- 2021-08-31 09:01:00
- ប្រដាល់
ចាន់ រតនា កំពុងតាមដានក្បាច់វាយរបស់ Eko ព្រោះអាចជួបគ្នាឆាប់ៗ
- 2021-08-31 09:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ រតនា កំពុងតាមដានក្បាច់វាយរបស់ Eko ព្រោះអាចជួបគ្នាឆាប់ៗ
ចន្លោះមិនឃើញ
អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា នៅតែកំពុងតាមដានកីឡាករឥណ្ឌូណេស៊ី Eko Roni Saputra ដែលបានប្រកាសចង់ជួបរូបគេ និងសងសឹកឲ្យមិត្តរួមជាតិពីរនាក់ដែលធ្លាប់សន្លប់ក្រោមផ្លែកណ្តាប់ដៃអ្នកលេងគុនចម្រុះកម្ពុជា។
អ្នកគាំទ្របានដឹងស្រាប់ហើយថា កាលពីប៉ុន្មានខែមុន តារាប្រដាល់ឥណ្ឌូណេស៊ី Eko Roni បានប្រកាសជួបកីឡាករ ចាន់ រតនា ដើម្បីបញ្ជាក់ឲ្យច្បាស់ពីសមត្ថភាពរបស់ខ្លួន និងសងកីឡាករឥណ្ឌូណេស៊ីពីរនាក់គឺ Agustian និង Abrou Fernandes ដែលបានចាញ់ ចាន់ រតនា ទឹកទី២ដូចគ្នា។
យ៉ាងណា ដោយសារបញ្ហាកូវីដ-១៩មិនទាន់ស្ងប់ស្ងាត់ ការផ្គូផ្គងត្រូវបានរៀបចំឲ្យកីឡាករឥណ្ឌូណេស៊ីរូបនេះជួបកីឡាករចិន Liu Peng Shuai កាលពីដើមខែសីហាកន្លងទៅនេះ។ ជំនួបនេះ កីឡាករឥណ្ឌូណេស៊ីបានប្រើពេលតែ១០វិនាទីក្នុងទឹកទី១ដើម្បីកីឡាករចិននេះឲ្យសន្លប់ក្នុងទឹកទី១ដោយកណ្តាប់ដៃតែមួយដៃគត់។
ជុំវិញការប្រកួតនេះ ចាន់ រតនា បាននិយាយថា ៖«ប្រកួតនេះ វាលឿនពេក។ ដៃគូចិននោះ គាត់ប្រហែសបន្តិច ចូលដៃរបស់ Eko Roni មួយដៃសន្លប់ឈឹង។ ដល់អីចឹងទៅ ពិបាកតាមដានមើលតិចនិកគាត់ឲ្យបានច្បាស់លាស់។ តែមិនបញ្ហាទេ ខ្ញុំគិតថា ខ្ញុំអាចតាមដានមើលតិចនិកគាត់វីដេអូផ្សេងៗទៀត។ ជាពិសេសវីដេអូដែលគាត់វ៉ៃមុនពេលគាត់វ៉ៃជាមួយដៃគូចិន»។
សម្រាប់ការតាមដាននេះគឺអ្នកលេងគុនខ្មែរ ចាន់ រតនា ស្វែងយល់ពីចំណុចខ្លាំង និងខ្សោយរបស់ Roni ដើម្បីត្រៀមខ្លួនឲ្យបានល្អឥតខ្ចោះសម្រាប់ជំនួបដែលអាចនឹងកើតមានរវាងអ្នកទាំងពីរនាពេលខាងមុខ។
ចាន់ រតនា បានប្រាប់ថា ចាប់តាំងពី Roni បានប្រកាសចង់ជួប និងសងសឹកឲ្យមិត្តរួមជាតិមក រូបគេបានហ្វឹកហាត់ជារៀងរហូត ជាពិសេសផ្តោតលើកម្លាំងស៊ុហ្វ និងក្បាច់ក្រោមដែលរូបគេជឿជាក់ថា កីឡាករឥណ្ឌូណេស៊ីរូបនេះល្អជំនាញក្រោម។
រហូតដល់ពេលនេះ ការផ្គូផ្គងរវាងជើងខ្លាំងកម្ពុជា និងអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ីមិនទាន់ត្រូវបានប្រកាសឡើយ ប៉ុន្តែ រតនា នៅតែផ្តោតលើការហ្វឹកហាត់ជានិច្ចដើម្បីធ្វើយ៉ាងណាឲ្យអ្វីៗល្អប្រសើរមុនពេលការប្រកួតត្រូវបានប្រកាសឡើង៕