• 2021-06-23 09:07:08
  • ប្រដាល់

ត្រកូល «អេ»​ ឡើង​ខ្លាំង​ណាស់​បច្ចុប្បន្ន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​លុយ​ម៉ឺន​ដុល្លារ​ទាំង​២នាក់​

  • 2021-06-23 09:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល​ «អេ»​ ឬ​យើង​ស្គាល់​ថា​ជា​កូន​ប្រុស​លោក​ អេ​ ភូថង​ បច្ចុប្បន្ន​សមត្ថភាព​ និង​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​មែនទែន​ ខណៈ​ពួកគេ​ទាំង​២នាក់​ ម៉ឺន​ មេឃា​ អេ ​អាំម៉ារីនភូថង​ សុទ្ធតែ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​លុយ​រង្វាន់ខ្ទង់​ម៉ឺន​ដុល្លារ។​

មេឃា និង​ អាំម៉ារីនភូថង(រូបភាពហ្វេសបុក មេឃា)

ដូច​ទៅ​និង​អ្នក​គាំទ្រ​បាន​ឃើញ​ផ្ទាល់​ហើយ​ថា​កីឡាករ​ ម៉ឺន​ មេឃា​ និង​ អេ ​អាំម៉ារីនភូថង​ គឺ​ឈ្នះ​ផ្ទួនៗ​ និង​កម្រ​ចាញ់​ការ​ប្រកួត​នានា​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ។​ ដែល​អស្ចារ្យ​ទៀត​នោះ​គឺ​ការ​ផ្ដួល​ដៃគូ​ដើម្បី​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​រៀងៗ​ខ្លួន​កន្លង​ទៅ​ថ្មីៗ​នេះ។​

ម៉ឺន​ មេឃា​ បាន​ផ្ដួល​ ឈិត​ សេរីវណ្ណថង​ ឲ្យ​សន្លប់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ និង​បន្ត​វ៉ៃ​ឲ្យ​ តាញ់​ មករា​ សន្លប់​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦០​គីឡូក្រាម​សប្ដាហ៍​នេះនៅ​ CNC។​

មេឃា (រូបភាពហ្វេសបុក មេឃា)

ចំណែក​ អេ​ អាំម៉ារីនភូថង​ វិញ​ក៏​មិន​ធម្មតា​ដែរ​២ប្រកួត​ចុង​ក្រោយ​នេះ​ផ្ដួល​ ភួង​ ពិសិដ្ឋ​ ឲ្យ​សន្លប់​ និង​ឈ្នះ​ លាភ​ រដ្ឋា​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ King Fighter​ របស់​ទូរទស្សន៍​ហង្សមាស​ ថែម​ទៀត​ផង។​

ថ្ងៃ​សៅរ៍​ ទី២៦​ ខែ​មិថុនា​ ២០២១​ នេះ​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​រវាង​ ម៉ឺន​ មេឃា​ និង​ ឈិត​ សេរីវណ្ណថង​ ដណ្ដើម​ខ្សែក្រវាត់​គោជល់​ទម្ងន់​៦០​គីឡូក្រាម​នៅ​សង្វៀន​ CNC។​ ចំពោះ​ប្រាក់​រង្វាន់​អ្នក​ឈ្នះ​បាន​ ២០​លាន​រៀល​ និង​មាន​ឱកាស​ទៅ​ជួប​ ឃីម​ បូរ៉ា​ ដណ្ដើម​ខ្សែក្រវាត់​១គ្រឿង​ទៀត​ អម​ដោយ​ទឹក​ប្រាក់​ ២០​លាន​រៀល​បន្ថែម​ទៀត។​

អាំម៉ារីនភូថង ឈ្នះ លាភ រដ្ឋា ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ

ថ្ងៃសៅរ៍​ ទី៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ ខែ​ក្រោយ​នេះ​ជា​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​រវាង​ អេ​ អាំម៉ារីនភូថង​ និង​ ម៉ន​ សាម៉េត​ ដណ្ដើម​ពាន​រង្វាន់​ King Fighter​ អម​ដោយ​ទឹក​ប្រាក់​៤០​លាន​រៀល​(១ម៉ឺន​ដុល្លារ)​ នៅ​ទូរទស្សន៍​ហង្សមាស។​ រង់ចាំ​មើល​តើ​កូន​លោក​ អេ ​ភូថង​ ទាំង​២អាច​ក្រសោប​លុយ​ក៏​ដូច​ជា​ឈ្នះ​វគ្គ​សំខាន់​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម