជាប់​​ក្នុង​​ការ​គិត​​របស់​ ដឿន ជានិច្ច។ រាប់​ដង​មិន​ឈ្នះ ​ពិសេស​​ពេល​មាន​បុណ្យទាន​ម្ដងៗ​ ដឿន តែង​​តែ​មិន​អាច​​ហាម​ឃាត់​​​​​និង​បណ្ដោយ​ឲ្យ​ទឹក​ភ្នែក​​ហូរ​កាត់​​ថ្ពាល់​របស់​​ខ្លួន​ជា​ការ​ដោះដូរ​​នឹង​ក្ដី​នឹក​រលឹក​​​​​​ដល់​ក្រុម​គ្រួសារ​ ​នា​រៀង​រាល់​​​​​រាត្រី​។

 

ដោយ​សារ​ថៃ​បាញ់​​​ ទើប​បាន​​ជុំ​ពុក​ម៉ែ​វិញ

ជម្លោះ​​ព្រំដែន​កម្ពុជា ថៃ ក្រោយ​ អង្គការ យូណេស្កូ ​ដាក់​​បញ្ចូល​​ប្រាសាទ​ព្រះវិហារ​ជា​កេរ្តិ៍​ដំណែល​បេតិកភណ្ឌ​ពិភព​លោក​កាល​ថ្ងៃ​ទី៧ ខែកក្តដា​ឆ្នាំ​២០០៨ បាន​​បង្ខំ​ឲ្យ​​ឪពុក​ម្ដាយ​និង​​​ប្អូន​​ៗ​ របស់​ ដឿន ​បោះ​បង់​​ចោល​​មុខរបរ​​នៅ​អន្លង់​​វែង និង​​បក​មក​​ស្រុក​កំណើត​វិញ​រហូត​ដល់​សព្វ​​ថ្ងៃ​។

 

ឈាន​ជើង​មក​កាន់​ទី​ក្រុង

ក្រោយ​បញ្ចប់​​ថ្នាក់​វិទ្យាល័យ ដឿន មិន​បាន​ចូល​បន្ត​ការ​សិក្សា​ភ្លាម​ៗ​នោះ​ទេ ដោយ​រូប​គេ​បាន​​សុំ​អនុញ្ញាត​ម្ដាយ​មីង​មក​រក​​ការងារ​ធ្វើ​នៅ​ទី​ក្រុង​ភ្នំពេញ។ មក​ដល់​ទឹក​ដី​​ដ៏​ស៊ីវិល័យ​មួយ​នេះ​ក្នុង​ឆ្នាំ​​២០០៨ យុវជន​ព្រាត់​គ្រួសារ ដឿន ​បាន​​ចូល​បម្រើ​​ការងារ​​នៅ​ក្រុម​ហ៊ុន​ផលិត​​​បារី​មួយ​​នៅ​​ពោធិចិនតុង​​ ​ក្នុង​តួនាទី​​ជា​អ្នក​កាន់​ម៉ាស៊ីន​ផលិត។ កម្រៃ​​​ដំបូង​​​ បាន​​ក្នុង​មួយ​​ថ្ងៃ​​​ ៦០០០ រៀល។ ​៨០០០ រៀល​នៅ​ក្រោយ​៣​ខែ និង​ឡើង​ដល់​​១​០០០០​រៀល​​ក្នុង​មួយ​ថ្ងៃ នៅ​៦​ខែ​ក្រោយ​ចូល​ធ្វើ​ការ។ ប្រាក់​ចំណូល​ខ្ទង់​នេះ​ ពិត​ជា​​​រុញ​ច្រាន​​ឲ្យ​ជីវិត​ ដឿន ជួប​ការ​​លំបាក​​រាប់​ពាន់​ជំពូក។ លុយកាក់​​ទាំង​ប៉ុន្មាន​ត្រូវ​​​បែងចែក​​​​ទៅ​លើ ចំណី​អាហារ សំលៀក​បំពាក់ និង​ការ​ចាយវាយ​​ជា​ច្រើន​ទៀត។ បើ​ទោះ​ជា​​ប្រាក់​ចំណូល​​មិន​ជា​ដុំ​កំភួន​​​យ៉ាង​ណា​ក្ដី ដឿន នៅ​តែ​​អាច​​​ផ្សែផ្សំ​​សល់​លុយ​កាក់​ខ្លះ គ្រាន់​​បាន​​​ទុក​ដាក់​ខ្លួន​នា​​គ្រា​បន្ទាប់។ ​ទោះ​បី​​ជា​ជួប​ការ​លំបាក​យ៉ាង​ណា​ ក៏​ ដឿន​ មិន​ដែល​​គិត​​រាថយ​​និង​ការ​តស៊ូ​ក្នុង​​ទីក្រុង​​ដែល​ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង​គ្មាន​ទី​បញ្ចប់​។

 

មិន​ធ្វើ​ការ​មិន​បាន​​រៀន

ដោយ​សារ​ការងារ​នៅ​រោង​ចក្រ​នេះ​តម្រូវ​ឲ្យ​ បុគ្គលិក​​ធ្វើ​ការ​​ថែម​ម៉ោង​​មិន​អាច​ខាន​បាន ​ដូច្នេះ​ ដឿន ​មិន​អាច​​បន្ត​ក្ដី​ប្រាថ្នា​​របស់​ម្ដាយ​ដែល​ចង់​ឲ្យ​ខ្លួន​​រៀន​បាន​​ខ្ពង់​ខ្ពស់​ឡើយ។ ក្រោយ​​ឆ្អែតឆ្អន់​នឹង​ការងារ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​នៅ​ទី​នោះ ព្រម​ជាមួយ​នឹង​ការ​ជំរុញ​​​​​​ពី​អ្នក​ម្ដាយ​​ឲ្យ​​ចូល​រៀន​​ថែម​ទៀត ដឿន បាន​សម្រេច​ចិត្ត​ឈាន​ជើង​​ចេញ​ពី​​ការ​ងារ​​​ដែល​បាន​ចិញ្ចឹម​ជីវិត​ជាង​មួយ​ឆ្នាំ​​មក​​នេះ ដើម្បី​ចូល​សិក្សា​ថ្នាក់​​​បរិញ្ញាបត្រ​របស់​ខ្លួន​នៅ​ឆ្នាំ​២០០៩​។

 

 

កីឡាករឡុង សុវណ្ណឌឿន

 

ទៅ​ជួប​គ្រួសារ​ ជួប​ទាំង​ប្រដាល់​

ក្រោយ​​បញ្ចប់​​សញ្ញាប័ត្រ​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០០៨ ដឿន​ បាន​​​ចេញ​​ដំណើរ​ពី​ស្រុក​​កំណើត​​​ទៅ​​ស្រុក​អន្លង់​វែង ដើម្បី​​​ទៅ​ជួប​មុខ​ឪពុក​​ម្ដាយ​និង​ប្អូន​​ពីរ​នាក់​ទៀត​នៅ​​ទីនោះ។ ​ ដឿន ទទួល​បាន​​ការ​​ស្រលាញ់​​ពេញ​ចិត្ត​រាប់​អាន​ជា​ខ្លាំង​ពី បុរស​ជិត​ខាង​ផ្ទះ​ម្នាក់។ គាត់​ជា​អ្នក​​ហាត់​រៀន​​គុន​ប្រដាល់​​ដ៏​ចំណាន​​មួយ​រូប។ ជា​ការ​​ដោះដូរ​​ក្ដី​ស្រលាញ់​​អាន​​ បុរស​រូប​នោះ​បាន​​​​បង្ហាត់​បង្រៀន ​ដឿន នូវ​ក្បាច់​ប្រដាល់​ជា​រៀង​រាល់​ថ្ងៃ។ ដឿន ជា​​ក្មេង​មាន​​ទេពកោសល្យ ត្រឹម​តែ​រយៈពេល​ជាង​​១​​ខែ​ប៉ុណ្ណោះ​​ រូប​គេ​​មាន​ភាព​រីក​ចម្រើន​ ដោយ​​​ហាត់​ចេះ​​​​ចាំ​ស្នៀត​ផ្សេងៗ​ យ៉ាង​ល្អ​​ប្រសើរ។ បុរស​ដែល​​ជា​គ្រូ​​​បង្ហាត់​ ​បាន​​​​​​ណែនាំ​​ឲ្យ​ ដឿន ឡើ​ង​វាយ​​នៅ​ទី​នោះ ដោយសារ​ឃើញ​​សមត្ថភាព​​ប្រដាល់​របស់​​យុវជន​រូប​នេះ​ មាន​​​​​គ្រប់​​គ្រាន់ ទោះ​​​ទើប​ហាត់​បាន​ជាង​១​ខែ​ដូច​នោះ​ក្ដី។ ​តែ​ ដឿន បាន​បដិសេធ​​​ការ​​ណែនាំដោយ​គិត​ថា​ហាត់​​គុន​​​​នេះ​​គ្រាន់​ទុក​ការពារ​ខ្លួន​ប៉ុណ្ណោះ។

 

បាន​ហ្កង់​​មួយ​គូ

ក្រោយ​ការ​ស្នាក់​នៅ​​ទី​នោះ​មួយ​រយៈ ដឿន ក៏​ត្រលប់​មក​ស្រុក​វិញ​ និង​បាន​​ទៅ​ធ្វើ​ការ​នៅ​​ភ្នំពេញ។ តែ​មុន​ការ​ចាក​ចេញ ​​គ្រូ​បង្ហាត់​របស់​ខ្លួន​បាន​​​ឲ្យ​ហ្កង់​​ពាក់​ដៃ​មួយ​គូ​​​ដល់​ ដឿន ​ទុក​ជា​ចំណង​ដៃ​គ្រូ​ និង​សិស្ស។

 

ឃើញ​ហ្កង់​​ហៅ​ទៅ​​ហាត់​នៅ​ក្លិប​​សាល​វ័ន្ត

 

ក្រោយ​ពី​ចេះ​ក្បាច់​​ប្រដាល់​ក្នុង​ខ្លួន ដឿន តែង​​ហាត់​​បន្ថែម​ខ្លួន​ឯង ជា​រឿយៗ នៅ​ពេល​​ដែល​​រូប​​គេ​​ចូល​សិក្សា​​​​ថ្នាក់​មហាវិទ្យាល័យ។ ថ្ងៃ​មួយ​ឪពុក​មា​បាន​មក​លេង​ និង​ឃើញ​ហ្កង់​ពាក់​ដៃ​របស់​ ដឿន ហើយ​ក៏​​តម្រូវ​ឲ្យ​ ដឿន​​វាយ​ឲ្យ​មើល។ ទេពកោសល្យ​របស់​​គេ​​ ​ពិត​ជា​បាន​​ទាក់ទាញ​​ចិត្ត​​ឪពុក​មា​​ជា​ខ្លាំង។ នៅ​ថ្ងៃ​​ទី​១​ខែ​មករា​ឆ្នាំ​២០១០ ឳពុក​មា​ ដឿន​​​​បាន​នាំ ដឿន ទៅ​ចូល​ហ្វឹកហាត់​ក្នុង​​ក្លិប​ សាលវ័ន្ត​កីឡា។ ដឿន ពេញ​ចិត្ត​នឹង​​ការ​​ហាត់​រៀន​​នៅ​ទី​នោះ​ ត្បិត​​​កំពុង​សិក្សា​ឆ្នាំ​ទី​២​នៅ​សាកលវិទ្យាល័យ​​ធនធាន​មនុស្ស​យ៉ាង​ណា​​ក៏​ដោយ។

 

ឡើង​វាយ​គេ​សន្លប់​​លើក​ដំបូង

 

ក្រោយ​ការ​លត់ដំ​​បន្ថែម​​ លើ​គ្រឹះ​​គុន​​ខ្មែរ​ដែល​ខ្លួន​មាន​ស្រាប់​ ដឿន ​ក៏​កាន់​តែ​មាន​ភាព​​​​រីក​ចម្រើន​ទាំង​បច្ចេកទេសនិង​កម្លាំង​។ ​ក្រោយ​ការ​​ចូល​ហាត់​តែ​២​សប្ដាហ៍​ប៉ុណ្ណោះ​ ដឿន ក៏​​​​មាន​ឱកាស​​ឡើង​លើ​សង្វៀន ​ដោយ​បាន​​​​​ប្ដូរ​ឈ្មោះ​ថ្មី​ថា [ឡុង សុវណ្ណឌឿន]។ ការ​ប្រកួត​​​៤​លើក​ដំបូង ដឿន​ ពិត​​ជា​ធ្វើ​បាន​​​​យ៉ាង​អស្ចារ្យ​ ដោយ​​​សុទ្ធ​តែ​​វាយ​បំបាក់​​ឲ្យ ដៃ​​​គូ​​ដួល​សន្លប់​​​លើ​សង្វៀន​ក្រោក​​មិន​រួច។

 

កាន់​តែ​គួរឲ្យ​ចាប់​អារម្មណ៍​​នៅ​មុន​ការ​ប្រកួត​ចូល​មក​ដល់ ​កីឡាករ​រូប​នេះ តែង​​​​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​​​ទាញ​យក​វីដេអូ​ឃ្លីប​​នៃ​ការ​ប្រកួត​​របស់​ដៃ​គូ​​​ខ្លួន​មក​វិភាគ​រក​ចំណុច​ខ្សោយ។ ការ​ស្វែង​រក​​ចំណុច​ខ្វះខាត​របស់​គូ​បដិបក្ខ​​តាម​​ប្រព័ន្ធ​បច្ចេកទេស​ដ៏​​ទំនើប​បែប​នេះ​ តែង​តែ​​ផ្ដល់​​លទ្ធផល​​​ប្រកួត​​យ៉ាង​ល្អ​​ដល់​ សុវណ្ណឌឿន និង​ទទួល​ជ័យជម្នះ​ជា​រឿយៗ។

 

 

ស្ថិតិ​ប្រកួត

គិត​ត្រឹម​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៣ ​នេះ ដឿន ធ្លាប់​​ឡើង​លើ​​សង្វៀន​បាន​៥៥ ​ដង ដោយ​​ក្នុង​នោះ ចាញ់​៧ ស្មើ ៥ ដង និង​​ធ្លាប់​​​វាយ​​​ឲ្យ​​​គូ​ប្រកួត​​​​​សន្លប់​បាន​ចំនួន​២១ ដង។

 

ការ​ប្រកួត​តាម​ខេត្ត

ក្រៅ​ពី​ការ​ប្រកួត​ផ្លូវ​ការ ដឿន ធ្លាប់​បាន​ចេញ​​ទៅ​វាយ​តាម​​​ខេត្ត​​បាន​ចំនួន​​៥​លើក។ ក្នុង​នោះ​រូប​​គេ​ធ្លាប់​ទៅ​ប្រកួត​ជាមួយ​កីឡាករ​ថៃ នៅ​ស្រុក​ក្រឡាញ់​ខេត្ត​សៀមរាប​បាន​​២​ដង ​​ទៅ​វាយ​នៅ​ខេត្ត​កំពង់ចាម​​​២​ដង និង​កំពង់ធំ​១​​លើក​។​ ការ​ចេញ​​ទៅ​វាយ​​ឆ្លង​ខេត្ត​ក្រុង​នេះ​ ដឿន ទៅ​ជាមួយ​​រៀម​ច្បង​ក្នុង​ក្លិប ដូច​ជា បឺត ខាំ និង​​ ឡុង ​សុភី ជាដើម។

 

វាយ​​ដើម្បី​រៀន

ការ​ឡើង​វាយ​ម្ដងៗ​​តែង​តែ​ធ្វើ​ឲ្យ ដឿន ឈឺ​​សាច់​បែក​ឈាម​​ តែ​រូប​គេ​នៅ​តែ​ក្រាញ​ននៀល​​តស៊ូ​​មិន​​ចុះញ៉ម​បន្តិច​ណា​ទេ។ ការ​ប្ដូរ​​សាច់​ប្ដូរ​ឈាម​​ទាំង​​នេះ​គឺ​ជា​បង្អែក​ដ៏​រឹងមាំ​មួយ​សម្រាប់​​​​ទ្រទ្រង់​ការ​សិក្សា​របស់​ ដឿន។ តែ​​ទោះ​បី​​ជា​​​ប្រដាល់​អាច​ឲ្យ​​ខ្លួន​មាន​លុយកាក់​​គ្រាន់​​ចាយ​វាយ​​គ្រាន់​ដោះ​​ទ័ល​​ក៏​ដោយ​​ ​ ក៏​​​កីឡាករ​និស្សិត​រូប​នេះ​មិន​​ដែល​​​​ធ្វេស​ប្រហែស​នឹង​ការសិក្សា​​​​​របស់​​ខ្លួន​ម្ដង​ណា​ឡើយ។ ដឿន អាច​​លះ​បង់​​ប្រដាល់​ តែ​រូប​គេ​ពិត​ជា​មិន​​អាច​ចាក​​​ចេញ​ពី​​សៀវភៅ​ប៊ិច​បាន​ទេ ព្រោះ​ម្ដាយ​តែង​រំលឹក​ថា វិជ្ជា​ជា​ត្រើយ​​​ឆ្លង​ទៅ​ថ្ងៃ​អនាគត​​មុខ។ កីឡាករ​​រូប​នេះ​បាន​​​បង្ហើប​ថា ការ​ឡើង​វាយ​បច្ចុប្បន្ន​​គឺ​គ្រប់​គ្រាន់​​​ដើម្បី​​យក​​ប្រាក់​មក​​​ដោះ​ស្រាយ​ការ​​សិក្សា​ប៉ុណ្ណោះ។

 

 

