- 2021-09-17 06:09:13
- ប្រដាល់
ព្រំ សំណាង ឈឿង ល្វៃ នរណាជាអ្នកឈ្នះនៅជំនួបលើកទី១នេះ...
- 2021-09-17 06:09:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រំ សំណាង ឈឿង ល្វៃ នរណាជាអ្នកឈ្នះនៅជំនួបលើកទី១នេះ...
ចន្លោះមិនឃើញ
អ្នកប្រដាល់ចាស់វស្សាតាំងពីជំនាន់ វ៉ន វីវ៉ា គឺ ព្រំ សំណាង នឹងត្រូវប៉ះគ្នាជាមួយកីឡាករស្រករក្រោយកំពុងឡើងថ្វីដៃ ឈឿង ល្វៃ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ២០២១ ។
បើតាមការផ្សព្វផ្សាយលើហ្វេសបុករបស់សង្វៀនបាយ័ន គឺកីឡាករចាស់វស្សា ព្រំ សំណាង ត្រូវឡើងសង្វៀនជាថ្មីទៀតហើយដោយត្រូវប៉ះសិស្សប្អូនជំនាន់ក្រោយ ឈឿង ល្វៃ លើប្រភេទទម្ងន់ ៧៥គីឡូក្រាម។ ការប្រកួតមួយនេះក៏ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងដែររវាងអ្នកទាំងពីរខាងលើនេះ ពោលម្នាក់ខានយូរ និងម្នាក់ទៀតសមត្ថភាពកំពុងឡើង។ បើនិយាយពីកាយសម្បទាវិញគឺល្អ និងប្រហាក់ប្រហែលគ្នាទៀតផងមិនថាកម្ពស់ និងសាច់ដុំនោះទេ។
ព្រំ សំណាង ហាក់មានប្រៀបបន្តិចលើបទពិសោធប្រកួត ព្រោះចូលប្រឡូកច្រើនឆ្នាំណាស់មកហើយ មានប្រវត្តិប៉ះដូចជា វ៉ន វីវ៉ា ទៀតផង។ ចំណែក ឈឿង ល្វៃ បើទោះជាថ្មីមែន ប៉ុន្តែសមត្ថភាពកើនឡើងជាលំដាប់ជាពិសេសកម្លាំងល្អ និងធ្លាប់ស្មើពិន្ទុជាមួយ ឡៅ ចន្ទ្រា ផងថ្មីៗនេះ។
ឈឿង ល្វៃ ក៏បានបង្ហាញចំណាប់របស់ខ្លួនលើផេកគុនខ្មែរមួយចំនួនដែរថា រូបគេជ្រើសរើសការប្រកួតជាមួយ ព្រំ សំណាង លើកនេះគឺចង់ជួយឲ្យរៀមច្បងបានឡើងប្រកួតទទួលបានប្រាក់ចំណូលទៅផ្គត់ផ្គង់គ្រួសារ។ មួយវិញទៀតចង់ប៉ះជើងខ្លាំងមានបទពិសោធច្រើនបែបនេះដើម្បីទទួលនូវអ្វីដែលថ្មីបន្ថែម និងតិចនិកផ្សេងៗក្នុងការអភិវឌ្ឍន៍ខ្លួន។
បញ្ជាក់ដែរថា ព្រំ សំណាង គឺទើបបានប្រកួតមួយប្រកួតនោះទេតាំងតែពីរូបគេចេញពីក្លឹបឆត្រយោង ៩១១ និងបានបញ្ចប់ភាពចម្រូងចម្រាសជាមួយក្លឹបចាស់មក។ តាមពិតរូបគេត្រូវឡើងប្រកួតខ្លះៗហើយ ប៉ុន្តែដោយសារភាពចៃដន្យមួយចំនួន និងការខ្វះកីឡាករផងទើបមិនសូវបានប្រកួត។ នៅថ្ងៃសៅរ៍ ស្អែកនេះ សំណាង ប៉ះ ឈឿង ល្វៃ ចាប់ពីម៉ោង៨ព្រឹកតទៅលើសង្វៀនបាយ័ន៕