• 2021-09-14 06:21:19
  • ប្រដាល់

១សន្លឹក​នេះ​​ ហង្ស​ រ៉ាមន​ នឹក​ឃើញ​រឿង​កម្សត់​កាល​ដើរ​រើស​អេតចាយ​ លាងចាន​គុយទាវ​

  • 2021-09-14 06:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ប្រដាល់​សកល​ ហង្ស​ រ៉ាមន​ រំលឹក​អនុស្សាវរីយ៍​រូប​មួយ​សន្លឹក​ដែល​ខ្លួន​ឈ្នះ​មេដាយ​មាស​ ជើងឯក​ថ្នាក់​ជាតិ​អំឡុង​ ឆ្នាំ​២០០៨-២០០៩​ ដែល​កាល​នោះ​តស៊ូ ​ខ្លាំង​ហាត់​ផង​ដើរ​រើស​អេតចាយ​ផង​ ឆ្លៀត​លាង​ចាន​គុយទាវ​គេ​ទៀត។​

ហង្ស​ រ៉ាមន​ ពេលឈ្នះមេដាយមាស

រ៉ាមន​ បាន​ឲ្យ​ដឹង​ថា​ រូប​បំពាក់​មេដាយ​១សន្លឹក​កាល​ឆ្នាំ​២០០៨-២០០៩​ នោះ​គឺ​មាន​អនុស្សាវរីយ៍​ច្រើន​មែន​ ដែល​ជាអំឡុង​ពេល​ជីវភាព​ក្រ​លំបាក​ខ្លាំង​តែ​ម្ដង។​ ឆ្លៀត​ពី​ការ​ដើរ​តាម​រទេះ​ជា​មួយ​ម្ដាយ​រើស​អេតចាយ​ លាង​ចាន​គុយទាវ​គេ​ហើយ​នោះ​គឺ​ខ្លួន​ទៅ​ហាត់​ប្រដាល់​ទៀត​ផង។​

ហង្ស​ រ៉ាមន​ ជាមួយកូនសិស្ស

អតីត​អ្នក​ប្រដាល់​សកល​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​រូប​ខាង​លើ​នេះ​គឺ​ជា​មេដាយ​ដំបូង​ក្នុង​ការ​ចាប់​ផ្ដើម​អាជីព​ប្រដាល់​សកល​ និង​ការ​ជាប់​ជម្រើស​ជាតិ​កម្ពុជា។​ ជា​មេដាយ​ដែល​ខ្លួន​សប្បាយ​ចិត្ត​បំផុត​ អម​ដោយ​ប្រាក់​រង្វាន់​ ៣០​ម៉ឺន​រៀល​ដែល​ជួយ​បាន​ច្រើន​ក្នុង​ការ​ដោះស្រាយ​ជីវភាព​គ្រួសារ​អំឡុង​ឆ្នាំ​នោះ។​ អ្វី​ដែល​អស្ចារ្យ​ថែម​ទៀត​នោះ​ការ​ឈ្នះ​មេដាយ​នេះ​ក្នុង​វ័យ​មិន​ទាន់​ដល់​ ២០​ឆ្នាំ​ផង​ ខណៈ​អ្នក​ប្រដាល់​ល្បីឈ្មោះ​អំឡុង​ពេល​នោះ​ វ៉ែន​ ឌីយ៉ាម៉ង់​ បាន​ត្រឹម​លេខ៣​ ប៉ុណ្ណោះ។​

ហង្ស​ រ៉ាមន​​ ពេលប្រកួត​នៅស៊ីហ្គេម

រំលឹក​ដែរ​ថា​ ហង្ស រ៉ាមន​ ជា​អតីត​អ្នក​ប្រដាល់​សកល​ជម្រើស​ជាតិ​ និង​ធ្លាប់​វ៉ៃ​គុន​ខ្មែរ​ផង​ដែរ។​ កីឡាករ​រូប​នេះ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ និង​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​ ២០១៧​ ផង​ដែរ។​ រ៉ាមន​ ធ្លាប់​បាន​ហ្វឹកហាត់​ប្រដាល់​សកល​នៅ​ឯ​ប្រទេស​ហ្វីលីពីន​ និង​ជា​អតីត​កូន​សិស្ស​លោក​ Paddy ​លោក​ ឈិត​ សារឹម​ ហើយ​ប្រឡូក​ការ​ប្រកួត​ប្រហែល​១៨​ឆ្នាំ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់