• 2021-08-24 07:59:45
  • ប្រដាល់

កក្រើក! មួយ​រាត្រី ONE ប្រកាស​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​៣​គូ

  • 2021-08-24 07:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​នឹង​ទទួល​បាន​ចំណី​ចក្ខុ​ពិសេស​អស្ចារ្យ​​​នៅ​ពេល​ស្ថាប័ន​ប្រដាល់​ពិភព​លោក ONE ប្រកាស​ជា​ផ្លូវ​ការ​នូវ​ព្រឹត្តិការណ៍​ប្រកួត​មួយ​រាត្រី​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ដល់​ទៅ​៣​គូ។

គូ​ដណ្តើម​ខ្សែ​ក្រវាត់​ទី​១

ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់ ONE: REVOLUTION នឹង​ក្លាយ​ជា​រាត្រី​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា ដ៏​អស្ចារ្យ​នៅ​ពេល​ជើង​ខ្លាំង​វ័យ​ក្មេង​ និង​ជា​ប្រុស​ស្អាត Christian Lee ដាក់​​​ខ្សែ​ក្រវាត់​ពិភព​លោក ONE Lightweight ​របស់​ខ្លួន​ឲ្យ​ជើង​ខ្លាំង​ទើប​លេច​មុខ​ថ្មី​មក​ពី​កូរ៉េ​ខាង​ត្បូង Ok Rae Yoon ឡើង​វ៉ៃ​ដណ្តើម។

ចាប់​តាំង​ពី​ដណ្តើម​ខ្សែ​ក្រវាត់​បាន​ពី​ខ្លា​កំណាច​កំពូល​ឃ្លេ​ជប៉ុន Shinya Aoki កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៩​មក បុរស​សង្ហា​វ័យ​ក្មេង  Lee បាន​សាង​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​។ លើក​ទី​១ រូប​គេ​បាន​​ឈ្នះ​ពិន្ទុ​ Saygid Guseyn Arslanaieve ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់ ONE Lightweight World Grand Prix មួយ​គ្រឿង​ទៀត​។

លើក​ទី​២ និង​លើក​ទី​៣​គឺ​ជា​ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក Lee បាន​ផ្តួល​​អ្នក​ឡើង​ដណ្តើម​ Iuri Lapicus និង Timofey Nastyukhin ក្នុង​ទឹក​ទី​១​ដូច​គ្នា​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​បាន​ជោគជ័យ។

នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា​ខាង​មុខ​នេះ Christian Lee ប្តេជ្ញា​ស្វែង​រក​ជ័យជម្នះ​លើក​ទី​៤​នៅ​ពេល​ជួប​ជើង​​​ខ្លាំង​កូរ៉េ Ok ​ដែល​ទើប​ប្រកួត​នៅ ONE បាន​ពីរ​ដង។ លើក​ទី​១ រូប​គេ​បាន​យក​ឈ្នះ​ Marat Gafurov និង​លើក​ទី​២​ឈ្នះ​​​ជើង​​ឯក​​ពិភព​​លោក​​៤​​សម័យ​កាល Eddie Alvarez ដើម្បី​ទទួល​បាន​ឱកាស​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​តែ​ម្តង។

គូ​ដណ្តើម​ខ្សែ​ក្រវាត់​ទី​២

ជា​មួយ​គ្នា​នេះ ​អ្នក​ក្បាច់​គុន​មួយ​ថៃ​ភ្នែក​តឹង Capitan Petchyindee ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Bantamweight ​របស់ខ្លួន​លើក​ឡើង​ដំបូង បន្ទាប់ពីឈ្នះ​ខ្សែ​ក្រវាត់​នេះ​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​២០២១​នេះ។

ការ​ឡើង​ការពារ​ខ្សែក្រវាត់​នេះ បុរស​មុខ​តឹង​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​​បារាំង-អាហ្សេរី Mehdi Zatout ។ កីឡាករ​ថៃ​ម្នាក់​នេះ​ទើប​តែ​ប្រកួត​នៅ​សង្វៀន ONE បាន​ពីរ​ដង​ប៉ុណ្ណោះ។ លើក​ទី​១ រូប​គេ​​បាន​ផ្តួល​ Petchtanong ដ៏​ភ្ញាក់​ផ្អើល​កាល​ពី​ឆ្នាំ​​២០២០ និង​លើក​ទី២​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​បាន​ជោគជ័យ បន្តាប់​ពី​ផ្តួល​ម្ចាស់​ខ្សែ​ក្រវាត់ Alaverdi Ramazanov ក្នុង​ទឹកទី​២។

សម្រាប់ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់​នេះ សិស្ស​របស់​ក្លឹប Petchyindee Academy ប៉ះ​ជើង​ខ្លាំង​​ Zatout ដែល​ជា​គ្រូ​បង្វឹក​របស់ Ramazanov។ ដៃ​គូ​ម្នាក់​នេះ​ក៏​មិន​ធម្មតា​ដែរ​គឺ​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​មុន​ពេល​ចេញ​មុខ​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ដែល​កូន​សិស្ស​របស់​ខ្លួន​ធ្លាប់​គ្រង។

គូ​ដណ្តើម​ខ្សែ​ក្រវាត់​ទី៣

ចំណែក​ជើង​ខ្លាំង​ហ្វីលីពីន Joshua Pacio ត្រូវ​វិល​មក​កាន់​សង្វៀន​វិញ​ជា​មួយ​នឹង​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Strawweight ​របស់​ខ្លួន​​ដើម្បី​ត​ទល់​ជា​មួយ​​សត្រូវ​ចាស់​មក​ពី​ជប៉ុន Yosuke Saruta។

ខ្លាកំណាចហ្វីលីពីន Pacio ទទួលបានបំណងប្រាថ្នាចូលប្រកួត​​ក្នុង​​ព្រឹត្តិការណ៍ ONE: REVOLUTION នេះ​ហើយ។ កីឡាករ​រូប​នេះ​ចង់​បញ្ចប់​ដៃ​គូ​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​ដូច​ជា Saruta ហើយ​ជា​ជំនួប​លើក​ទី​៣​របស់​អ្នក​ទាំង​ពីរ។ នៅ​ពេល​អ្នក​ទាំងពីរ​ជួប​គ្នា​​លើក​ដំបូង​កាល​ពី​ខែ​មករា ឆ្នាំ​២០១៩ ពេល​នោះ​ជើង​ខ្លាំង​ជប៉ុន​ជា​អ្នក​ឈ្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ និង​ទទួល​បាន​ខ្សែ​ក្រវាត់ ONE Strawweight។

យ៉ាង​ណា រយៈ​ពេល​៣​ខែ​ក្រោយ​មក អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​លើក​ទី​២ ហើយ Pacio​​​ បាន​ផ្តួល​ “The Ninja”តាម​រយៈការ​ទាត់​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ដើម្បីដណ្តើមខ្សែក្រវាត់បានមកវិញ​។

តាំង​ពី​ពេល​នោះ​មក ជើង​ខ្លាំង​ជប៉ុន​នៅ​មិន​សុខ​ទេ​គឺ​ចិញ្ចឹម​ចិត្ត​ចង់​ជួប​សា​ជា​ថ្មី ហើយ​រាត្រី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​គឺ​ផ្តល់​ឲ្យ​ពួក​គេ​ជួប​គ្នា​ជា​លើក​ទី​៣។ រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា តើ​​ខ្សែ​ក្រវាត់​បន្ត​នៅ​លើ​ម្ចាស់ ឬ​​ធ្លាក់​ទៅ​អ្នក​ថ្មី៕

ដោយ៖ ស៊ីធី

មតិយោបល់