• 2021-08-17 07:30:25
  • ប្រដាល់

ប៉ុន្មាន​ខែ​​ឆ្នាំ២០២១នេះ​ សុខ ធី បាត់​ឱកាស​វាយខ្សែ​ក្រវាត់​នៅ​ថៃ និង​​វាយ​នៅ ONE

  • 2021-08-17 07:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​បាន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស ជា​ពិសេស​វីរុស​បំប្លែង​ខ្លួន Delta វាយ​លុក​ស្ទើ​រពេញ​ផ្ទៃ​ប្រទេស​ហើយ ដូច្នេះ​គ្រប់​សកម្មភាព​នានា​ អាជីវកម្ម និង​កម្មវិធី​នានា​ត្រូវ​បាន​ផ្អាក​ដំណើរ​រយៈ​ពេល​ជីត​មួយ​ឆ្នាំ​ហើយ។

ក្នុង​នោះ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​សប្តាហ៍​ក៏​ផ្អាក​ជា​យូរ​មក​ហើយ​ដែល​ខុស​ពី​កម្ពុជា​ដែល​រៀប​ចំ​ការ​ប្រកួត​រាល់​សប្តាហ៍​ដោយ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់។ ​ដូច្នេះ​អ្នក​ប្រដាល់​នៅ​ស្រុក​ថៃ​​អត់​បាន​ឡើង​ប្រកួត​ជា​ច្រើន​ខែ​មក​ហើយ រាប់​ទាំង​អ្នក​លេង​គុន​ខ្មែរ សុខ ធី ដែល​ស្ថិត​នៅ​ប្រទេស​ថៃ​ផង។

យ៉ាង​ណា ការ​ខក​ខាត​ឡើង​សង្វៀន​យូរ​ក៏​បាន​ធ្វើ​ឲ្យ​​អ្នក​លេង​គុន​ខ្មែរ​ សុខ ធី​ នឹក​សង្វៀន​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​រូប​គេ​​អត់​បាន​ឡើង​សង្វៀន​ជា​ច្រើន​ខែ​ទាំង​ការ​ប្រកួត​នៅ​សង្វៀន​នានា​ក្នុង​ប្រទេស​ថៃ និង​ស្ថាប័ន​ពិភព​លោក ONE Championship។

ជើង​ខ្លាំង​ខេត្ត​បន្ទាយមានជ័យ​ដែល​មាន​ប្រពន្ធ​ជា​នារី​ថៃ​​បាន​ឡើង​ប្រកួត​ចុង​ក្រោយ​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២០ ​ដែល​ពេល​នោះ​បាន​ផ្តួល​កីឡាករ​ចិន Huang Ding ក្នុង​ទឹក​ទី១​នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: A New Breed ក្នុង​ទី​ក្រុង​បាំង​កក ប្រទេស​ថៃនៅ​សង្វៀន ONE។ ជ័យជម្នះ​នោះ​បាន​ក្លាយ​ជា​កំណត់​ត្រា​ឈ្នះ​ការ​ប្រកួត​លើក​ដំបូង​សម្រាប់​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ បន្ទាប់​ពី​ចាញ់​៤​ប្រកួត​ជាប់​គ្នា​គឺ​ចាញ់ Lerdsila ២​ពី​ដង ចាញ់ Rodtang និង​ចាញ់ Mongkolpetch។

សុខ ធី បានឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ​រូប​គេ​ចង់​ឡើង​ប្រកួត​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​ទៅ​រួច។ «ខ្ញុំ​ចង់​ឡើង​ប្រកួត​​ ពី​ព្រោះ​អត់​បាន​ឡើង​សង្វៀន​យូរ​ហើយ ដោយ​សារ​នៅ​​​ថៃ​មាន​បញ្ហា​កូវីដ-១៩​ខ្លាំង អីចឹង​កម្មវិធី​ប្រកួត​បិទ​អស់»។

សុខ ធី ​បាន​ឲ្យ​ដឹង​ថា តាម​ពិត​ជា​កាល​ពី​ដើម​​ឆ្នាំ​២០២១​នេះ ខាង​កម្មវិធី​ប្រដាល់​នៅ​ប្រទេស​ថៃ​ក៏​បាន​ទាក់​ទងឲ្យ​ប្រកួត​ដែរ ប៉ុន្តែ​ដោយ​សារ​កូវីដ-១៩​ក៏​ត្រូវ​បាន​ផ្អាក​វិញ។

«គេ​ទាក់​ទង​ខ្ញុំ​ឲ្យ​ប្រកួត​ដែរ​នៅ​ថៃ កាល​ដើម​ឆ្នាំ​នេះ។ គេ​ចង់​ឲ្យ​ខ្ញុំ​ប្រកួត​ខ្សែ​ក្រវាត់ តែ​​ផ្អាក​វិញ ព្រោះ​កូវីដខ្លាង។ នៅ​នេះ​ អត់​មាន​ប្រកួត​ទេ។ បិទ​អស់​​ហើយ​ដោយសារ​កូវីដ»។ សុខ ធី​ បាន​ឲ្យ​ដឹង។

កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ ​​ស្ថាប័ន​ធំ​លំដាប់​ពិភព​លោក ONE Championship ក៏​ទាក់​ទង សុខ ធី ឲ្យ​​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​ដែរ ប៉ុន្តែ​អត់​បាន​ចេញ​ទៅ​ប្រកួត​ទៀត។

សុខ ធី​ បញ្ជាក់​ថា ៖«ខាង ONE ទាក់​ទង​ឲ្យ​ទៅ​ប្រកួត​នៅ​សិង្ហបុរី​ដែរ តែ​អត់​បាន​ទៅ ព្រោះ​ពេល​នោះ ប្រពន្ធ​ខ្ញុំ​ជិត​គ្រប់​ខែ​សម្រាល​កូន។ ខ្ញុំ​អត់​​​អាច​ទៅ​ណា​ចោល​បាន។ ម្យ៉ាង​ទៀត ក៏​មាន​បញ្ហា​កូវីដផង អីចឹង​អត់​បាន​ប្រកួត​ទៀត»។

សព្វ​ថ្ងៃ​នេះ​ សុខ ធី ​កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ​ជា​កន្លែង​ដែល​រូប​គេ​កំពុង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ដែល​ជា​ជន​ជាតិ​ថៃ និង​សម្រាក​បាន​កូន​ប្រុស​ម្នាក់​ហើយ៕

ដោយ៖ ស៊ីធី

មតិយោបល់
អត្ថបទថ្មី