ខ្សែ​ក្រវាត់​ទទួល

ឡុង សុវណ្ណឌឿន ទទួល​បាន​ខ្សែ​​ក្រវាត់​ប្រភេទ​ទម្ងន់​ ៦៧​ គីឡូ​ក្រាម ក្រោយ​ពី​ឈ្នះ​ កែវ រំចង់​ ដោយ​ពិន្ទុ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​​នៅ​ថ្ងៃ​ទី ០៤ វិច្ឆិកា​ ​២០១១​នៅ​​លើ​សង្វៀន​បាយ័ន។ ​​បន្ទាប់​ពី​ជ័យជម្នះ​នេះ សុវណ្ណឌឿន​ ទទួល​បាន​​ប្រាក់​រង្វាន់​ ២​លាន​​និង​​៦០​ម៉ឺន​រៀល អម​ដោយ​ខ្សែ​ក្រវាត់​មួយ។ ​លុះ​ដល់​ថ្ងៃ​ទី ២៥ វិច្ឆិកា ឆ្នាំ​ដដែល ឡុង សុវណ្ណឌឿន បាន​របូត​ខ្សែ​ក្រវាត់​ដោយ​ស្នា​ដៃ​ កែវ រំចង់ ​វិញ​ម្ដង ​ព្រម​ទាំង​​បន្សល់​ទុក​​​ស្នាម​បែក​លើ​ចិញ្ចើម​ទៀត​ផង។ តែ​ទោះ​ជា​យ៉ាង​​ណា​ សុវណ្ណឌឿន ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។

 

 

កីឡាករ ឡុង សុវណ្ណឌឿ(ឆ្វេង)និង កែវ រំចង់(ស្ដាំ)

 

គោល​បំណង

ទៅ​ថ្ងៃ​មុខ​​ ដឿន សង្ឃឹម​ថា​​​​ជំនាញ​នៅ​មហាវិទ្យាល័យ​​​​បច្ចុប្បន្ន​នេះ​នឹង​​ជួយ​ឲ្យ​រូប​គេ​​​​អាច​ចាត់​ចែង​ជំនួញ​ដ៏​សម​ល្មម​មួយ​នៅ​​ស្រុក​កំណើត។​ ​ភូមិ​របស់​ ដឿន ជា​​ច្រក​​ចេញ​ចូល​ទំនិញ​រវាង​កម្ពុជា-វៀតណាម ដែល​មនុស្ស​គ្រប់​គ្នា​ស្គាល់​​​ច្បាស់​ថា ជ្រៃធំ។ ដូច្នេះ​​ការ​រក​ស៊ី​​​នាំ​ទំនិញ​ចេញ​ចូល​ពិត​ជា​​បាន​​ទាក់ទាញ​ចិត្ត​ ដឿន​ តាំង​ពី​ដើម​​​ម៉្លេះ។ ដឿន អាច​នឹង​​ទៅ​ប្រកប​របរ​​​​​ដែល​ខ្លួន​គិត​ប៉ង​នៅ​ពេល​ណា​ដែល​រូប​គេ​រៀន​ចប់​និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរការ​ជំនួញ​​នោះ។ យ៉ាង​ណា​ក្ដី​ ដឿន មិន​បាន​បង្ហើប​ពី​​​ជំនួញ​​​ដែល​​ខ្លួន​​គិតទុក​​ឲ្យ​បាន​​ច្បាស់​លាស់​និង​ក្បោះក្បាយ​នោះ​ទេ​។

 

ងាក​មក​​ពិភព​កីឡា​ប្រដាល់​វិញ​ ដឿន បង្ហើប​ថា​គេ​អាច​នឹង​​ចាកចេញ​នៅ​​ពេល​មិន​កំណត់​ណា​មួយ។​ នេះ​ដោយសារ​​​រូប​គេ​គិត​ថា ប្រដាល់​មិន​អាច​ជួយ​ឲ្យ​​ខ្លួន​ថ្កុំថ្កើង​នៅ​ថ្ងៃ​មុខ​បាន​ឡើយ។ ម្យ៉ាង​ម្ដាយ​តែង​តែ​​សុំ​ឲ្យ​ ដឿន​ បោះបង់​ចោល​សង្វៀន​​ជា​​ច្រើន​ដង​មក​ហើយ​ ក្រែង​​មាន​គ្រោះ​ថ្នាក់​មើល​មិន​ឃើញ​​ ​ហើយ​​រូប​​គេ​​តែង​បដិសេធ​។ ​ដឿន​ មិន​ចង់​​បដិសេធ​សំណើរ​​​របស់​អ្នក​​ម្ដាយ​រហូត​នោះ​ទេ ពោល​គឺ​ថ្ងៃ​ណា​មួយ​​ ដឿន នឹង​លា​ឈប់​​តាម​ចិត្ត​​​របស់​គាត់៕

 

អត្ថបទ៖ ប៉ែន សុផាន់ណា

មតិយោបល់